ព័ត៌មានជាតិ
មន្ត្រីធនាគារជាតិ៖ វិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ដើម្បីផ្សព្វផ្សាយជូនអ្នកពាក់ព័ន្ធនៅក្រុងព្រះវិហារ
ខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមេសានេះ លោក ម៉ែន ភក្ដី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ជាក់ស្ដែងនៅក្នុងឆ្នាំ២០២១កន្លង ទោះកម្ពុជាបានជួបបញ្ហាជាសកលនៃការរីករាយដាលពីជំងឺកូវីដ១៩ក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅរក្សាតួនាទីដ៏សំខាន់របស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់បំផុតដើម្បី ចំណែកស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

លោកប្រធាននាយកដ្ឋានបានលើកឡើងរបាយការណ៍មកបញ្ជាក់ថា ជារួមនៅបំណាច់ឆ្នាំ២០២១កន្លងទៅនេះ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងគ្រឹះស្ថានឥណទានជនបទដែលបានប្រតិបត្តិការមានប្រមាណ ៣៧,៣០ទ្រីលានរៀល (ស្មើនឹង៩,១៦ ប៊ីលានដុល្លារអាមេរិក) ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ ៣១,៩៦ ទ្រីលានរៀល (ស្មើនឹង ៧,៨៤ ប៊ីលានដុល្លារអាមេរិក)ត្រូវបានផ្តល់ដល់អតិថិជនជាង ១,៩៧ លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង២,៥៧ លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ ១៦,៨៤ ទ្រីលានរៀល(ស្មើនឹង ៤,១៣ ប៊ីលានដុល្លារអាមេរិក)។

លោកប្រធាននាយកដ្ឋានបានបន្តទៀតថា លទ្ធផលដែលសម្រេចបាននេះគឺបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជាក្រោមការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាលនិងការចូលរួមសហការពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។
លោកប្រធាននាយកដ្ឋានបានឲ្យដឹងទៀតថា ចំពោះមុខនេះបន្ថែមពីតួនាទីជាសារវ័ន្តរបស់ខ្លួននោះវិស័យមីក្រូហិរញ្ញវត្ថុក៏បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាថែមទៀតផងតាមរយៈការកាត់បន្ថយគម្លាតនៃការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការរវាងប្រជាជនក្នុងទីប្រជុំជននិងទីជនបទដើម្បីឲ្យមានលទ្ធភាពបំពេញតម្រូវការសេវាហិរញ្ញវត្ថុទាន់ពេលវេលាមានតម្លៃសមរម្យ និង មានកិច្ចគាំពារតាមផ្លូវច្បាប់ចំពោះប្រជាជននៅតាមតំបន់ដាច់ស្រយាលដែលពុំមានប្រតិបត្តិការធនាគារទៅដល់។

លោកប្រធាននាយកដ្ឋានបានបន្ថែមថាប៉ុន្តែទោះបីវិស័យមីក្រូហិរញ្ញវត្ថុកន្លងមកការរីកចម្រើនពិតមែនតែ វិស័យនេះក៏នៅមានការប្រឈមមុខនឹងបញ្ហាចម្បងៗ មួយចំនួនដែរចាំបាច់ត្រូវយកចិត្តទុកដាក់ដូចជាការផ្ដល់ចំណេះដឹងដល់ប្រជាជនជាអ្នកប្រើប្រាស់ប្រាក់កម្ចីការជម្រុញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធការបន្តជួយផ្សព្វផ្សាយនិងអប់រំប្រជាជនឲ្យខ្ចីប្រាក់តែពីគ្រឹះស្ថានស្របច្បាប់ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅនិងគោរពតាមកាតព្វកិច្ចសង។
លោក ម៉ែន ភក្ដី បានសង្ឃឹមថា តាមរយះសិក្ខាសាលាផ្សព្វផ្សាយស្តីពី«វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា»នាពេលនេះនឹងជួយឲ្យប្រជាជនអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់រួចផុតពីការរងគ្រោះនៃការជាប់បំណុលវ័ណ្ឌក និងពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័ទៀតផង។

លោក ដុស ឌីន តំណាងក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងនៅក្នុងសិក្ខាសាលានោះថាតាមរបាយការណ៍ស្ថានភាពប្រាក់កម្ចីនៅកម្ពុជាឆ្នាំ២០២១ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថានៅខេត្តព្រះវិហារមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៣ កំពុងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់អតិថិជននៅក្នុងខេត្តព្រះវិហារ ចំនួន ៣៩.៩៩៨នាក់ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ១៣៦ លានដុល្លារ។ ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ៥៩.៦៩៤ នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន៧លានដុល្លារអាមេរិក។ ហើយចំពោះមុខនេះគ្រឹះស្ថានហិរញ្ញវត្ថុ ទាំងអស់ក៏បានដាក់ទិសដៅរួមមួយ ស្រាប់អតិថិជនរបស់ឲ្យខ្លួនទទួលបានជោគជ័យ និងបន្តប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពដោយប្រកាន់យកនូវគោលការណ៍រួមគឺ «ភាពជោគជ័យរបស់អតិថិជនទើបជាភាពជោគជ័យពិតប្រាកដរបស់គ្រឹះស្ថាន»។

គួរបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នេះរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់និងផលប្រយោជន៍នៃវិស័យមីក្រូហិរញ្ញវត្ថុ និងប្រាក់រៀលដែលជារូបិយវត្ថុជាតិ_ តួនាទីភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា និងចំណេះដឹងនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ_កាតព្វកិច្ចនិងការទទួលខុសត្រូវរបស់អាជ្ញារមូលដ្ឋាន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងការផ្តល់ជាវេទិការសាធារៈជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការលើកឡើងជាសំណួរ និងសំណូមពរពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ