ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកវិជ្ជមានអូមីក្រុង អាចព្យាបាលនៅតាមផ្ទះ សណ្ឋាគារ និងនៅតាមស្ថានទូត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាត ឲ្យអ្នកវិជ្ជមានមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង អាចទៅព្យាបាលនៅសណ្ឋាគារ ស្ថានទូត នៅតាមផ្ទះ និងនៅតាមទីកន្លែង ដែលពួកគេជ្រើសរើស។
តាមរយៈសារជាសំឡេង នៅយប់ថ្ងៃទី ២១ ខែមករានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីតាមដានមួយរយៈពេល អំពីវិវត្តន៍នៃមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ដែលកន្លងមកសម្ដេចធ្លាប់បានបញ្ជាដាច់ខាត មិនឲ្យមានការព្យាបាលនៅតាមផ្ទះនោះឡើយ ពោលគឺចាំបាច់ត្រូវតែទៅព្យាបាលនៅមន្ទីរពេទ្យ។
ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចជាគោលការណ៍ ឲ្យជនបរទេសដែលជាអ្នកការទូត អាចទៅព្យាបាលនៅស្ថានទូតរបស់ខ្លួនបាន ហើយឥឡូវនេះ រាជរដ្ឋាភិបាលបានពិនិត្យឃើញថា មេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ទោះបីវាមានការចម្លងលឿន តែមិនមែនជាជំងឺប្រភេទដ៏គ្រោះថ្នាក់នោះទេ បើប្រៀបធៀបនឹងមេរោគដែលតា អាល់ហ្វា ដែលរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យព្យាបាលនៅតាមផ្ទះ នៅតាមសណ្ឋាគារ និងនៅតាមទីកន្លែង ដែលពួកគេស្នាក់នៅ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា មេរោគបំប្លែងខ្លួនថ្មីអូមីក្រុង មានសភាពស្រាលជាងមេរោគបំប្លែងខ្លួនថ្មីដទៃទៀត។ ដូច្នេះសម្ដេច ចេញបទបញ្ជាទៅក្រសួងសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីអនុវត្តដូចតទៅ។
ទី១. សម្រាប់ជនបរទេសទាំងអស់ ដែលចូលមកកាន់ប្រទេសកម្ពុជា នៅពេលដែលពិនិត្យឃើញថា វិជ្ជមានកូវីដ-១៩ ទោះបីជាប្រភេទអូមីក្រុង ឬមិនមែនជាអូមីក្រុងក៏ដោយ ត្រូវអនុញ្ញាតឲ្យទៅសម្រាកព្យាបាល នៅតាមសណ្ឋាគារ នៅតាមស្ថានទូត និងនៅតាមកន្លែងដែលពួកគេជ្រើសរើស។ ដូច្នេះ ពុំមានការចាំបាច់យកជនបរទេស ឲ្យទៅព្យាបាលនៅមន្ទីរពេទ្យទៀតទេ។
ទី២. សម្រាប់ប្រជាពលរដ្ឋខ្មែរ ទាំងអ្នកត្រឡប់មកពីក្រៅប្រទេស និងអ្នកនៅក្នុងស្រុក ដែលត្រូវបានរកឃើញវិជ្ជមាន មេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ក៏អនុញ្ញាតឲ្យទៅព្យាបាលនៅតាមផ្ទះ ដូចប្រភេទមេរោគដែលតា និងអាល់ហ្វា ដែរ ហើយបែបបទ និតីវិធី និងបច្ចេកទេសសុខាភិបាល ក៏ត្រូវធ្វើដូចគ្នា ផងដែរ។ ដូច្នេះ ពុំមានតម្រូវការចាំបាច់ដូចពីពេលមុន ដែលត្រូវតែព្យាបាលនៅក្នុងមន្ទីរពេទ្យ ទៀតនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះអ្នកជំងឺទាំងឡាយ គឺត្រូវរកកន្លែងសមរម្យ ក្នុងករណីដែលផ្ទះមិនអាចព្យាបាលបាន ចាំមកទីកន្លែងមន្ទីរពេទ្យរបស់រដ្ឋ ប៉ុន្តែក្នុងករណី ដែលអាចព្យាបាលបាន សូមផ្ដល់ឱកាសសម្រាប់ការព្យាបាល នៅតាមផ្ទះ នៅតាមទីកន្លែង ដែលខ្លួនត្រូវការ»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់ពីពេលនេះតទៅ មិនត្រូវឲ្យអ្នកវិជ្ជមានមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង ត្រូវតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូចពេលមុនទៀតឡើយ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលជាជនបរទេស ឬក៏ជាជនជាតិខ្មែរក៏ដោយ បើចង់ចាកចេញពីមន្ទីរពេទ្យទៅព្យាបាលនៅតាមផ្ទះ ឬនៅតាមសណ្ឋាគារ ក៏អនុញ្ញាតឲ្យចេញទៅដែរ ចាប់ពីយប់នេះតទៅ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់អាជ្ញាធរ ជាពិសេសអ្នកធ្វើការងារពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ និងអ្នកជំងឺខ្លួនឯងផង ត្រូវអនុវត្តតាមការណែនាំរបស់សម្ដេច ចាប់ពីយប់នេះតទៅ។ សម្ដេចតេជោ បានបន្ថែមថា លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ម៉ម ប៊ុនហេង ត្រូវរៀបចំនីតិវិធី និងបែបបទបន្ថែម ជុំវិញសេចក្ដីណែនាំរបស់សម្ដេច ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះ ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវីដ-១៩។
ចំពោះការអនុញ្ញាតខាងលើនេះ មិនមែនមានន័យថា អនុញ្ញាតឲ្យអ្នកជំងឺដើរលេងតាមចិត្តនោះឡើយ ពោលគឺគ្រាន់តែជាការផ្ទេរការព្យាបាលពីមន្ទីរពេទ្យ ទៅព្យាបាលនៅតាមសណ្ឋាគារ ឬព្យាបាលនៅតាមផ្ទះ និងនៅតាមទីកន្លែងផ្សេងៗតែប៉ុណ្ណោះ៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ