ព័ត៌មានជាតិ
កម្ពុជា-ជប៉ុន គ្រោងរៀបចំខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព PKO ឱ្យក្លាយទៅជាការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ការបញ្ជាក់បែបនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នេះ ខណៈដែលសម្តេចអនុញ្ញាតិឲ្យឯកអគ្គរាជទូតជប៉ុន ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។
នៅក្នុងឱកាសនោះ លោក Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះ មានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាជាបន្តទៀត ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។

ទាក់ទងទៅនឹងវិស័យការពារជាតិ លោក Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ។
ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន លោក Masahiro Mikami បានជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ ហើយជប៉ុនក៏នឹងត្រៀមផ្ដល់នូវកិច្ចសហប្រតិបត្តិការលើការគាំទ្រដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកម្ពុជាទទួលបាននូវភាពជោគជ័យក្នុងនាមជាប្រធានអាស៊ាននាពេលខាងមុខ។ ជាមួយគ្នានោះផងដែរ លោក Masahiro Mikami ក៏បានជម្រាបជូនសម្ដេចតេជោលើការគាំទ្ររបស់ជប៉ុន ធ្វើយ៉ាងណាជំរុញកំពង់ផែក្រុងព្រះសីហនុ ឲ្យទៅជាកំពង់ផែស្នូលរបស់កម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជានារយៈពេលកន្លងមក ជាពិសេសថ្មីៗនេះ ដែលបានជួយលើការផ្ដល់វ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជា និងជំនួយដទៃទៀតជាបរិក្ខាផ្សេងៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះការផ្ដល់ជារថយន្ត ការផ្ដល់ជាសម្ភារៈ កិច្ចសហប្រតិបត្តិការក៏ដូចជាការគាំទ្រ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាទទួលបាននូវភាពជោគជ័យនៃកិច្ចប្រជុំអាស៊ាននាពេលខាងមុខ។
ចំពោះការអញ្ជើញលោក ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន និងការចូលចតនូវនាវាស្វ័យការពារជើងទឹកនៅកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសស្វាគមន៍ និងបានបញ្ជាក់ថា ក្នុងខួប៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) នៅឆ្នាំ២០២២ ខាងមុខនេះ យើងគប្បីណាធ្វើខួបនេះ ឱ្យក្លាយទៅជាការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


