ព័ត៌មានជាតិ
វិនិយោគគិនបរទេសមិនទាន់ចូលកម្ពុជាតែការចរាចរណ៍វិស័យអចលនទ្រព្យក្នុងស្រុកកើនឡើង
រយៈពេលមួយខែ(វិច្ឆិកា) ក្រោយបើកសង្គមសេដ្ឋកិច្ចឡើងវិញ វិស័យអចលនទ្រព្យកម្ពុជា ចាប់ផ្តើមមានសន្ទុះកើនឡើងជាបណ្តើរៗហើយ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់កម្ពុជាថ្មីថា«ពាក់ព័ន្ធជាមួយនឹងស្ថានភាពការបើកប្រទេសឡើងវិញ យើងឃើញចរន្តនៃវិនិយោគគិននៅកម្ពុជា ពិសេសរាជធានីភ្នំពេញធ្វើដំណើរឡើងវិញ…ហើយពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ យើងឃើញថា ពលរដ្ឋបានដើរពិនិត្យមើលគម្រោង មើលឱកាសនៅក្នុងការវិនិយោគលើវិស័យនេះ ក៏ចាប់ផ្តើមធ្វើដំណើរបន្តិចម្តងៗ ដែលនេះជាសញ្ញាល្អមួយក្នុងការរីកចម្រើននៃវិស័យអចលនទ្រព្យនៅកម្ពុជា»។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា ផ្នែកដែលកំពុងមានការចាប់អារម្មណ៍ច្រើននៅក្នុងវិស័យនេះ គឺដីសម្រាប់ធ្វើលំនៅដ្ឋាននៅជាយក្រុង និងគម្រោងលំនៅដ្ឋានដែលមានស្រាប់។
ពាក់ព័ន្ធនឹងវិនិយោគគិនមកពីក្រៅប្រទេស ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លើកឡើងថា នៅមិនទាន់មាននៅឡើយ ពោលគឺមានតែអ្នកវិនិយោគបរទេសដែលកំពុងនៅក្នុងស្រុកចាស់ប៉ុណ្ណោះ។ មិនទាន់មានវិនិយោគគិនបរទេស ក៏ព្រោះតែប្រទេសកម្ពុជាបើកទូលាយ ប៉ុន្តែប្រទេសនៅក្នុងតំបន់អាស៊ានមិនទាន់បើកទូលាយនៅឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ច្រឹក សុខនីម។
ទោះយ៉ាងណា លោក ច្រឹក សុខនីម បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំក្រោយៗទៅវិស័យអចលនទ្រព្យនឹងកាន់តែប្រសើរឡើង ដោយសារតម្រូវការក្នុងការប្រើប្រាស់មានកំណើនខ្ពស់។ លើសពីនេះទៀត អ្នកជំនាញអចលនទ្រព្យរូបនេះ បានសង្កត់ធ្ងន់ថា ការគាំទ្រគោលនយោបាយពីរដ្ឋាភិបាល និងការចូលរួមផ្តល់ហិរញ្ញប្បទានពីវិស័យធនាគារនឹងជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរឹងមាំ។
វិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញនៅឆ្នាំ ២០២២ ខាងមុខ ដោយសារលំហូរទុនវិនិយោគពីបរទេស និងកំណើនតម្រូវការអចលនវត្ថុមានតម្លៃទាប និងមធ្យម នៅក្នុងស្រុក។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ការកើននេះគឺស្របតាមនិន្នាការសកល និងសេដ្ឋកិច្ចកម្ពុជា ដែលត្រូវបានព្យាករថា នឹងអាចងើបឡើងវិញក្នុងកំណើនទាប ២,៤% ក្នុងឆ្នាំ ២០២១ និង ៤,៨% ក្នុងឆ្នាំ ២០២២។ លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) ក្រោមប្រធានបទ «ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» កាលពីចុងខែ វិច្ឆិកា។

លោក អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ដូច្នេះថា «ទោះបីប្រឈមនឹងបញ្ហានានា បង្កឡើងដោយវិបត្តិកូវីដ១៩ក្តី វិស័យអចលនទ្រព្យ នៅបន្តមានសក្តានុពលខ្ពស់ និងមានតម្លៃទាបសមរម្យសម្រាប់ការវិនិយោគបើប្រៀបធៀប នឹងប្រទេសជិតខាង»៕
អត្ថបទ៖ ទួន សុផល

-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១០ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ


