ព័ត៌មានជាតិ
សម្តេចក្រឡាហោម ស ខេង ពន្យល់ពីកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបកស្រាយនូវចម្ងល់របស់ប្រជាពលរដ្ឋអំពីពាក្យថា តើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការមានន័យដូចម្តេច?

ការបកស្រាយរបស់សម្តេចក្រឡាហោម ស ខេង បានធ្វើឡើងតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នាព្រឹកថ្ងៃទី០២ ខែតុលា នេះ និងបន្ទាប់ពីបានសន្យាថា នឹងបន្តពិភាក្សាជាមួយបងប្អូនជនរួមជាតិ អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ផ្នែកអភិបាលកិច្ច ពាក់ព័ន្ធយ៉ាងជិតដិតបំផុត ទៅនឹងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។
បើតាមសម្តេចក្រឡាហោម ស ខេង ពាក្យថា “ វិមជ្ឈការ ” ត្រូវបានគេឱ្យនិយមន័យជាទូទៅថា គឺជាការផ្ទេរសិទ្ធិ អំណាច មុខងារ និងធនធានពីរដ្ឋបាលថ្នាក់កណ្ដាលទៅឱ្យរដ្ឋបាលថ្នាក់មូលដ្ឋាន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ក្នុងបែបផែននេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានក្រុមប្រឹក្សាជាប់ឆ្នោតជាតំណាង ត្រូវមាន គណនេយ្យភាពចំពោះប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងការអនុវត្តនូវសិទ្ធិអំណាច មុខងារ និងធនធានទាំងនោះ។
ដោយឡែកពាក្យថា “ វិសហមជ្ឈការ “ សំដៅដល់កិច្ចដំណើរការដែលរដ្ឋបាលថ្នាក់កណ្ដាលផ្ទេរ មុខងារ និងធនធានទៅឱ្យអង្គភាពក្រោមបង្គាប់ ឬទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិប្រភេទណាមួយក្នុងបែបផែន ជាការធ្វើប្រតិភូកម្មនូវសិទ្ធិអំណាច ឬក្នុងបែបផែនជាកិច្ចសន្យា ដើម្បីអនុវត្តមុខងារ និងធនធាន ទាំងនោះក្នុងនាមក្រសួង ស្ថាប័ន ដែលនៅតែមានតួនាទីទទួលខុសត្រូវលើការអនុវត្តមុខងារ និងធនធានទាំងនោះ។
ក្នុងន័យនេះ អង្គភាព ឬរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពចំពោះក្រសួង ស្ថាប័ន លើការងារ ដែលបានប្រតិភូកម្មឱ្យ។
ជារួម វិមជ្ឈការ កំពុងក្លាយជាមាគ៌ាដ៏ពេញនិយម នៃការអនុវត្តគោលនយោបាយសាធារណៈ នៅតាមបណ្តាប្រទេសភាគច្រើននៅលើសកលលោក ទាំងក្នុងក្របខ័ណ្ឌជារដ្ឋសហព័ន្ធ និងរដ្ឋទោលផងដែរ។
ទោះបីយ៉ាងនេះក្តី វាពុំមែនជាប្រព័ន្ធដ៏ល្អឥតខ្ចោះ ដែលគ្មានគុណវិបត្តិនោះឡើយ ក្នុងករណីដែលប្រព័ន្ធនេះត្រូវបានអនុវត្តដោយមិនផ្អែកជាសំខាន់ទៅលើបរិបទជាក់ស្តែងនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសជាតិនីមួយៗ។
សម្រាប់កម្ពុជា កិច្ចដំណើរការផ្ទេរសិទ្ធិអំណាច មុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោម ត្រូវបានចាប់ផ្តើម និងបន្តអនុវត្តស្របពេលជាមួយគ្នាទាំងក្នុងបែបផែនវិមជ្ឈការ និងវិសហមជ្ឈការក្នុង គោលបំណងធានាទាំងនិរន្តភាព និងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ក្នុងការអនុវត្តកំណែទម្រង់ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមបែបផែនទាំងពីរនេះក្នុងរយៈពេលកន្លងមក យើងបានសម្រេចនូវសមិទ្ធផលជាច្រើនពាក់ព័ន្ធ ទៅនឹងការបង្កើតនូវរចនាសម្ព័ន្ធប្រព័ន្ធ និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្អែកតាមគោលការណ៏ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងការផ្ទេរមុខងារ និងធនធានពាក់ព័ន្ធ នានាជាច្រើនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
ទោះបីយ៉ាងនេះក្តី យើងក៏នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវបន្តដោះស្រាយទៅមុខទៀតស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការបន្តកិច្ចដំណើរការកំណែទម្រង់ដ៏មានសារៈសំខាន់នេះឱ្យបានស៊ីជម្រៅបន្ថែមទៀត។
សម្តេចក្រឡាហោម ស ខេង អះអាងថា សម្តេចរីករាយនឹងទទួលយកនូវការផ្តល់មតិយោបល់នានា ព្រមទាំងបន្តផ្តល់ពត៌មានពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនបងប្អូនជនរួមជាតិជាបន្តបន្ទាប់ទៀត ដើម្បីបន្តរួមគា្នសម្រេចឱ្យបាននូវគោលបំណង និងគោលដៅចុងក្រោយនៃកំណែទម្រង់នេះ៕
អត្ថបទៈ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
នយោបាយ១៨ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ