ព័ត៌មានជាតិ
អ្នកចិញ្ចឹមត្រចៀកកាំប្រមូលផ្តុំបង្កើតសមាគមជំរុញការផលិតជួយសេដ្ឋកិច្ចជាតិ
អ្នកចិញ្ចឹមសត្វត្រចៀកកាំជិត ១០០០នាក់ បានប្រមូលផ្តុំបង្កើតសមាគមឈ្មោះថា សមាគមត្រចៀកកាំខ្មែរ បានចុះបញ្ជីរួចរាល់នៅក្រសួងមហាផ្ទៃ កាលពីដើមខែ មីនា ឆ្នាំ ២០២២។

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានប្រាប់កម្ពុជាថ្មីថា ការបង្កើតសមាគមនេះ គោលបំណងដើម្បីជំរុញផលិតកម្មការចិញ្ចឹមសត្វត្រចៀកកាំឲ្យកាន់តែមានវឌ្ឍនភាពល្អ មានន័យថា បង្កើតទាំងការផលិត ទាំងការកែច្នៃ និងការរៀបចំបច្ចេកទេសមួយចំនួន ដើម្បីមានលក្ខណៈស្តង់ដារ សម្រាប់នាំចេញ។
«តាមការស្រាវជ្រាវថ្មីៗនេះ រកឃើញថា សម្បុកត្រចៀកកាំរបស់កម្ពុជា មានគុណភាពល្អជាងគេ ព្រោះយើងពុំមានបំពុលបរិកាស នាំឲ្យអាប់អួរ ដល់សត្វត្រចៀកកាំនោះទេ»។ នេះជាការបញ្ជាក់របស់លោក កុកធាន។

ប៉ុន្តែអ្វីដែលជាបញ្ហា ការចិញ្ចឹមរបស់ពលរដ្ឋខ្មែរ នៅមានកម្រិតទាប បើគិតជាភាគរយ ១០០% យើងទើបតែមានចំណេះដឹងត្រឹម ២០%ប៉ុណ្ណោះ នៅខ្វះខាតច្រើន ដូចជាការ រៀបចំបច្ចេកទេស រូបរាង ឲ្យត្រូវតាមស្តង់ដារ និងការថែទាំជាដើម។
ទាក់ទងនឹងចំណេះដឹងនេះ លោក ស៊ុយ កុកធាន បញ្ជាក់ថា លោកបានសិក្សាបច្ចេកទេសពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលជាប្រទេសចាស់ទុំ ធ្វើការលើវិស័យនេះរាប់រយឆ្នាំមកហើយ ដោយឡែកកម្ពុជា ទើបតែចាប់ផ្តើមរយៈពេល ៥ ឬ៦ឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ ដែលត្រូវការរៀនសូត្រពីគេច្រើនទៀត។
ចំណេះដឹងដែលលោក កុកធាន ទទួលបាននេះ លោកអះអាងថា នឹងយកមកចែករំលែកដល់ប្រជពលរដ្ឋ ពិសេសអ្នកចិញ្ចឹមនៅក្នុងស្រុក ដែលកំពុងខ្វះបច្ចេកទេសក្នុងការរៀបចំ និងថែទាំ។
ប្រធានសមាគមត្រចៀកកាំខ្មែរ បានលើកឡើងថា កាលពី ២ឆ្នាំមុន មានការស្រាវជ្រាវមិនផ្លូវការមួយបានបង្ហាញថា កម្ពុជា អាចចូលរួមចំណែកនាំចេញផលិតផលសម្បុកត្រចៀកកាំទៅក្រៅប្រទេសក្នុងបរិមាណ ៤០ ទៅ៥០តោន ប៉ុន្តែជាក់ស្តែង យើងផលិតបានមិនលើសពី ១០០តោននោះទេ ក្នុង១ឆ្នាំ។
ក្នុងវិស័យនេះ កម្ពុជា បានចូលរួមចំណែកតិចតួចបំផុត សម្រាប់តម្រូវការពិភពលោក។ ជាក់ស្តែង គ្រាន់តែប្រទេសចិនមួយ មានតម្រូវការជាង ៣០០០តោន ក្នុង១ឆ្នាំ ប៉ុន្តែពិភពលោក ផ្គត់ផ្គង់បានត្រឹមតែ ១០០០តោនប៉ុណ្ណោះ គឺនៅមានតម្រូវការខ្ពស់ថែមទៀត។
ពាក់ព័ន្ធនឹងតម្លៃ លោក ស៊ុយ កុកធាន បានឲ្យដឹងថា សម្រាប់សម្បុកដែលមិនទាន់កែច្នៃតម្លៃចន្លោះពី ៦៥០ដុល្លារទៅ ៧០០ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកសម្បុកដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ តម្លៃនៅក្នុងស្រុក។ ប៉ុន្តែបើលក់ចេញទៅក្រៅប្រទេសអាចតម្លៃ ២០០០ដុល្លារ ទៅជាង ២០០០ដុល្លារ ក្នុង១គីឡូក្រាម។

សព្វថ្ងៃយើងផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ និងនៅសល់ខ្លះសម្រាប់នាំចេញ ប៉ុន្តែការនាំចេញបច្ចុប្បន្នមានការលំបាក ដូចជាបញ្ហាពន្ធ ពិបាកក្នុងការដឹកជញ្ជូន មានតម្លៃថ្លៃជាដើម។ លោក កុកធាន បន្ថែម។
បើតាមលោក កុកធាន មុនវិបត្តិកូវីដ មានក្រុមហ៊ុនចិន បានវិនិយោគលើការចិញ្ចឹមសត្វចៀកកាំខ្មែរ ហើយក្រុមជីប៊ី ក៏បានធ្វើរួចហើយ ដែលមានចំនួនរាប់រយផ្ទះ និងមានក្រុមហ៊ុនម៉ាឡេស៊ីមួយ គ្រោងស្នើរាជរដ្ឋាភិបាល ធ្វើផ្ទះត្រចៀកកាំចំនួន ៤០០ផ្ទះ នៅកម្ពុជាផងដែរ។
ប្រធានសមាគមត្រចៀកកាំខ្មែរ ដាក់ការរំពឹងថា កម្ពុជា នឹងអាចផលិតសម្បុកត្រចៀកកាំបានប្រមាណ ៥០០តោនក្នុង ១ឆ្នាំ ដែលបានរួមចំណែកបង្កើតថវិកាបានចំនួនជិត ១ពាន់លានដុល្លារ សម្រាប់ជួយសេដ្ឋកិច្ចកម្ពុជា។ ការផលិតនឹងកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន ជាឱកាសសម្រាប់នាំចេញកសិផលខ្មែរ ក្នុងនោះក៏មានសម្បុកត្រចៀកកាំផងដែរ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


