Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសជប៉ុន បង្ហាញទស្សនៈផ្ទាល់ខ្លួនយ៉ាងណាខ្លះ ចំពោះបេក្ខជននាយករដ្ឋមន្ត្រីរបស់កម្ពុជា ?

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​រសៀល​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​ជប៉ុន ដើម្បី​ពិភាក្សា​ការងារ និង​ផ្លាស់ប្តូរ​យោបល់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ក៏ដូចជា​បញ្ហា​ក្នុង​តំបន់ ដែល​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួងការបរទេស នៃ​ប្រទេស​ជប៉ុន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​នោះ លោក HAYASHI Yoshimasa បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ​កងទ័ពជើងគោក មកកាន់​ទីក្រុង​តូ​ក្យូ​នាពេលនេះ ដែលជា​ការបង្ហាញឱ្យឃើញ​អំពី​ចំណងមិត្តភាព​ជិតស្និទ្ធ និង​កិច្ច​សហប្រតិបត្តិ​ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បាន​សម្តែង​ភាព​រីករាយ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ដែល​បានផ្តល់​ជូន​គណៈប្រតិភូ​កងទ័ពជើងគោក​កម្ពុជា និង​បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល កងកម្លាំង​ស្វ័យការពារ និង​ប្រជាជន​ជប៉ុន ដែល​តែងមាន​សមានចិត្ត​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​ជាប់​រហូតមក ទាំង​ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៨០ បេសកកម្ម​ថែរក្សា​សន្តិភាព​ក្នុង​ទស្សវត្សរ៍​ឆ្នាំ​ ៩០ និង​ការណ៍​ដែល​ជប៉ុន​ជា​ប្រទេស​ ១ ក្នុងចំណោម​ប្រទេស​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ស្តារ​កសាង និង​អភិវឌ្ឍ​កម្ពុជា​លើ​គ្រប់​វិស័យ​។​

​នៅក្នុង​ជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​កន្លងមក ជាពិសេស​វិស័យ​យោធា ដែលមាន​ការរីកចម្រើន​ជា​លំដាប់​ចាប់តាំងពី​ឆ្នាំ​ ២០១៣​ មក ហើយ​នៅ​ឆ្នាំ ​២០២៣ ខាងមុខនេះ ក៏​នឹងមាន​ប្រារព្ធ​ខួប​ទី​ ៧០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ដោយ​នឹងមាន​ការរៀបចំ​កម្មវិធី​ជាច្រើន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក HAYASHI Yoshimasa បានបង្ហាញ​នូវ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​ផ្ទាល់ខ្លួន​ថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញាវ័ន្តផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ។ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ការប្តេជ្ញាចិត្ត​របស់​ជប៉ុន​ក្នុងការ​បន្ត​ជួយ​ដល់​ដំណើរ​ការកសាង និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យបាន​រីកចម្រើន​រុងរឿង​ត​ទៅមុខទៀត ទន្ទឹមនឹង​ការបន្ត​គាំទ្រ​កម្ពុជា​ក្នុង​គ្រប់​កាលៈទេសៈ ស័ក្តិ​សមជា​ដៃគូ​យុទ្ធសាស្ត្រ​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​អំពី​ការគាំទ្រ​ផងដែរ ចំពោះ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នៅ​ឆ្នាំ​ក្រោយនេះ​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​មី​យ៉ាន់​ម៉ា លោក ហ៊ុន ម៉ា​ណែ​ត បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី អំពី​ជំហរ របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក្នុងនាម​ប្រធាន​អាស៊ាន​លើ​ការដោះស្រាយ​វិបត្តិ​នៅក្នុង​ប្រទេស​នេះ គឺ​ធ្វើយ៉ាងណា​បញ្ចៀស​អំពើហិង្សា រៀប​ចំការ​ផ្តល់ជំនួយ​មនុស្សធម៌ និង​ការបើក​ច្រក​សម្រាប់​ការបំពេញភារកិច្ច​រប​ស់​ប្រេសិត​ពិសេស​ប្រធាន​អាស៊ាន ស្របតាម​ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន ក៏ដូចជា​ធ្វើយ៉ាងណា​ឱ្យ​អាស៊ាន​អាច​រក្សាបាន​នូវ​ម​ជ្ឈ​ភាព និង​ពង្រឹង​សាមគ្គីភាព​។ លោក​ក៏បាន​បញ្ជាក់បន្ថែម​អំពី​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា​ក្នុងការ​បង្កើត​យន្តការ Troika (​កម្ពុជា ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី​) ដើម្បី​តាមដាន​បទ​ឈប់​បាញ់ និង​វឌ្ឍនភាព​នៃ​ការអនុវត្ត​ចំណុច​ឯកច្ឆន្ទ​ទាំង​៥ របស់​អាស៊ាន​។​

​ជាការ​ឆ្លើយតប លោក​រដ្ឋមន្ត្រីការបរទេស​ជប៉ុន បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ជាពិសេស​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​ច្នៃប្រឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ការកែច្នៃ​សភាពការណ៍ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នេះ ដែល​នេះ​គឺជា​ចំណុច​គន្លឹះ និង​ជា​ជោគជ័យ​នៃ​សិល្បៈ​ដឹកនាំ​របស់ សម្តេច នៅក្នុង​ការបំពេញ​តួនាទី​ដោះស្រាយ​កិច្ចការ​អន្តរជាតិ​។​

​គួរ​បញ្ជាក់ថា តប​តាម​ការអញ្ជើញ​របស់​រា​ជ​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ពជើងគោក បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​០៤ ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​ ១៤ ដល់​ថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ​ ២០២២ នៅក្នុង​ប្រទេស​ជប៉ុន ស្រប​ពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន បាន​ឯកភាពគ្នា​ប្រារព្ធ​ខួប​ទី​៣០ ឆ្នាំ នៃប្រតិបត្តិ​ការរក្សា​សន្តិភាព (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ហើយ​ដែល​ប្រតិបត្តិការ​នេះ ជា​ប្រតិបត្តិការ​ក្រៅប្រទេស​លើក​ទី​១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម