Connect with us

ព័ត៌មានជាតិ

ស្រុកវាលវែង​​ពេញនិយមអភិវឌ្ឍ​​រីសត តម្រូវចិត្តអ្នក​ទេសចរ​ផ្សងព្រេង

បានផុស

នៅ

​រីសត​មិន​ក្រោម​ ១០ កន្លែង​ទេ​បាន​​អភិវឌ្ឍ​នៅ​ស្រុក​វាលវែង ខណៈ​ស្រុក​ដែល​ជាប់ឈ្មោះ​ជា​ស្រុកទេសចរណ៍​ល្បី​បំផុត​នៅ​ខេត្ត​ពោធិ៍សាត់ កំពុង​មានកា​រវិនិយោគ​អភិវឌ្ឍ​​ជា​ច្រើន​ដើម្បី​បម្រើដល់​កំណើន​ភ្ញៀវ​ទេសចរ។

លោក សំ ឃីម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា ស្រុក​វាលវែង​​ទទួលបាន​ការ​ចាប់​អារម្មណ៍ ក្រោយ​​កំណាត់​ផ្លូវ​ជាតិ​លេខ ​៥៥ បាន​ស្ថាបនា​រួច​ដែល​ធ្វើ​ឲ្យ​ស្រុក​ព្រៃភ្នំនេះ​កាន់តែទាញទាញ​​ភ្ញៀវ​ទេសចរ​សម្រុក​ធ្វើ​ដំណើរមក​កម្សាន្ត​កាន់តែ​ច្រើន​​។

​បើ​តាម​មន្រ្តី​ទេសចរណ៍​ខេត្ត​រូប​នេះ នៅ​ស្រុក​វាលវែង​បច្ចុប្បន្ន​មានការអភិវឌ្ឍ​​រីសត​មិនក្រោម​ ១០ កន្លែង​ទេ​ទាំង​ផ្លូវការ និង​មិន​ផ្លូវការ​ ហើយ​កំពុង​មាន​ការ​សាងសង់​បន្ត​បន្ទាប់​។ តាម​ការ​សង្កេត​របស់​មន្រ្តី​ទេសចរណ៍​ខេត្ត​រូប​នេះ ភ្ញៀវ​ទេសចរ​បច្ចុប្បន្ន​ភាគច្រើន​​និយម​ស្នាក់នៅ​តាម​រីសត​ជាជាង​តាម​សណ្ឋាគារ ស្រប​ពេល​ដែល​ភូមិសាស្រ្ត​ស្រុកវាលវែង​មាន​​ធម្មជាតិ​ទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល អំណោយ​ផល​សម្រាប់​ទេសចរណ៍​ផ្សងព្រេង។

រង្វង់មូលប្រម៉ោយទីរួមស្រុកវាលវែង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធាន​មន្ទីរ​ក៏​បាន​បញ្ជាក់​បន្ថែម​ថា តាម​កន្លែង​ស្នាក់នៅ​ភាគច្រើន​មានភ្ញៀវ​កក់ពេញៗ ហើយ​បើ​ភ្ញៀវ​ចង់​មក​កម្សាន្ត​មានកន្លែងស្នាក់នៅ​ យ៉ាងហោច​ណាស់​ក៏​ត្រូវ​កក់​មុន​មួយ​ខែ​ដែរ។

ស្រុក​វាលវែង​បាន​ជាប់ឈ្មោះ​ជា​ស្រុកទេសចរណ៍ល្បី និង​ទាក់ទាញរបស់​ខេត្តពោធិ៍សាត់​។ បន្ទាប់ពីលេចចេញនូវសមិទ្ធផលផ្លូវជាតិលេខ៥៥ ទឹកដីស្រុកវាលវែង កំពុងអភិវឌ្ឍខ្លួនលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋានតំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសក៏​ជាប់នឹងខេត្តត្រាតប្រទេសថៃ។

ប្រសិនបើភ្ញៀវទេសចរ ឬអ្នកដំណើរធ្វើដំណើរចេញពីខេត្តពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ៥៥ នឹងបានទៅដល់រង្វង់មូលប្រម៉ោយ ដែលជាទីរួមស្រុកវាលវែង។ ជម្រើសទីមួយ ប្រសិនបើធ្វើដំណើរបត់ស្ដាំទៅឃុំក្រពើពីរ ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនដែរ។ ប្រសិនបើធ្វើដំណើរបត់ឆ្វេងទៅឃុំអូរសោម ទីនោះក៏មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន បូករួមទាំងសត្វក្រពើរភ្នំនោះផងដែរ។ ហើយប្រសិនបើភ្ញៀវទេសចរធ្វើដំណើរទៅត្រង់ ចេញពីរង្វង់មូលប្រមោយប្រមាណ ៣០គីឡូម៉ែត្ររួចមក រនឹងបានឆ្លងកាត់ផ្លូវបត់បែនលូនឡើងលើភ្នំរាងដូចអន្ទង់អាំង «ផ្លូវបុប្ផាលាក់ខ្លួន» ដែលផ្ដល់នូវទស្សនីយភាពប្លែកអស្ចារ្យ ឆ្លងកាត់តំបន់ភ្នំ១៥០០ ផ្លូវបត់បែនឡើងទម្លុះដល់ឃុំថ្មដាដែលជាតំបន់ដែលមានសក្តានុពលខ្ពស់។

នៅចន្លោះតំបន់ភ្នំ១៥០០ និងតំបន់ថ្មដា ភ្ញៀវទេសចរអាចសំចតនៅទីតាំងសុវត្ថិភាពណាមួយ ដែលមានទេសភាពព្រៃភ្នំ វាលស្មៅលើខ្នងភ្នំ ទឹកអូរហូរតាមជ្រលងភ្នំ ដ៏ស្រស់ត្រកាល ទស្សនាកាន់តែយូរកាន់តែជក់ចិត្ត។

បន្តដំណើរទៅមុខបន្តិច ភ្ញៀវទេសចរនឹងបានទៅដល់រមណីយដ្ឋានទឹកធ្លាក់ថ្មដាតូច ដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាត មានកន្លែងមុជទឹកលេងកម្សាន្ត មានម្ហូបអាហារសហគមន៍ឈ្ងុយឆ្ងាញ់ ព្រមទាំងនៅជិតនឹងមាត់ផ្លូវធ្វើដំណើរ មិនពិបាកចំណាយពេលច្រើនក្នុងការទៅដល់។

ចេញពីទឹកធ្លាក់ថ្មដាតូច ភ្ញៀវទេសចរនឹងបានទៅដល់ស្ទឹងមេទឹក ដែលជាទីគយគន់ទេសភាពមួយបែបផ្សេងទៀត នៅតាមមាត់ស្ទឹង និងក្បែរៗតំបន់នេះ គឺមានរមណីយដ្ឋានទេសចរណ៍ ពិសេសៗជាច្រើនទៀត ក្នុងនោះមានដូចជា ផារ៉ាដាយរីស៊ត, តំបន់អភិវឌ្ឍន៍ ឡុង វឌ្ឍនា ប្រាក់ សុជាតា អនិកជនខ្មែររស់នៅសហរដ្ឋអាមេរិក, តំបន់អភិវឌ្ឍន៍ អឹមឌីអេស ដែលមានកន្លែងសម្រាក បោះតង់ មានទឹកអូរហូររ៉ឹមៗ មានសេវាកម្មម្ហូបអាហារ និងទីទស្សនាទេសភាពជាច្រើនទៀត ពោលគឺ ៣៦០ដឺក្រេតែម្ដង។

ការជិះកាណូត ឬទូកទស្សនាកម្សាន្តនៅតាមដងស្ទឹងមេទឹក ក៏ជាចំណុចគួរឱ្យចាប់អារម្មណ៍ផងដែរ ពីព្រោះសម្រស់ធនធានធម្មជាតិនៅអមសងខាងស្ទឹង សុទ្ធតែអាចផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ ដល់មិត្តអ្នកទេសចរគ្រប់ៗគ្នា។

ចេញពីតំបន់ស្ទឹងមេទឹកនេះ ភ្ញៀវទេសចរអាច​ឆ្ពោះទៅច្រកថ្មដា ដែលជាច្រកព្រំដែនរវាងកម្ពុជា-ថៃ ពោលគឺរវាងខេត្តពោធិ៍សាត់ និងខេត្តត្រាត។ នៅទីនោះភ្ញៀវទេសចរក៏អាចឆ្លងកាត់ទៅលេខខេត្តត្រាតបានដែរ ដែលមានផ្សារលក់ដូរម្ហូបអាហារ ផ្លែឈើ នំចំណីជាប់មាត់សមុត្រ និងមានរបស់របរមួយចំនួនទៀត។

ក្រៅ​ពី​តំបន់​វាលវែង ​ខេត្ត​ពោធិសាត់​មាន​តំបន់​ទេសចរណ៍​ច្រើន​កន្លែង​មាន​ទាំង​កែច្នៃ ប្រវត្តិសាស្រ្ត​និង​ធម្មជាតិ។ បើ​តាម​ឯកសារ​ដែល​កម្ពុជា​ថ្មី​ទទួល​បាន តំបន់​ទេសចរណ៍​នៅ​ខេត្ត​ពោធិ៍សាត់​មាន​ជាង ៤០ កន្លែង​មាន​ឈ្មោះ​ដូចជា៖

១/ រមណីយដ្ឋាន​ទេសចរណ៍

-បុរី​វប្បធម៌​កោះ​សំពៅ​មាស ជា​រមណីយដ្ឋាន​កែច្នៃ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ពាលញែក ២ សង្កាត់​ផ្ទះព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់។

-បូជនីយដ្ឋាន​ប្រវត្តិសាស្រ្ត​លោក​ឧកញ៉ា​ឃ្លាំង​មឿង និង​លោក​ជំទាវ​ខាន់ ខៀវ មាន​ទីតាំង​នៅ​ភូមិ​កំពង់ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ចម្ងាយ​ជាង ៦ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-រមណីយដ្ឋាន​វប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ​ភ្នំ​នាគ​ស មាន​ទីតាំង​នៅ​ភូមិ​ក្បាល​ដំរី ឃុំ​អន្សាចំបក់ ស្រុក​ក្រគរ មាន​ចម្ងាយ​ជាង ៦៧ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-កសិទេសចរណ៍​ភូមិ​កប៉ាស់​លើ ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​កប៉ាស់លើ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចម្ងាយ​ជាង ៦០ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ឋានសួគ៌​ច្រក​ល្អៀង ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចម្ងាយ​ជាង ៧១ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ទឹកធ្លាក់​ច្រក​ល្អៀង​ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​បំណក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ចម្ងាយ​ជាង ៧៣ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ភ្នំ​លាង​ត្រាច ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទីតាំង​នៅ​ភូមិ​ទួល​អណ្តែត ឃុំ​ស្វាយ​ស ស្រុក​ក្រគរ​ មាន​ចម្ងាយ​ជាង ៤៩ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ភ្នំ​បាយ​ឃ្លះ ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទីតាំង​នៅ​ភូមិ​ជ័រម្គាន ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ មាន​ចម្ងាយ​ជាង ២៥ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ភ្នំបាក់ត្រា ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​បាក់ត្រា ឃុំ​ព្រងិល ស្រុក​ភ្នំ​ក្រវាញ ចម្ងាយ​ជាង ១៦ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ទំនប់​ឈើ​តោក ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​ស្រៃ​ពពាយ ឃុំ​សន្រ្ទែ ស្រុក​ភ្នំ​ក្រវាញ ចម្ងាយ​ជាង ៣១ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-អូរដា ជា​រមណីយដ្ឋាន​ធម្មជាតិ មាន​ទីតាំង​នៅ​ភូមិ​វាលវង់ ឃុំ​រកាត ស្រុក​ភ្នំ​ក្រវាញ ចម្ងាយ​ជាង ៥៦ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ល្បាក់​កំរោញ ជា​រមណីយដ្ឋាន​ធម្មជាតិ​មាន​ទីតាំង​នៅ​ភូមិ​អង្រ្កង ឃុំ​សំរោង ស្រុក​ភ្នំ​ក្រវាញ មាន​ចម្ងាយ​ជាង ៤៨ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-សួន​កម្សាន្ត​តាលោសែនជ័យ ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​ផ្ទះរុង ឃុំ​ផ្ទះ​រុង ស្រុក​តាលោ​សែនជ័យ ចម្ងាយ​ជាង ២៨ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-រីសត​កូន​ភ្នំ​អន្លង់​រាប ស្ថិត​នៅ​ភូមិ​ចំការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់រាប ស្រុក​វាលវែង ចម្ងាយ​ជាង ១២២ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-បុប្ផា​លាក់​ខ្លួន ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ចម្ងាយ​ជាង ១៣៤ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ទឹកធ្លាក់​ថ្ម​ដា​តូច មាន​ទីតាំង​នៅ​ភូមិ​ឯកភាព ឃុំ​ថ្ម​ដា ស្រុក​វាលវែង ចម្ងាយ​ជាង ១៦៣ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ទឹកធ្លាក់​ថ្ម​ដា​ធំ មាន​ទីតាំង​នៅ​ភូមិ​ឯកភាព ឃុំ​ថ្ម​ដា ស្រុក​វាលវែង ចម្ងាយ​ជាង ១៩៩ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ហ្គោឌិន​ហៀលរីសត មាន​ទីតាំង​នៅ​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង ចម្ងាយ​ជាង ១៦១ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់

-អូរសោម​ជីលី​រីសត មាន​ទីតាំង​នៅ​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង ចម្ងាយ​ជាង ១៦១ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-ក្រវាញ​រីសត មាន​ទីតាំង​នៅ​ភូមិ​ឆាយលូក ឃុំ​អូរសោម ស្រុក​វាលវែង ចម្ងាយ​ជាង ១៦២ គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

-បឹងមាស ជា​រមណីយដ្ឋាន​កែច្នៃ មាន​ទីតាំង​នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរសោម ស្រុក​វាលវែង ចម្ងាយ​ជាង ១៦៥​គីឡូម៉ែត្រ​ពី​ក្រុង​ពោធិ៍សាត់។

ខេត្ត​ពោធិសាត់​ក៏​មាន​សហគមន៍​ទេសចរណ៍​និង​តំបន់​អេកូ​ទេសចរណ៍​ជា​ច្រើន​កន្លែង​ដូចជា៖

-ជំរំ​សត្វ​ស្លាប​បឹង​ព្រះ​ពន្លៃ

-សហគមន៍​ភូមិ​អណ្តែត​ទឹក​កំពង់លួង

-សហគមន៍​ទេសចរណ៍​រាំង​ទិល​គ្រួសារ​ខ្ញុំ

-សហគមន៍​អេកូ​ទេសចរណ៍​រាំង​ខ្វាវ

-សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ភូមិ​ទំព័រ

-អេកូ​ទេសចរណ៍​ធម្មជាតិ​តំបន់​អូរសោម

-ទឹកធ្លាក់​ថ្ម​ចាំង

ក្រៅ​ពីនេះ មាន​កន្លែង​សក្តានុពល​ទេសចរណ៍​ដូចជា​វត្ត​គីរី​បរវង្ស​មានជ័យ វត្ត​បាកាន​ដែល​ជា​រមណីយដ្ឋាន​វប្បធម៌ប្រវត្តិសាស្រ្ត និង​ល្អាង ១២ ជា​រមណីយដ្ឋាន​វប្បធម៌​ធម្មជាតិ។

ដោយ​ឡែក​រមណីយដ្ឋាន​កសិ​ទេសចរណ៍​ក៏​មាន​ជា​ច្រើន​កន្លែង​ដែរ​ដូចជា​ចម្ការ​ផ្លែឈើ​ច្រក​ល្អៀង រមណីយដ្ឋាន​កសិ​ទេសចរណ៍​ចម្ការ​ក្រូច​ពោធិ៍សាត់ និង​តំបន់​កសិ​ទេសចរណ៍​ចម្ការ​ទុរេន​ជាដើម៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៤ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម