Connect with us

ព័ត៌មានជាតិ

​ទេសរដ្ឋមន្រ្តី ​លី ធុជ​ ចូលរួមពិធី​ទិវាជាតិអូស្ត្រាលី​ រំលឹកខួប​លើកទី៧០​ កម្ពុជា​-អូស្ត្រាលី

បានផុស

នៅ

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅល្ងាចថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីប្រារព្ធទិវាជាតិអូស្ត្រាលី រំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតជាផ្លូវការរវាងកម្ពុជា និងអូស្ត្រាលី នៅនិវេសដ្ឋានឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ រវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥២ ហើយទំនាក់ទំនងនេះ បានបង្កើតនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ និងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

លោកទេសរដ្ឋមន្រ្តី បានរំលឹកឡើងផងដែរ នូវការតស៊ូមតិដ៏មុះមុតរបស់ប្រទេសអូស្ត្រាលី សម្រាប់ដំណើរការស្វែងរកសុខសន្តិភាពនៅកម្ពុជានៅចុងទសវត្សរ៍ឆ្នាំ១៩៨០ និងដើមទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងការដើរតួនាទីនាំមុខក្នុងអំឡុងពេលបេសកកម្មរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។ ចាប់តាំងពីពេលនោះមក អូស្ត្រាលីបានបន្តផ្តល់នូវជំនួយសប្បុរសធម៌ដល់កម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍលើវិស័យផ្សេងៗដូចជា ការអប់រំ សុខាភិបាល អភិបាលកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ដែលជាការរួមចំណែកដល់ការគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា។

លោកបន្តទៀតថា ទោះបីជាប្រទេសទាំងពីរប្រឈមមុខនឹងបញ្ហាជាច្រើនក៏ដោយ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ប្រទេសទាំងពីរ បានបន្តពង្រឹងលើគ្រប់វិស័យ រាប់ចាប់ពីការអភិវឌ្ឍ នយោបាយ សន្តិសុខ និងសេដ្ឋកិច្ចសង្គម ជាដើម។

ថ្មីៗនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះប្រទេសអូស្ត្រាលី ដែលផ្តល់ជំនួយប្រមាណ ៦០លានដុល្លារក្នុងមួយឆ្នាំដល់កម្ពុជា ដើម្បីពង្រឹងសន្តិសុខ សុខភាព ការការពារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការជួយបង្កើតផែនការឆ្លើយតបនឹងកូវីដ-១៩ នៅកម្ពុជា ឆ្នាំ ២០២០-២០២២ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ ព្រមទាំងបានផ្តល់វ៉ាក់សាំង Pfizer-BioNTech ចំនួន ២.៣៥ លានដូស ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រកម្មវិធីវ៉ាក់សាំងជាតិរបស់កម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ដោយឡែក សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ប្រទេសអូស្ត្រាលី គឺជាដៃគូអភិវឌ្ឍន៍ដ៏លេចធ្លោមួយ ដែលបានបរិច្ចាគថវិកាប្រមាណជាង ១០០ លានដុល្លារអូស្ត្រាលី ចាប់តាំងពីឆ្នាំ ១៩៩៤ ដែលទឹកចិត្តសប្បុរសរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី រួមជាមួយនឹងម្ចាស់ជំនួយផ្សេងទៀត បានចូលរួមជួយសង្រ្គោះដល់អាយុជីវិតប្រជាជនកម្ពុជាជាច្រើន កាត់បន្ថយចំនួនពិការភាព និងកាត់បន្ថយផ្ទៃដីមានការគម្រាមកំហែងដោយសារមីន។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងអូស្ត្រាលី ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលី ដើម្បីជំរុញទំនាក់ទំនងកាន់តែទូលំទូលាយ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាថែរក្សាសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអូស្ត្រាលីក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីជំរុញទំនាក់ទំនងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសយើងទាំងពីរ ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងពីរ និងតំបន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម