Connect with us

ព័ត៌មានជាតិ

ACU បញ្ជាក់ពីការចាប់ខ្លួនមន្ត្រីប៉ូលិស ២ នាក់ពាក់ព័ន្ធការកាប់ព្រៃលិចទឹកនៅ តំបន់៣

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីយប់មិញ បានបញ្ជាក់ ពីការចាប់ខ្លួនមន្ត្រីប៉ូលិសចំនួន ២ នាក់ ពាក់ព័ន្ធ នឹងការកាន់កាប់ព្រៃលិចទឹក ដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចំនួន ២ ផ្សេងគ្នា ដែលទើបទទួលបាន នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ នេះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអង្គភាពប្រឆាំងអំពើពុករលួយ (ACU) : 

ទី១. ករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ណារុន (ប្រធានការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង) ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹក។

ACU បញ្ជាក់ថា ក្រោយពីបានធ្វើការស្តាប់ចម្លើយឈ្មោះ កែវ ណារុន ភេទប្រុស អាយុ ៥៩ ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័ នឹងការកាន់កាប់ព្រៃលិចទឹក តំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជន សង្ស័យខាងលើនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ២០ និង ៥០ នាទី ដើម្បីបន្តនីតិវិធីច្បាប់។

ទី២. ករណីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុំ សុជាតិ (ស្នងការរង នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង) ពាក់ព័ន្ធ នឹងការកាន់កាប់ និងលក់ព្រៃលិចទឹក។ 

ACU បញ្ជាក់ថា ក្រោយពីបានធ្វើការស្តាប់ចម្លើយឈ្មោះ ស៊ុំ សុជាតិ ភេទប្រុស អាយុ ៥១ ឆ្នាំ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានពិនិត្យឃើញថា ជនសង្ស័យខាងលើ បានជាប់ពាក់ពន្ធ័នឹងការកាន់កាប់ និងបានលក់ព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ ដូចនេះអង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនជនសង្ស័យខាងលើ នៅ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នៅ វេលាម៉ោង ២០ និង ៤៥ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យក្រសួងស្ថាប័ន និងអាជ្ញាធរខេត្ត ជាពិសេសខេត្តជុំវិញបឹងទន្លេសាប ត្រូវបើកប្រតិបត្តិការយ៉ាងក្ដៅ គគុកចុះទៅបង្ក្រាប និងដកហូតដែនដីព្រៃលិចទឹក ដែលរងការរំលោភបំពាន កាន់កាប់រាប់ពាន់ហិចតា នាពេលកន្លងមក ជាពិសេសក្នុងខេត្តកំពង់ឆ្នាំង។

តាមប្រភពមួយចំនួនបានបង្ហើបថា ក្រោយសមត្ថកិច្ចពាក់ព័ន្ធធ្វើការស្រាវជ្រាវបានរកឃើញថា លោក ឈួរ ចាន់ឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង បានទន្ទ្រានដីព្រៃលិចទឹករបស់រដ្ឋជាង ២ ០០០ ហិកតា លោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត កំពង់ឆ្នាំង ជិត ៧០០ ហិកតា និងលោកវីរៈសេនីយ៍ឯក កែវ ណារុន ប្រធានការិយាល័យអន្តរាគមន៍នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង ប្រមាណ ៤០០ ហិកតា៕

អត្ថបទ៖ កោះកែវ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម