ព័ត៌មានជាតិ
អ្នកនាំពាក្យ គ.ជ.ប ៖ ពលរដ្ឋកាន់តែច្រើន បានទៅចុះឈ្មោះបោះឆ្នោត ហើយជាមធ្យមមួយថ្ងៃ ចុះបាន ១ម៉ឺននាក់
មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតប្រចាំថ្ងៃ ក្នុងរយៈពេល ២១ថ្ងៃកន្លងមកនេះ មានសន្ទុះច្រើនគួរឲ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃជាមធ្យម មានចំនួន ១ម៉ឺននាក់ ហើយការចុះឈ្មោះគ្រប់តាមផែនការ ឬក៏អត់ អាស្រ័យលើការចូលរួម របស់ប្រជាពលរដ្ឋប៉ុណ្ណោះ។
តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១ រយៈពេល ២១ថ្ងៃកន្លងមកនេះ មានប្រជាពលរដ្ឋបានទៅចុះឈ្មោះចំនួន ២៤២,៩០៦នាក់ហើយ។ ក្នុងឆ្នាំ ២០២១នេះ គ.ជ.ប គ្រោងចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១,៦៣៥,៩៩០នាក់ សម្រាប់ការបោះឆ្នោតនៅឆ្នាំ ២០២២ ខាងមុខ។
លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកានេះថា តួលេខដែល គ.ជ.ប បានបង្ហាញអំពីការប៉ាន់ស្មាន ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីនោះ គឺជាតួលេខប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ប៉ុន្តែប្រជាពលរដ្ឋក្នុងតួលេខនេះ កំពុងស្ថិតក្នុងប្រទេសខ្លះ និងក្រៅប្រទេសខ្លះ ហើយដើម្បីសម្រួលនូវការចុះឈ្មោះនេះ គឺ គ.ជ.ប បានដាក់ពេលវេលាចុះឈ្មោះបោះឆ្នោត រហូតដល់ ៥០ថ្ងៃឯណោះ។
អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងបន្តថា ជាមធ្យមក្នុងមួយថ្ងៃ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី ចំនួន ១ម៉ឺននាក់ ហើយសន្ទុះកំពុងតែមានការកើនឡើងបន្ថែមទៀត ដោយសារតែការិយាល័យចុះឈ្មោះបោះឆ្នោត បានចល័តទៅកាន់ទីប្រជុំជន ដែលមានប្រជាពលរដ្ឋរស់នៅច្រើន។
នៅពេលសួរថា តើការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២១នេះ អាចគ្រប់តាមការប៉ាន់ស្មានរបស់ គ.ជ.ប ដែរឬទេ? លោកបណ្ឌិត ហង្ស ពុទ្ធា បានបញ្ជាក់ថា «ការវាយតម្លៃបែបណា គ្រប់ផែនការ ឬក៏មិនគ្រប់នោះ គឺអាស្រ័យទៅលើការចូលរួម របស់ប្រជាពលរដ្ឋ ហើយក៏មិនមែនជាថ្ងៃចុងក្រោយ នៃកាលបរិច្ឆេទនៃការចុះឈ្មោះបោះឆ្នោតដែរ ហើយជារៀងរាល់ឆ្នាំ គ.ជ.ប តែងតែសង្កេតឃើញថា ឲ្យតែកៀកថ្ងៃ បានបងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកកាន់តែកុះករថែមទៀត»។
ជាមួយគ្នានេះ ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោកបណ្ឌិត ហង្ស ពុទ្ធា បានបន្តអំពាវនាវដល់សហគមន៍ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាគណបក្សនយោបាយជាដើម សូមចូលរួមនៅក្នុងការជំរុញ ឲ្យប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត នាំគ្នាទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ពីព្រោះបញ្ជីបោះឆ្នោតឆ្នាំ ២០២១នេះ គឺសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០២២ ហើយប្រសិនបើគ្មានឈ្មោះទេ គឺមិនអាចបោះឆ្នោតបានឡើយ។
សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យផងដែរ។ ប្រជាពលរដ្ឋ អាចទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅឃុំ-សង្កាត់ ដែលខ្លួនរស់នៅ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១០ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


