ព័ត៌មានជាតិ
ក្រសួងការងារសាកល្បងគម្រោងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារកនៅតាមរោងចក្រ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្ត គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស(MUSEFO) ។

អនុស្សរណៈនេះត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោកស្រីបណ្ឌិត ហ្គ្វីណេត ខុតស៍ (Gwyneth Cotes) នាយិកាប្រចាំប្រទេសអង្គការ Helen Keller និងលោក ហ្វារីដ ស៊ែលមី (Farid Selmi) នាយកគម្រោង MUSEFOនៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
អនុស្សរណៈនៃការយោគយល់គ្នាដែលមានសុពលភាពរយៈពេល ១៥ខែនេះក្នុងគោលបំណងបង្កើតនូវក្របខណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងអង្គការ និងក្រសួង ក្នុងការអនុវត្ត “គម្រោងសាកល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅតាមរោងចក្រសហគ្រាស” ស្របតាមយុទ្ធសាស្រ្តចតុកោណក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។

គម្រោងនេះ ផ្ដោតលើរោងចក្រចំនួន ១៨កន្លែង ដែលមានអ្នកធ្វើការសរុបចំនួន ២១,១៦៦នាក់។ ដោយផ្តល់ការបណ្តុះបណ្តាល ស្តីពីសារៈសំខាន់នៃការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារដល់និយោជក ឬតំណាងរបស់ខ្លួន កម្មករ កម្មការិនីក្នុងវ័យបន្តពូជ និងកម្មការិនីកំពុងមានផ្ទៃពោះ និងបំបៅដោះកូន។
លោកស្រី ហ្គ្វីណេត ខុតស៍ បានមានប្រសាសន៍ថា បច្ចុប្បន្នអង្គការហេទ្បែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភដល់ស្ត្រី និងកុមារនៅតាមរោងចក្រមួយចំនួន តាមរយៈការគាំទ្រថវិការបស់គម្រោង GIZ-MUSEFO ដើម្បីរួមគ្នាលើកកម្ពស់សុខភាព ផលិតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។
លោកស្រីបានបន្តថា កម្មវិធីនេះ បានផ្តោតទៅលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា សារៈសំខាន់នៃអាហារូបត្ថម្ភក្នុងការលើកកម្ពស់សុខភាព និងការពារពីជំងឺផ្សេងៗ អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទំាសុខភាពពេលលំហែមាតុភាព និងក្រោយសម្រាលកូន និងការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូចក្នុងកំទ្បុងពេលធ្វើការងារដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
លោកស្រី សង្កត់ធ្ងន់ថា សម្រាប់រដ្ឋាភិបាលកម្ពុជាដែលបានគំាទ្រលើគម្រោង នឹងសម្រេចបានចំនួន ៨៥ភាគរយ សម្រាប់អាហារូបត្ថម្ភ និង៨៥ភាគរយទៀតសម្រាប់ការបំបៅដោះកូននៅតាមរោងចក្រ សហគ្រាស នៅក្នុងឆ្នាំ២០៣០ខាងមុខនេះ។
លោកបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ចំពោះអង្គការហេទ្បែន ខេលល័រ ដែលបានបង្កើតនូវកម្មវិធីពាក់ព័ន្ធនឹងអនាម័យ អាហាររូបត្ថម្ភ កុមារ នៅតាមរោងចក្រ សហគ្រាស ជាពិសេសជាស្ត្រីឲ្យស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការយុទ្ធសាស្ត្របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងតែអនុវត្តនៅតាមបណ្តារោងចក្រសហគ្រាសនានាក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានចាត់ទុកគម្រោងនេះថា បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការជំរុញបន្ថែមនូវការថែទាំសុខភាព អនាម័យ ស្ត្រី និងកុមារឲ្យមានភាពកាន់តែប្រសើរ ស្របពេលដែលក្រសួងការងារ បានកំពុងអភិវឌ្ឍន៍នូវសេវា និងចេញលិខិតបទដ្ឋានថ្មីៗរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោករដ្ឋមន្ត្រីពឹងថា គម្រោងនេះ មិនត្រឹមតែជួយដល់លក្ខខណ្ឌការងារប៉ុណ្ណោះទេ ថែមទាំងជួយដល់សេដ្ឋកិច្ចរបស់ជាតិថែមទៀតផង៕ សំអឿន

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


