ព័ត៌មានជាតិ
កម្ពុជាប្ដេជ្ញារក្សាគម្របព្រៃឈើ ដើម្បីទាញយកឥណទានកាបូន
លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាដើម្បីរក្សាឈើឈរដែលមានស្រាប់ នឹងអាចរកចំណូលតាមរយៈការលក់ឥណទានកាបូន និងការរកចំណូលតាមរយៈទេសចរ ឬអេកូទេសចរណ៍ ដើម្បីបង្កើនចំណូលជូនសហគមន៍មូលដ្ឋាន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ សង្កត់ធ្ងន់ថា បច្ចុប្បន្នកម្ពុជា គឺជាប្រទេសមួយដែលគេទទួលស្គាល់ថា គឺជាប្រទេសដែលឈានមុខគេ នៅក្នុងការអនុវត្តការលក់ឥណទានកាបូន នៅក្នុងទីផ្សារស្ម័គ្រចិត្តអន្តរជាតិ។
អ្នកនាំពាក្យរូបនេះ បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ប្រទេសកម្ពុជា បានលក់ឥណទានកាបូនក្នុងទឹកប្រាក់ចំនួន ១១.៦លានដុល្លារអាមេរិក ខណៈដែលគម្រោងនេះអនុវត្ត នៅក្នុងតំបន់អភិរក្សកែវសីមា ខេត្តមណ្ឌលគិរី តំបន់អភិរក្សធម្មជាតិតាតៃ និងតំបន់អភិរក្សធម្មជាតិជួរភ្នំក្រវាញភាគខាងត្បូង ក្នុងខេត្តកោះកុង។

ទន្ទឹមនឹងការអនុវត្តគម្រោងទាញយកឥណទានកាបូន នៅក្នុងខេត្ត និងតំបន់អភិរក្សធនធានធម្មជាតិខាងលើ ក្រសួងបរិស្ថាន ក៏បានសហការជាមួយក្រុមហ៊ុនរបស់ប្រទេសជប៉ុន ស្ថិតក្នុងគម្របព្រៃឡង់ក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលគម្រោងនេះអនុវត្តដោយអង្កការអភិរក្សអន្តរជាតិ CI និងអង្គការដៃគូមួយចំនួនទៀត។ លើសពីនេះទៅទៀតកាលពីឆ្នាំ ២០២១កន្លងទៅ តំបន់អភិរក្សចំនួន ៣ នៃខេត្តព្រះវិហារ ក៏ត្រូវបានក្រុមមន្ត្រីជំនាញចុះទៅធ្វើការវាយតម្លៃ អំពីចំនួននៃឥណទានកាបូន ដែលក្នុងនោះរួមមាន ដែនជម្រកសត្វព្រៃឆែប ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងដែនជម្រកសត្វព្រៃព្រះរការ។

លោក នេត្រ ភក្ត្រា ឲ្យដឹងដូច្នេះ «នេះគឺជាកិច្ចខិតខំមួយទៀត នៅក្នុងការលក់ឥណទានកាបូន ហើយអ្នកបញ្ជាទិញ គឺគេបានវាតម្លៃថា កម្ពុជាមានមធ្យោបាយ និងមានយន្តការគ្រប់គ្រាន់ នៅក្នុងការការពារប្រកបដោយប្រសិទ្ធភាពទៅលើព្រៃឈើ ដូចនេះយើងមិនចាំបាច់បកស្រាយថា ព្រៃឈើនៅស្រុកខ្មែរអស់ទេ»។
បើតាមលោក នេត្រ ភក្រ្តា ថវិកាដែលទទួលបានពីការលក់ ឥណទានកាបូននឹងត្រូវយកទៅអភិវឌ្ឍក្នុងគោលដៅចំនួនពីរ គឺប្រើដើម្បីធ្វើសកម្មភាពអភិរក្ស ធនធានធម្មជាតិ តាមរយៈការបំពាក់នូវសម្ភារៈបច្ចេកទេស មធ្យោបាយ និងការឧបត្ថម្ភផ្សេងៗដល់មន្ត្រីឧទ្យានុរក្ស ទីពីរ សម្រាប់អភិវឌ្ឍនៅក្នុងសហគមន៏មូលដ្ឋាន ដែលនៅជុំវិញតំបន់ទាញយកឥណទានកាបូន។

គួរបញ្ជាក់ដែរថា ផ្ទៃដីគម្របព្រៃឈើ ដែលស្ថិតនៅក្រោមការការពារជាតំបន់ធម្មជាតិ របស់ក្រសួងបរិស្ថានមានចំនួន ៧លាន ៣សែនហិកតា ស្មើនឹង ៤១ភាគរយ នៃផ្ទៃដីសរុបប្រទេសកម្ពុជា។ បច្ចុប្បន្នបញ្ហាកង្វក់ខ្យល់ដកដង្ហើម គឺជាប្រធានបទសំខាន់មួយរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសអភិវឌ្ឍន៍ និងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងការការពារធនធានធម្មជាតិ ដើម្បីទាញយកឥណទានកាបូន និងបន្សុទ្ធខ្យល់នៅតាមប្រទេសទាំងនោះ៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


