ព័ត៌មានជាតិ
មៀន ប៉ៃលិន ដែលគេនិយមហៅថាផ្លែតាង៉ែន
ផ្លែមៀនដែលគេនិយមហៅថាផ្លែតាង៉ែន ដែលគេដាំនៅខេត្តប៉ៃលិន គឺតម្រូវឲ្យថែទាំយកចិត្តទុកដាក់ជាទីបំផុត មិនដូចជាដំណាំ ពោត ដំឡូង ស្វាយ នោះឡើយ។ នេះជាសម្ដីរបស់លោក ហ៊ុន ថេង មានអាយុ ៥១ ឆ្នាំ ដែលជាម្ចាស់ចម្ការម្នាក់រស់នៅភូមិបឹងព្រលិត ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកបញ្ជាក់ថា ទាក់ទងនឹងការដាំមៀន លោកបានដាំតាំងពីឆ្នាំ ១៩៩៩ ម្ល៉េះគឺក្នុងទំហំដី ១ហិចតាខ្ញុំដាំបាន១៥០ដើម បើប្រៀបធៀបទៅនឹងដំណាំ ពោត ដំឡូងស្វាយ ឃើញថា ផ្លែមៀនដាំគ្រាន់បើជាង ហើយងាយស្រួលដាំទៀតផង គឺនៅរដូវភ្លៀងយើងអត់ស្រោចទឹកឡើយ។ បើចូលដល់រដូវប្រាំងវិញ គឺយើងស្រោចទឹកក្នុងមួយថ្ងៃ៣ដង ព្រោះយើងបានធ្វើប្រព័ន្ធទឹកបូមយកពីស្រះ ដើម្បីស្រោចដើមមៀននោះដែរ។ លោកបញ្ជាក់ថា ការប្រមូលផលវិញ ក្នុងមួយដើមយើងបេះបាន ១០០ គីឡូ បើសិនជាមានផ្លែមៀន១០ដើម យើងបេះបានមួយតោនឯណោះ ពេលប្រមូលផលបានជាទូទៅយើងយកទៅលក់ឲ្យសមាគមខ្មែរ ហើយសមាគមខ្មែរក៏លក់បន្តទៅប្រទេសថៃ ហើយថៃក៏បាននាំទៅលក់នៅចិនបន្តទៀត។
ដោយឡែកស្ដ្រីឈ្មោះ ឡុង រ៉ន វិញដែលមានអាយុ៣០ឆ្នាំ បានបញ្ជាក់ថា ខ្ញុំដាំផ្លែមៀន នៅឯចម្ការស្រុកសាលាក្រៅ ក្នុងឃុំស្ទឹងកាត់ ខេត្តប៉ៃលិន ដូចលោក ហ៊ុន ថេងដែរ ជាក់ស្ដែង ផ្លែមៀនប៉ៃលិននេះ ខ្ញុំដាំជិត ២០ ឆ្នាំហើយក្នុងផ្ទៃដី ៦ ហិចតា គឺដាំមៀន ៥០០ដើម ហើយការដាំមៀន គឺប្រើរយៈពេល ៦ ខែ ២០ ថ្ងៃទៅ ៧ ខែ គឺយើងទទួលបានផលហើយ និយាយរួមទៅពួកយើងបានចងក្រងជាសមាគមមានឈ្មោះថា មៀនប៉ៃលិន ខ្ញុំចូលសមាគមនេះតាំងពីឆ្នាំ ២០១៤ មកដល់ឥឡូវយើងនៅតែប្រើផ្លាកសញ្ញារបស់គេ។ យើងនាំចេញទៅថៃ ហើយបន្តលក់នៅចិន ដូច្នេះអត់ទាន់មានឈ្មោះជាផលិតផលខ្មែរនៅឡើយទេ។

ដោយឡែក នីតា វិញដែលមកស៊ីឈ្នួលបេះផ្លែមៀន រស់នៅភូមិសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាងនិយាយថា មុនដំបូងខ្ញុំទៅស៊ីឈ្នួលបេះផ្លែមៀននៅថៃ ឃើញថា ខុសគ្នាឆ្ងាយណាស់បើប្រៀបធៀបនៅជិតផ្ទះវិញ ព្រោះខ្ញុំចេញចូលថៃ គេយកលុយ ៥០ ដុល្លារ ស្មើនិង ២ ពាន់បាតឯណេះ ហើយត្រូវត(វីសា)ទៀត។ នាងបញ្ជាក់ថា ពេលនេះទើបខ្ញុំសុខចិត្តមកបេះមៀន នៅស្រុកខ្មែរវិញ ខ្ញុំក៏សម្រេចចិត្តធ្វើនៅខ្មែរជាមួយប្ដីវិញ ដោយសារខ្ញុំចេះរៀបផ្លែមៀនពីថៃ គឺគេគិតឲ្យមួយ (ថកា) គឺ១កញ្ជ្រែងជ័រជ្រុងនេះតម្លៃ ៤២ បាតដែរ គឺរើសតាមផ្លែមៀនល្អ ផ្លែមៀនមិនល្អ គឺមួយថ្ងៃបានមួយពាន់(ថកា) ពេលខ្លះអត់ពេលខ្លះមានវិញ ខ្ញុំរើសបានមួយថ្ងៃ តែ៣០០ ទៅ ៤០០ (ថកា) ប៉ុណ្ណេះ។ ដូច្នេះខ្ញុំមិនបាច់ទៅប្រទេសថៃទៀតទេ គឺធ្វើការនៅស្រុកខ្មែរជិតផ្ទះងាយស្រួលជាង។

ចំណែកប្អូនប្រុស នឿន សុខ អាយុ ២០ ឆ្នាំបាននិយាយថា ខ្ញុំធ្វើការនៅទីនេះ គឺផ្នែកបេះផ្លែមៀន ខ្ញុំបេះទាល់តែយប់ក៏មានដែរ គឺមួយ(ថកា)គេគិតឲ្យ ៤០០០៛ បេះហើយខ្ញុំរែកចេញយកទៅដាក់ឡានទៀត ខ្ញុំបេះរហូតដល់ពេលយប់ក៏មានដែរ។ ខ្ញុំមកពីខេត្តព្រៃវែង នៅឃុំស្មោងខាងជើង ខ្ញុំទើបមកបេះក្នុងឆ្នាំនេះទេ ដើម្បីសន្សំលុយជួយដល់គ្រួសារ ខ្ញុំសប្បាយចិត្តណាស់ដែលមិនបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។


លោក ញ៉ែត សា ចំរើន ជាទីប្រឹក្សាសមាគមផ្នែកទីផ្សារនិងបច្ចេកទេស លោកមានប្រសាសន៍ថា សមាគមនេះកើតឡើង១០ឆ្នាំ ហើយបានចាប់ដៃវិនិយោគជាមួយចិនធ្លាប់ទិញផ្លែមៀននៅថៃជាង១០ឆ្នាំដែរ។ ដូច្នេះយើងលក់តាមរយៈថៃ ហើយថៃលក់ទៅឲ្យចិនបន្ត ដូច្នេះដើមទុនដែលយើងចាយនៅព្រំដែន ក៏មានកម្រិតខ្ពស់ ដែលមិនអាចបានតម្លៃថ្លៃដូចប្រទេសគេឡើយ។ លោកបញ្ជាក់ទៀតថា ពេលនេះយើងមាន ទូ សម្រាប់សម្ងួតផ្លែមៀន ដែលមានតម្លៃជាង ៣លានដើម្បីសម្លាប់មេរោគ។ ពេលយើងសម្លាប់មេរោគហើយ ទើបយើងនាំយកទៅប្រទេសគេបាន។

ទាក់ទងនិងការពាក់ផ្លាកវិញ ដែលគេហៅថាពាក់អាវជារបស់ខ្មែរ គឺមិនទាន់មានផ្លាកពាក់ត្រឹមត្រូវនៅឡើយ តែដោយសារយើងបុកគ្រឹះរោងចក្ររួចហើយ យើងក៏សម្រេចចិត្តធ្វើរោងចក្រតែម្តង។ តែយើងបែរជារង់ចាំការពាក់ខោអាវឬផ្លាកទម្រាំមានច្បាប់ ដែលជាអត្តសញ្ញាណរបស់ខ្មែរយើង ពីក្រសួង មន្ទីរឬខេត្តនិងក្រសួងព័ត៌មាន តែចម្លើយមកវិញថា យើងរង់ចាំបន្តិចទៀតសិន យើងក៏រង់ចាំបន្តរហូតមកដល់ពេលនេះដែរ។

លោកបែរមកបញ្ជាក់ពីពលករខ្មែរយើង ដែលមកបេះផ្លែមៀនថា គឺមានពលករមកពីគ្រប់ខេត្ត សូម្បីតែពលករនៅថៃ ក៏តែងតែសួរជារឿយៗថាឃ្លាំងខ្មែរយើងពេលណាហ្នឹងបើក ខ្ញុំបានតបទៅវិញថា យើងនៅចាំដូចគ្នាអំពីអត្តសញ្ញាណនោះ តែបើសិនជាឃ្លាំងបើកឲ្យដំណើរការកម្មករចំណាកស្រុកនឹងមកធ្វើការនៅស្រុកខ្មែរវិញជាមិនខាន តែពេលនេះខ្ញុំបេះផ្លែមៀនតិចតួចដែរ។ គឺមួយឆ្នាំតែ៨ពាន់តោន តែបើបើកឃ្លាំងវិញ ខ្ញុំនឹងប្រមូលយកផលឲ្យបាន២ម៉ឺន ទៅ ៥ ពាន់តោនផងដែរ។ ដូច្នេះខ្ញុំជឿជាក់ថា ពលករនៅក្រៅប្រទេសនឹងត្រឡប់មកខ្មែរវិញជាមិនខាន។
លោក ទូច សុថារិទ្ឋ ជាប្រធានគម្រោងអង្គការ(Gread)នៅស្រុកខ្មែរ មានប្រាសាទថា នេះជាកម្មវិធី ដែលយើងត្រូវស្វែងយល់ពីទស្សនកិច្ចសិក្សាផ្លែមៀន នៅប៉ៃលិន ដែលជាគម្រោងបំពេញបន្ថែមរបស់អង្គការ(Gread)ដែលទទួលមូលនិធិ ពី (អេ.អេស. ប៊ី)តាមរយៈ(ស៊ី. អេស.អាយ) គឺចង់លើកកម្ពស់ធ្វើយ៉ាងណាឲ្យការងារកសិកម្មមានអ្នកសារព័ត៌មានចូលរួមនិងអ្នក ដែលពាក់ព័ន្ធយកចិត្តទុកដាក់៕
អត្ថបទ៖ រុងរឿង
សូមចុចអាន៖ ១១ខែឆ្នាំនេះកម្ពុជានាំចេញផ្លែឈើជាង៥ម៉ឺនតោន ទៅក្រៅប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១៥ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៧ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១៥ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


