ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានជំរុញឲ្យកងកម្លាំងប៉ូលិសដូចជាកងកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំងនិងអាជ្ញាធរត្រូវរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យ christmas និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។
ការជំរុញរបស់លោកឃួង ស្រេងខាងលើនេះបានធ្វើឡើងនា ល្ងាចថ្ងៃទី២០ធ្នូឆ្នាំ២០២១នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ។ ដូច្នេះទេ រាល់សកម្មភាពនានាវានឹងកើតឡើងវិញ ទាំងបទល្មើសផ្សេង ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងបញ្ហា សណ្ដាប់ធ្នាប់សាធារណៈ។ ដូច្នេះទេ លោកជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរភេទនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀននិងល្បែងស៊ីសងជាដើមដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។
លោកបន្តថា ពាក់ព័ន្ធនឹងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើយើងដោះមិនចេញត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋនិងសម្រុកចាកចេញពីលំនៅឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរ។ ដូច្នេះទេ ក្នុងនាមយើងជាអាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវសម្រួលសារាចរជូនបងប្អូនប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។
ក្នុងឱកាសនោះដែរ លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន១១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ បានសប្បាយក្អាកក្អាយ។ ឆ្លៀតក្នុងឱកាសនោះ លោកស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះ លោកឃួង ស្រេងប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំងដែលត្រូវប្រចាំនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឲ្យឃើញពីភាពខ្លាំងនៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន