ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ឲ្យពលរដ្ឋរាយការណ៍មកក្រសួង បើរកឃើញបទល្មើសធនធានធម្មជាតិធំៗ
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់ប្រជាពលរដ្ឋ ដែលរកឃើញបទល្មើសធនធានធម្មជាតិធំៗ អាចរាយការណ៍ទៅសមត្ថកិច្ច ឬរាយការណ៍មកក្រសួងបរិស្ថាន ដើម្បីបញ្ចៀសការលើកឡើងថា សំណាញ់ច្បាប់កម្ពុជាចាប់បានតែត្រីល្អិតៗ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ការផ្សព្វផ្សាយយុទ្ធនាការអន្ទាក់សូន្យនៅខេត្តព្រះវិហារ កាលពីពេលថ្មីៗនេះ លោក នេត្រ ភក្ត្រា បញ្ជាក់ថា ការប្រកាន់យកវិធានការច្បាប់តែមួយមុខ គឺមិនអាចទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បាននោះទេ។ លោកបន្តថា ការផ្ដល់ជម្រើសថ្មី ជូនប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ និងមុខរបរថ្មី ដែលផ្សេងពីមុខរបរប្រពៃណី ដូចជាការចូលព្រៃដើម្បីកាប់ឈើ ឬដើម្បីបរបាញ់សត្វ គឺជារឿងសំខាន់ និងមានប្រសិទ្ធភាពបំផុត។ ដោយឡែកទាក់ទងនឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ខាងក្រសួងបរិស្ថាន នឹងពិនិត្យមើលអំពីភាពចន្លោះប្រហោងបន្ថែមទៀត។

នេត្រ ភក្ត្រា បញ្ជាក់ដូច្នេះ «យើងហ្នឹងធ្វើកិច្ចការងារនេះ (ការបង្រ្កាបបទល្មើសធនធានធម្មជាតិ) បន្តទៅទៀត ការអនុវត្តច្បាប់យើងធ្វើ ក៏ប៉ុន្តែថាតើប្រសិទ្ធភាព នៃការអភិរក្សរបស់យើងពឹងផ្អែកទៅលើការអនុវត្តច្បាប់តែមួយឬ? នោះគឺអត់ទេ គឺវាដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍមូលដ្ឋាន»។
ជុំវិញបញ្ហានេះលោក អូត ឡាទីន អ្នកសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានឲ្យដឹងថា ការលើកឡើងរបស់លោក នេត្រ ភក្ត្រា ហាក់មិនឆ្លើយតបក្នុងការដោះស្រាយបញ្ហាបទល្មើសធនធានធម្មជាតិ នៅក្នុងប្រទេសកម្ពុជានោះទេ។ លោកថា នៅពេលដែលក្រុមសកម្មជនបរិស្ថានចេញរបាយការណ៍ ស្ដីពីការបាត់បង់ធនធានបរិស្ថានម្ដងៗ ក្រសួងតែងតែបដិសេធ។

លោកបញ្ជាក់ថា «ចាប់ពីឆ្នាំ ២០១៩មក មានការរឹតត្បិត មិនឲ្យសហគមន៍មូលដ្ឋាន ចូលរួមនៅក្នុងកិច្ចការពារធនធានធម្មជាតិ នៅក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា អញ្ជឹងបើសិនជាគាត់ចង់ឲ្យធនធានធម្មជាតិ មាននិរន្តរភាពពិតមែន មិនចាំបាច់ឲ្យពួកយើងសិក្សាស្រាវជ្រាវ ថាតើអនុវត្តបានតែអ្នកតូច ហើយអ្នកធំមិនអនុវត្តបាននោះទេ»។
ទោះជាយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងបរិស្ថានអះអាងថា កម្ពុជាមានច្បាប់ ស្ដីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ និងឯកសារគតិយុត្តជាច្រើនផ្សេងទៀត ហើយក្រសួងបាននិងកំពុងអនុវត្ត។ ដោយឡែក ការចង់បានការអនុវត្តច្បាប់មួយ ដែលល្អឥតខ្ចោះនោះ ក្រសួងមិនអាចធ្វើបានទេ។
លោករដ្ឋលេខាធិការ បញ្ជាក់បន្ថែមថា ការលើកឡើងមួយចំនួន ដែលថាច្បាប់របស់កម្ពុជាចាប់បានតែត្រីតូចៗ ឬបង្ក្រាបបានតែបទល្មើសតូចតាចនោះ វាមិនមែនជាការពិតឡើយ។ លោកជំរុញឲ្យប្រជាពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ច ឬមកក្រសួងបរិស្ថាន ដើម្បីអនុវត្ត និងទប់ស្កាត់បទល្មើសទាន់ពេលវេលា។
លោកបញ្ជាក់ដូច្នេះថា «ហើយអ្វីដែលលើកឡើងថា ច្បាប់ចាប់បានតែត្រីតូចអត់ត្រីធំ ឥឡូវបង្ហាញមកថាត្រីធំនៅកន្លែង ណា ហើយមានភស្តុតាងដែរអត់ បញ្ជូនមកយើងនឹងអនុវត្ត»៕
អត្ថបទ៖ លន់ សេនី
-
កីឡា១៦ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


