ព័ត៌មានជាតិ
កូកា-កូឡា កម្ពុជាប្រគល់ធុងបែងចែកសំរាមជូនសាលារាជធានីភ្នំពេញ
រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។

ធុងបែងចែកសំរាមចំនួន៥០ឈុត (១៥០ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីប្រគល់ និងទទួលធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាពជាដៃគូនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជាក្រោមចក្ខុវិស័យ “ពិភពលោកគ្មានសំរាម” ដើម្បីឈានទៅសម្រេចបានឱ្យចេញជារូបរាងជាក់ស្តែងនៅកម្ពុជា។

គំនិតផ្តួចផ្តើមនេះ បានដាក់អនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ២០២០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ លើការបែងចែក និងកែច្នៃសំណល់ឡើងវិញ។ ក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការដាក់ពង្រាយធុងសំរាម ប្រមាណ៨៥០ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានា ចំនួន ១២០ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា “រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យុទ្ធសាស្ត្រកាត់បន្ថយ និងគ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពីការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។ យើងគាំទ្រដល់ចក្ខុវិស័យរបស់វិស័យឯកជន រួមទាំងក្រុមហ៊ុន កូកា-កូឡា ផងដែរ ក្នុងការរួមចំណែកឆ្ពោះទៅរកសហគមន៍កាន់តែស្អាត និងបៃតងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងន័យនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ និងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន។ យើងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងការលើកកម្ពស់ការបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការប្រមូលសំរាមនៅក្នុងសហគមន៍ ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋ និងសហគមន៍កាន់តែច្រើនថែមទៀត នឹងចូលរួមធ្វើការងារជាមួយយើងក្នុងការការពារបរិស្ថានរបស់យើង ដោយចាប់ផ្តើមចេញពីទង្វើសាមញ្ញដោយគ្រាន់តែបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការកែច្នៃសំរាមឡើងវិញ”។

ឈុតបែងចែកសំរាមនីមួយៗ មានភា្ជប់ជាមួយនូវសារអប់រំ រំលឹកប្រជាពលរដ្ឋពីការទុកដាក់សំណល់ប្លាស្ទិក ឲ្យដាច់ដោយឡែកពីសំណល់ផ្សេងទៀត ដូចជាសំណល់អាលុយម៉ីញ៉ូម ដប និងសំណល់ទូទៅជាដើម។ ការបែងចែកសំណល់ប្លាស្ទិកបានត្រឹមត្រូវ នឹងធ្វើឱ្យសំណល់ប្លាស្ទិក ដែលអាចកែច្នៃបាន កាន់តែមានឱកាសទទួលបានការប្រើប្រាស់ឡើងវិញ ទទួលបានការកែច្នៃប្រើប្រាស់ឡើងវិញ និងអាចបង្កើតបានជាវត្ថុដែលមានប្រយោជន៍ម្ដងទៀត។

ក្នុងពិធីប្រគល់ធុងបែងចែកសំណល់នេះ លោក DAVID WIGGLESWORTH អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា “ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និងកំពុងធ្វើការយ៉ាងសកម្មលើការលើកកម្ពស់ការប្រមូល និង កែច្នៃ សំបកវេចខ្ចប់ប្លាស្ទិកផលិតផលរបស់យើង រួមមាន ដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិករុំផលិតផលរបស់យើង។ នេះគឺជាផ្នែកមួយនៃសកម្មភាពអាទិភាពរបស់យើងឆ្ពោះទៅកាន់គោលដៅជាសកល ដើម្បីសម្រេចបាននូវការប្រមូល និងកែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬកំប៉ុងទាំងអស់ដែលយើងលក់នៅលើទីផ្សារ នៅត្រឹមឆ្នាំ២០៣០”។

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការប្រមូល និងកែច្នៃឡើងវិញនៅទូទាំងប្រទេស។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច១០០% ឬហៅថា “Recycled PET / rPET”។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និងក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និងកែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០តោន។ ដើម្បីស្វែងយល់បន្ថែមទៀតអំពីចក្ខុវិស័យ “ពិភពលោកគ្មានសំរាម” របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


