Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា ថ្ងៃនេះ គឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់សម្ដេច (៥មករា១៩៧៦-៥មករា២០២២)។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា ២០២២)។ ខ្ញុំតែងតែគិតថា អ្វីដែលខ្ញុំ និងភរិយាបានឆ្លងកាត់ ក្នុងសម័យសង្រ្គាម គឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំ ដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេ ដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១ និងបែកគ្នាក្នុងពេលកូនទី ២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល ២ខែ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា «ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែ សម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវ ដែលបានកើតឡើង សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះ គឺបាននាំមកនូវការរស់ រានមានជីវិត សម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធ ដ៏កំសត់វ័យក្មេង២នាក់ (ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ) រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ច ចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំ និងភរិយាជាទីស្រឡាញ់»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា សៀវភៅគូព្រេងមិនព្រាត់ ដែលសម្ដេចសរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់សម្ដេច ត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេសនិងចិន។ ភាពយន្ត រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ក៏ចាប់ផ្តើមថតហើយដែរ ដែលអាចប្រើរយៈពេល ១៤ខែ ទើបអាចបញ្ចប់បាន ព្រោះជារឿងភាគដែលវែង៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម