ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ធ្វើយ៉ាងម៉េច កុំឲ្យចូលឆ្នាំហើយផ្ទុះកូវីដ-១៩
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មីឲ្យប្រជាពលរដ្ឋ ដើរលេងសប្បាយក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាឆ្នាំនេះ បន្ទាប់ពីខកខានអស់រយៈពេលពីរឆ្នាំកន្លងមក។ ក៏ប៉ុន្តែសម្ដេចតេជោ បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដោយមិនត្រូវឲ្យពេលចូលឆ្នាំហើយ ផ្ទុះឡើងនូវជំងឺមួយនេះនោះទេ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រជាពលរដ្ឋកំពុងត្រៀមដើរលេង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសរៀបចំឡើងវិញ ក្នុងឆ្នាំនេះ។ ប៉ុន្តែសម្ដេចតេជោ បានបន្តស្នើឲ្យប្រជាពលរដ្ឋទាំងអស់គ្នា បន្តចូលរួមទប់ស្កាត់ការឆ្លងរាលជំងឺកូវីដ-១៩ ជាពិសេសអនុវត្តនូវវិធានការសុខាភិបាល និង ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ជោគជ័យនៃការគ្រប់គ្រងកូវីដនៅកម្ពុជា មិនមែនបានមកពីតួអង្គ ហ៊ុន សែន ម្នាក់ឯងនោះទេ ហ៊ុន សែន គ្រាន់តែជាមេបញ្ជាការនៃយុទ្ធនាការ ទប់ស្កាត់ការការពារ និងគ្រប់គ្រងសភាពការណ៍ ប៉ុន្តែបានមកពីការចូលរួមគ្រប់ផ្នែកទាំងអស់ ស្ថាប័នទាំងអស់ អាជ្ញាធរថ្នាក់ក្រោមជាតិ មន្ត្រីសុខាភិបាល ហើយជាពិសេសប្រជាជនម្នាក់ៗ ចេះការពារខ្លួន»។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ការដើរលេងកម្សាន្ដក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ កុំឲ្យមានការផ្ទុះឆ្លងរាលជំងឺកូវីដ-១៩ ហើយនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវរៀបចំវិធានការបង្ការការពារឲ្យបានម៉ត់ចត់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ធ្វើយ៉ាងម៉េច កុំឲ្យចូលឆ្នាំរួចហើយបែរជាផ្ទុះៗ អញ្ចឹងនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការឲ្យបានម៉ត់ចត់ មិនមែនគ្រាន់តែទាក់ទិននឹងការពារសន្តិសុខ សណ្ដាប់ធ្នាប់ទេ ប៉ុន្តែអាជ្ញាធរនៅតាមគ្រប់ទីកន្លែងទាំងអស់ ត្រូវមើលគ្រប់គ្រងទាំងកម្លាំងសន្តិសុខ ការពារសណ្ដាប់ធ្នាប់ និងទាក់ទិនជាមួយនឹងសុខាភិបាល យើងត្រូវមានពេទ្យ មានកន្លែងធ្វើតេស្ដរហ័ស ព្រោះជួនកាលប្រជាពលរដ្ឋរបស់យើង គាត់អត់មានប្រដាប់ធ្វើតេស្ដរហ័ស ទៅជាមួយទេ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ