Connect with us

ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ «សុវត្ថិភាពម្ហូបអាហារ» មានសារៈសំខាន់ក្នុងការជំរុញឲ្យផលិតផលម្ហូបអាហារ មានសុវត្ថិភាព

បានផុស

នៅ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២នេះ បានបន្តពិភាក្សាលើរបៀបវារៈ ស្តីពី «សេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារ»។ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានសម្រេចអនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ»។

បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយយោងតាមការតម្រូវ នៃនិន្នាការសកលនៃពាណិជ្ជកម្មអន្តរជាតិ និងស្របទៅតាមកម្មវិធីការងារ របស់រាជរដ្ឋាភិបាលឆ្នាំ ២០១២-២០១៥ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដែលកម្ពុជាមានកាតព្វកិច្ចត្រូវរៀបចំប្រព័ន្ធច្បាប់ ឲ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងឧត្តមានុវត្តន៍អន្តរជាតិ នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ទៅក្នុងតំបន់និងសកល។

ដោយយល់ឃើញអំពីសារៈសំខាន់នេះ និងដើម្បីឲ្យស្របតាមគោលការណ៍ នៃប្រព័ន្ធច្បាប់ពិភពលោក ក្រសួងពាណិជ្ជកម្ម បានសហការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារនេះឡើង ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្ម និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប។

សេចក្តីព្រាងច្បាប់ ស្តីពី សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ ក្នុងការកំណត់គោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឲ្យផលិតផលម្ហូបអាហារមានសុវត្ថិភាព និងស្របតាមស្តង់ដាកំណត់សំដៅធានាកម្រិតនៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ម៉្យាងវិញទៀត តម្រូវការក្នុងផលិតកម្ម និងពាណិជ្ជកម្មម្ហូបអាហារ តម្រូវឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ស្តីពី អនាម័យ និងភូតគាមអនាម័យ (SPS) និងរបាំងបច្ចេកទេស។

ចំពោះពាណិជ្ជកម្ម (TBT) ដែលជាកម្លាំងចលករជំរុញឲ្យមានកំណើនវិនិយោគ ជំរុញប្រសិទ្ធភាពនៃការនាំចេញម្ហូបអាហារ និងធានាបាននូវការប្រកួតប្រជែង ប្រកបដោយសមធម៌និងយុត្តិធម៌ ក្នុងវិស័យ​ផលិត​កម្ម និងពាណិជ្ជកម្មម្ហូបអាហារ។ សុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួម និងមានលក្ខណៈពហុវិស័យ ដែលចាំបាច់តម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តការគ្រប់គ្រង និងត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម