ព័ត៌មានជាតិ
កម្ពុជាស្នើការគាំទ្រ ឲ្យរួចផុតពីការគំរាមកំហែងគ្រាប់មីនត្រឹមឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត អង្គការសប្បុរសធម៌ ក៏ដូចជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥។
ការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើឡើងតាមរយៈសារលិខិតជូនចំពោះ «មិត្តវិស័យមីន» នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងថា អាជ្ញាធរមីនជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យមីន ដើម្បីឱ្យកម្ពុជាបានរួចផុតពីការគំរាមកំហែងដោយសារគ្រាប់មីនត្រឹមឆ្នាំ២០២៥ ដូចការតាំងចិត្តដែលមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ សុំអំពាវនាវយ៉ាងទទូចដល់ដៃគូអភិវឌ្ឍប្រទេសជាមិត្ត អង្គការសប្បុរសធម៌ក៏ដូចជាវិស័យឯកជនបន្តការជួយគាំទ្រ ផ្តល់កិច្ចសហការ និងភាពជាដៃគូឱ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីន។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា «យើងទាំងអស់គ្នាបានចាប់ផ្ដើមរួមគ្នាហើយយើងនឹងបញ្ចប់ការងាររបស់យើងជាមួយគ្នាដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥» ។សម្តេចតេជោក៏បានរំលឹកផងដែរថាបន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រជាជនកម្ពុជាបានទទួលនូវសិទ្ធិនិងសេរីភាពនៃការរស់ រានមានជីវិតពេញលេញ។ ស្ថិតក្រោមគោលនយោបាយឈ្នះ ឈ្នះ នាចុងឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជាបានទទួលនូវសុខសន្តិភាព ស្ថិរភាព និងការឯកភាពជាតិពាស ពេញផ្ទៃប្រទេសជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តទៀតថាកម្មវិធីបោសសម្អាតមីនមនុស្សធម៌ត្រូវបានចាត់ទុកជាកម្លាំងចលករមួយយ៉ាងសំខាន់ នាំមកនូវកិច្ចគាំពារ ការការពារសន្តិភាពសុវត្ថិភាព និងការអភិវឌ្ឍជូនដល់ប្រជាជននិងប្រទេសជាតិ ។ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសម្តេចតេជោក៏យកឱកាសនេះអរគុណនិងវាយតម្លៃខ្ពស់ជូនចំពោះដៃគូអភិវឌ្ឍ ប្រទេសជាមិត្តនិងអង្គការសប្បុរសធម៌ទាំងអស់ដែលបាននិងកំពុងផ្តល់វិភាគទានដ៏ថ្លៃថ្លានិងមានតម្លៃ ជាថវិកា ឧបករណ៍សម្ភារ និង ការកសាងសមត្ថភាព សម្រាប់វិស័យស កម្មភាពមីននៅកម្ពុជាព្រមទាំងបានផ្តល់ភាពជាដៃគូយ៉ាងសំខាន់ ក្នុងការចូលរួមការងារថែរក្សាសន្តិភាព ការសង្គ្រោះជីវិតការកាត់បន្ថយភាពក្រីក្រ និងការស្តារសេដ្ឋកិច្ចសង្គម។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានអរគុណដល់ប្រតិបត្តិករជាតិ អន្តរជាតិ ដែលបាននិងកំពុងប្រតិបត្តិការបោសសម្អាតមីនលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាពោរពេញដោយ បទពិសោធន៍ និងវិជ្ជាជីវៈខ្ពស់ ជាពិសេសជូនបងប្អូនអ្នកដោះមីនទាំងអស់ ដែលកំពុងបំពេញបេសកកម្មប្រកបដោយគ្រោះថ្នាក់ និងហានិភ័យខ្ពស់ក្នុងការរំដោះផ្ទៃដីផ្ដល់ជូន ប្រជាពលរដ្ឋប្រើប្រាស់ និងចូលរួមដល់ការអភិវឌ្ឍជាតិ៕
អត្ថបទ៖ណារី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


