ព័ត៌មានអន្ដរជាតិ
សមាជិកសភាប៊ុលហ្គារីគាំទ្ររុស្ស៊ីនិងអឺរ៉ុប ប៉ះពារគ្នាដល់រាងកាយ ក្នុងជម្លោះលើប្រាក់អឺរ៉ូ
សមាជិកសភានៃប្រទេសប៊ុលហ្គារីនៅតំបន់បាល់កង់ជាប់សមុទ្រខ្មៅ បានផ្ទុះការប៉ះទង្គិចគ្នាលើរាងកាយ ដោយមានការរុញច្រានគ្នា ក្នុងការពិភាក្សាច្បាប់លើការកំណត់ការប្រើប្រាស់រូបិយបណ្ណអឺរ៉ូក្នុងប្រទេសនេះ ដែលនាំទៅដល់ការតវ៉ាពីសំណាក់តំណាងរាស្រ្តដែលមាននិន្នាការទៅរករុស្ស៊ី និង ការតវ៉ារបស់ប្រជាជនដែលគាំទ្ររុស្ស៊ី។

នៅក្នុងវីដេអូដែលបង្ហាញពីសមាជិកសភាមួយក្រុមដើរទៅរុញច្រានដើមទ្រូងរបស់សមាជិកសភានៃគណបក្សផ្សេងដែលគាំទ្រការទទួលយកការចាយប្រាក់អឺរ៉ូនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសប៊ុលហ្គារី។
សមាជិកសភានៃគណបក្ស រស់ឡើងវិញ (Revival) លោក Tsoncho Ganev ត្រូវបានគេមើលឃើញថា កំពុងរុញYavor Bozhankov ជាសមាជិកសភានៃគណបក្ស «We Continue the Change» ដែលជាគណបក្សគាំទ្រការប្រើប្រាស់ប្រាក់អឺរ៉ុបក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រទេសនេះ។
តាមសេចក្តីរាយការណ៍របស់ gbnews.com ការប៉ះទង្គិចគ្នារវាងសមាជិកសភាប៊ុលហ្គារីកើតឡើង នៅក្នុងសាលប្រជុំពេញអង្គកំឡុងការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុកអំពីការអនុម័តប្រាក់អឺរ៉ូដែលបានគ្រោងទុករបស់ប្រទេស។
ការប៉ះទង្គិចបានកើតឡើងនៅពេលដែលសមាជិកសភានៃគណបក្ស Revival បានរារាំងកិច្ចពិភាក្សារបស់សភាក្នុងការតវ៉ាប្រឆាំងនឹងការផ្លាស់ប្តូររបស់ប្រទេសប៊ុលហ្គារីឆ្ពោះទៅរកការចូលរួមក្នុងរូបិយប័ណ្ណតែមួយក្នុងតំបន់អឺរ៉ុប។ គណបក្ស Revival ដែលប្រកាន់ស្តាំនិយម បានលេចចេញជាគូប្រជែងដែលមានសំឡេងច្រើនបំផុតនៃការអនុម័តប្រាក់អឺរ៉ូ ដោយសមាជិករបស់ខ្លួនកាន់បដាដែលសរសេរថា «និយាយទេ ចំពោះប្រាក់អឺរ៉ូ» ក្នុងអំឡុងពេលសម័យប្រជុំដ៏ច្របូកច្របល់។
ជម្លោះវោហាសព្ទរហូតឈានដល់ការប៉ះពាផ្នែករាងកាយ បានកត់សម្គាល់ការកើនឡើងដែលមិនធ្លាប់មានពីមុនមកនៅក្នុងភាពតានតឹងសភាជុំវិញការជជែកដេញដោលក្នុងតំបន់អឺរ៉ូ។
ប្រទេសប៊ុលហ្គារី ដែលមានប្រជាជនជិត៦លានកន្លះ បានទទួលភ្លើងខៀវពីគណៈកម្មការអឺរ៉ុប និងធនាគារកណ្តាលអឺរ៉ុប ដើម្បីអនុម័តប្រាក់អឺរ៉ូចាប់ពីថ្ងៃទី ១ខែមករា ឆ្នាំ២០២៦ ដោយក្លាយជាសមាជិកទី ២១ នៃតំបន់ប្រើប្រាស់រូបិយប័ណ្ណតែមួយ។
ការប្រកាសរបស់គណៈកម្មការអឺរ៉ុប បានកើតឡើងនៅពេលដែលបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភាក្នុងរដ្ឋធានី Sofia ដោយគ្រវីទង់ជាតិប៊ុលហ្គារី និងរុស្ស៊ី ខណៈពេលដែលស្រែកថា «និយាយថាទេ ចំពោះអាណានិគមនិយមអឺរ៉ូ»។
តាមសេចក្តីរាយការណ៍របស់ព័ត៌មានខាងលើ ក្រុមបាតុករដែលរៀបចំដោយគណបក្ស Vazrazhdane ដែលគាំទ្ររុស្ស៊ី បានបិទច្រកចូលទាំងសភា និងធនាគារកណ្តាលប៊ុលហ្គារី។ មនុស្សជាច្រើនបានយកសញ្ញាដែលសរសេរថា «សូមថែរក្សារូបិយបណ្ណប៊ុលហ្គារី (Preserve the Bulgarian lev) និង «អនាគតជាកម្មសិទ្ធិរបស់រដ្ឋអធិបតេយ្យ»។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ប្រាក់អឺរ៉ូនឹងធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសប៊ុលហ្គារី «កាន់តែរឹងមាំ ជាមួយនឹងពាណិជ្ជកម្មកាន់តែច្រើនជាមួយដៃគូតំបន់ចាយប្រាក់អឺរ៉ូ ការវិនិយោគផ្ទាល់ពីបរទេស ការទទួលបានហិរញ្ញវត្ថុ ការងារប្រកបដោយគុណភាព និងប្រាក់ចំណូលពិតប្រាកដ»។
តាមសេចក្តីរាយការណ៍នោះ មេដឹកនាំការរស់ឡើងវិញ លោក Kostadin Kostadinov ដែលជាបក្សប្រឆាំងប្រាក់អឺរ៉ូ បានអានការដកស្រង់ប្រវត្តិសាស្ត្រនៅក្នុងសភា ហើយបានចោទប្រកាន់សមាជិកសភាគាំទ្រប្រាក់អឺរ៉ូថាជា «អ្នកបំរើ» ដែលក្បត់ប្រជាជន។ វោហាសាស្ត្រដ៏ក្តៅគគុករបស់គាត់បានជំរុញឱ្យសមាជិកសភាមកពីបក្ស «We Continue the Change» ដែលជាបក្សប្រជាធិបតេយ្យប៊ុលហ្គារី បក្ស DPS-New Beginning បក្ស BSP-United Left, បក្ស There is Such a People និង សមាជិកសភាច្រើនទៀត ពីបក្ស GERB ដើរចេញពីសាលប្រជុំពេញអង្គ។
មានតែសមាជិកសភា នៃគណបក្ស Revival, Greatness, និង MECH ប៉ុណ្ណោះដែលនៅសេសសល់ ពេលដែល Kostadinov ថ្លែងសេចក្តីប្រកាសរបស់គាត់។ លោកបានព្រមានថា រដ្ឋាភិបាលណាមួយដែលជំរុញឱ្យមានប្រាក់អឺរ៉ូនឹង«បង់ថ្លៃយ៉ាងសាហាវ»។
តំណាងរាស្រ្តនៃបក្ស MECH ប្ដេជ្ញាថា បើស្ថាប័នដួលរលំ ពួកគេនឹងអំពាវនាវឲ្យប្រជាពលរដ្ឋយកអំណាចមកវិញដោយផ្ទាល់។
នាយករដ្ឋមន្ត្រីប៊ុលហ្គារី Rossen Jeliazkov ដែលមានទំនោរទៅរកអឺរ៉ុបជាជាងឥទ្ធិពលរុស្ស៊ីនោះ បានអបអរសាទរនូវអ្វីដែលលោកហៅថាជា «ថ្ងៃដ៏អស្ចារ្យ» នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយថាវាជា «ជំហានឆ្ពោះទៅមុខមួយទៀតនៅលើផ្លូវរបស់ប៊ុលហ្គារីទៅកាន់ប្រាក់អឺរ៉ូ» បន្ទាប់ពីកំណែទម្រង់ជាច្រើនឆ្នាំ និងការតម្រឹមជាមួយដៃគូអឺរ៉ុប។
អតីតនាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Kiril Petkov ដែលជាសហប្រធាននៃ គណបក្ស «We Continue the Change» បាននិយាយថា ប៊ុលហ្គារី បានរង់ចាំរយៈពេល១៨ឆ្នាំសម្រាប់ពេលនេះ។ គាត់បានប្រាប់អ្នកយកព័ត៌មាននៅច្រករបៀងសភាថា «កាលពីអតីតកាល សុបិននោះស្តាប់ទៅមិនប្រាកដ»។
មេដឹកនាំគណបក្ស GERB លោក Boyko Borissov បានច្រានចោលក្រុមបាតុករថា ជាមនុស្សដែល «ចង់ឱ្យប៊ុលហ្គារីនៅក្រៅក្លឹបនៃប្រទេសអភិវឌ្ឍន៍» ខណៈពេលដែលចោទប្រកាន់ លោក Petkov ថា មិនបានរួមចំណែកអ្វីសោះចំពោះដំណើរការអនុម័តប្រាក់អឺរ៉ូ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


