ព័ត៌មានជាតិ
សហគមន៍ទេសចរណ៍ និងអង្គការក្រៅរដ្ឋាភិបាល នាំគ្នាដាំកូនឈើនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប
សៀមរាប ៖ សហគមន៍ទេសចរណ៍វប្បធម៌ ធម្មជាតិបឹងពារាំង សហការជាមួយអាជ្ញាធរក្រុងសៀមរាប អង្គការអហ្វហ្វាម និងអង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល រួមទាំងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត បាននាំគ្នាដាំកូនឈើស្ដារព្រៃឈើឡើងវិញនៅតំបន់៣ នៃតំបន់ព្រៃលិចទឹកបឹងទន្លេសាប ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្ដសៀមរាប ។

លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះថា កូនឈើព្រៃលិចទឹកនេះមានជាង១ពាន់ដើម បានដាំនៅលើផ្ទៃដីជាង៣ហិកតា ដែលជាការដកហូតពីជនខិលខូចលួចកាប់ទន្ទ្រានកន្លងមក។ ការដាំនេះ ក្នុងគោលបំណង ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ទឹកជាជម្រកត្រីពងកូននារដូវវស្សា។

លោកបានបន្ដថា កូនឈើទាំងនោះមានជាច្រើនប្រភេទ រួមមានដើមរាំងទឹក ដើមឫស្សី ដើមម្ដេញ ដើមសណ្ដាន់ ដែលជាជំនួយពីអង្គការអហ្វហ្វាមផង និងជារបស់សហគមន៍ទេសចរណ៍ផង។ លោកបានបន្ដទៀតថា សហគមន៍ទេសចរណ៍មួយនេះ នឹងបន្ដបណ្ដុះកូនឈើព្រៃលិចទឹករាប់ពាន់ដើមទៀត ដើម្បីទុកយកទៅដាំក្នុងតំបន់៣ នៃព្រៃលិចទឹកនៅតំបន់ទេសចរណ៍ធម្មជាតិបឹងពារាំងបន្ថែមទៀតនៅលើផ្ទៃដីប្រមាណ៥០ហិកតា ដែលរងការឆាបឆេះកាលពីឆ្នាំទៅមិញ។

ដោយឡែក លោក មិញ ប៊ុនលី អ្នកសម្របសម្រួលអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា(Fact ហ្វេក) លោកមានប្រសាសន៍ថា ការដាំព្រៃលិចទឹកនេះមានសារ:សំខាន់ខ្លាំងណាស់ ព្រោះព្រៃលិចទឹកជាជម្រកត្រីពងកូន ជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់កន្ថយការហូរច្រោះដីចូលបឹងទន្លេសាប ជម្រកសត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញអ្នកទេសចរផងដែរ។
លោកបានបន្ដថា អង្គការFact មានការគាំទ្រយ៉ាងខ្លាំងដែលបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដកហូតដីព្រៃលិចទឹកពីជនខិលខូច ហើយធ្វើការដាំកូនឈើ ដើម្បីស្ដារព្រៃឈើឡើងវិញនេះ។ លោកស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹក ហើយរួមគ្នាដាំដើមឈើលិចទឹកឡើងវិញផងដែរ។

លោក ប៊ូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ដីព្រៃលិចទឹកក្នុងតំបន់៣ ដែលបានដកហូតពីជនខិលខូចកន្លងមកនៅទូទាំងខេត្ដសៀមរាប មានចំនួនជាង ២,៤០០ហិកតា ប៉ុន្ដែរដ្ឋបាលក្រុងមានផែនការដាំស្ដារឡើងវិញជាបន្ដបន្ទាប់ នូវដើមឫស្សី ដើមរាំង គ្រាប់ត្នោត ក្នុងសង្កាត់ទាំង៧សង្កាត់ នៅលើទីតាំងជាប់បឹងទន្លេសាប ដែលបានទន្ទ្រានឈូសឆាយកាន់កាប់កន្លងមក។ លោកបន្ដថា នៅពេលដែលទឹកទន្លេសាបស្រក នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀតរហូតដល់គ្រប់ផែនការដែលរាជរដ្ឋាភិបាលបានកំណត់៕
ដោយ ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


