ព័ត៌មានជាតិ
លោក វង្សី វិស្សុត ណែនាំមន្ត្រីក្រោមឱវាទឱ្យចេះទទួលយកពាក្យរិះគន់ និងចេះស្តាប់គំនិតអ្នកដទៃ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានណែនាំមន្ត្រីក្រោមឱវាទឱ្យគោរពច្បាប់ មានវិន័យ មានសាមគ្គីភាព មិនបង្កបញ្ហា ចេះទទួលយកពាក្យរិះគន់ ស្ដាប់គំនិតអ្នកដទៃ និងចេះធ្វើស្វ័យតិះទៀន។ លោក វង្សី វិស្សុត ណែនាំមន្ត្រីក្រោមឱវាទបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្ទៃក្នុងលើកដំបូងរបស់ថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ នាថ្ងៃទី២៨ ខែសីហា នេះ។

លោក វង្សី វិស្សុត បានបន្តណែនាំមន្ត្រីរាជការនៅក្នុងទីស្ដីការគណរដ្ឋមន្ត្រីទាំងអស់ឱ្យបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ដោយប្រកាន់គោលការណ៍ គុណភាព ប្រសិទ្ធភាព សមិទ្ធកម្ម និងគុណាធិបតេយ្យ។ បន្ថែមពីនេះមន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវតែ បំពេញការងារប្រកបដោយវិជ្ជាជីវៈ គោរពវិន័យ គោរពច្បាប់ លិខិតបទដ្ឋាន និងគោរពក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយនឹងការបំពេញការងារជាក្រុម ដោយឈរលើស្មារតីនៃប្រយោជន៍ និងគុណតម្លៃរួម ចេះសម្របសម្រួលគ្នា ចេះជួយគ្នា និងចេះចែករំលែក។ ជាងនេះទៅទៀត ត្រូវប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ច្នៃប្រឌិត និងឈរលើគោលការណ៍ដោះស្រាយបញ្ហា តែមិនបង្កើតបញ្ហា។

លោកក៏បានលើកទឹកចិត្តឱ្យមន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាពចំណេះដឹង, ជំនាញ, បច្ចេកទេស និងបន្តចូលរួមអនុវត្តភារកិច្ចរបស់ខ្លួន ប្រកបដោយទំនួសខុសត្រូវខ្ពស់គ្រប់បេសកកម្មការងារ ដោយផ្តោតជាពិសេសលើការរៀបចំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី និងការងារត្រួតពិនិត្យ សម្របសម្រួលការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗ។ ជាពិសេស ការងារសិក្សាស្រាវជ្រាវ និងត្រួតពិនិត្យឡើងវិញលើឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងអនុវត្ត ក្នុងគោលដៅធ្វើឱ្យខ្លឹមសារនៃឯកសារគតិយុត្តិទាំងនោះ មានភាពត្រឹមត្រូវ, មានសង្គតិភាព, មិនជាន់គ្នា, មិនលើស, មិនខ្វះ និងព្រមទាំងឆ្លុះបញ្ចាំងនូវបរិការថ្មី នៃការអភិវឌ្ឍ និងចរន្តនិន្នាការក្នុងប្រទេស និងក៏ដូចជានៅលើសាកលលោក។
ទន្ទឹមនេះ លោក វង្សី វិស្សុត បានចង្អុលបង្ហាញឱ្យគ្រប់អង្គភាពទាំងអស់ ក៏ត្រូវរៀបចំផែនការ លើកកម្ពស់សមត្ថភាពការងារ និងការទទួលខុសត្រូវរៀងខ្លួន ក្នុងនាមជាអ្នកសម្របសម្រួលរវាងរាជរដ្ឋាភិបាល ជាមួយក្រសួង-ស្ថាប័នសាម៉ី ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ កំណត់បង្ហាញ និងឯកសាររដ្ឋបាលពាក់ព័ន្ធផ្សេងៗទៀត ដោយធ្វើយ៉ាងណាធានាឱ្យបាននូវភាពច្បាស់លាស់ ការសម្ងាត់ រហ័ស និងគ្រប់ជ្រុងជ្រោយ ដើម្បីលើកជាយោបល់ជូននាយករដ្ឋមន្ត្រី ធ្វើការពិនិត្យ និងសម្រេចបានត្រឹមត្រូវ និងទាន់ពេលវេលា។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់ទីស្តីការគណៈរដ្ឋមន្រ្តី កុំឱ្យភ្លេចនូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


