ព័ត៌មានជាតិ
លោក ឈាង វុន ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមរៀបចំ និងអនុវត្តកំណែទម្រង់ជាតិជាច្រើនរួចមកហើយ
លោក ឈាង វុន ប្រធានគណៈកម្មការទី ២ នៃរដ្ឋសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមរៀបចំ និងអនុវត្តកំណែទម្រង់ជាតិជាច្រើនរួចមកហើយ នៅក្នុងវិស័យសាធារណៈ ជាពិសេសកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ការលើកឡើងនេះ បានធ្វើឡើងគ្រាដែលអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិប្រមាណ ២០ស្ថាប័ន នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២នេះ បានរួមគ្នារៀបចំវេទិកាសាធារណៈថ្នាក់ជាតិ ស្ដីពី ការចូលរួមរបស់ពលរដ្ឋ ក្នុងដំណើការនៃការកសាងផែនការថវិកា និងការតាមដានចំណូលចំណាយថវិកាសាធារណៈ ក្នុងបរិបទក្រោយកូវីដ-១៩។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមានការចូលរួម ពីសំណាក់មន្ត្រីជំនាញនៃគណៈកម្មាការទី ២ នៃរដ្ឋសភា ដែលដឹកនាំដោយលោក ឈាង វុន។
លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានឲ្យដឹងថា វេទិកាសាធារណៈនេះ រៀបចំឡើងក្នុងគោលបំណងចំនួន ៣ធំៗគឺ ទីមួយបង្កើនការយល់ដឹង និងលើកកម្ពស់ការចូលរួម របស់សាធារណជនទៅលើតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណើរការនៃការរៀបចំផែនការថវិកា និងការអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ទីពីរ គឺដើម្បីផ្តល់ឱកាសដល់អ្នកបង់ពន្ធរួមទាំងយុវជន សង្គមស៊ីវិល/អង្គការមិនមែនរដ្ឋាភិបាល ជួបជជែកពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅឆ្ពោះទៅបង្កើនការចូលរួមជាសាធារណៈ នៅក្នុងវដ្តនៃដំណើរការរៀបចំផែនការថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
គោលបំណងទីបី គឺផ្តល់ឱកាសដល់អ្នកបង់ពន្ធពិសេសយុវជន និងសង្គមស៊ីវិល ផ្តល់នូវធាតុចូលជូនក្រសួងពាក់ព័ន្ធ និងអ្នកធ្វើគោលនយោបាយនានា សំដៅធ្វើឲ្យប្រសើរឡើងនូវតម្លាភាព និងគណនេយ្យភាពថវិកាជាតិ ការបញ្រ្ជាប យេនឌ័រ គោលការណ៍បរិយាប័ន្ន និងជម្រើសផ្សេងទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពផែនការថវិកាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ឈាង វុន ប្រធានគណៈកម្មាការទី ២ នៃរដ្ឋសភា បានលើកឡើងនៅក្នុងវេទិការសាធារណៈថ្នាក់ជាតិនេះដែរថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដួចផ្ដើមរៀបចំ និងអនុវត្តកំណែទម្រង់ជាតិជាច្រើនរួចមកហើយ នៅក្នុងវិស័យសាធារណៈ ជាពិសេសកម្មវិធីកំណែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីជាតិ នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីកំណែទម្រង់សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកបន្ថែមថា ការរៀបចំ និងការអនុវត្តគម្រោងថវិកា និងផែនការយុទ្ធសាស្រ្តក្រសួង និងស្ថាប័ននីមួយៗ ចាំបាច់ត្រូវរៀបចំប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ខណៈឆ្នាំ ២០១៩ និងឆ្នាំ ២០២០ គឺជាពេលវេលាដ៏លំបាកក្នុងការអនុវត្តកម្មវិធី និងការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយសារបញ្ហាកូវីដ-១៩។
លោកបញ្ជាក់ថា គោលដៅចម្បងនៃកម្មវីធីការកែទម្រង់ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាការប្រែក្លាយ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឲ្យទៅជាប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈស្របទៅនឹងការអនុវត្តជាអន្តរជាតិ ខណៈដែលការកម្មវិធីកំណែទម្រង់នេះ ត្រូវបានរៀបចំឡើងជាការកែទម្រង់សម្រាប់រយៈពេលវែង។
លោកស្រី សុខ ច័ន្ទឆវី តំណាងនាយិការរបស់អង្គការអ័ក្សហ្វាមប្រចាំកម្ពុជា ក៏បានឲ្យដឹងដែរថា ការអភិវឌ្ឍប្រកបដោយចីរភាព និងប្រកបដោយបរិយាប័ន្ន គឺត្រូវការការចូលរួមពីអ្នកពាក់ព័ន្ធ ដែលក្នុងនោះ មានរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ វិស័យឯកជន រួមជាមួយនឹងអង្គការជាតិ និងអន្តរជាតិ ដើម្បីធ្វើការដោះស្រាយបញ្ហា ដែលជាតម្រូវការចាំបាច់របស់ពលរដ្ឋទូទៅ។
លោកស្រីបន្ថែមថា អង្គការអ័ក្សហ្វាម នឹងបន្តកិច្ចសហការជាមួយដៃគូ ជាពិសេសត្រៀមខ្លួនជាស្រេចជាមួយរាជរដ្ឋាភិ បាល ក្នុងការរួមចំណែក និងអនុវត្តនូវកម្មវិធីកំណែទម្រង់នានា ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងការកាត់បន្ថយវិសមភាពសង្គម វិសមភាពសេដ្ឋកិច្ច និងវិសមភាពយេនឌ័រ សម្រាប់កម្ពុជាផងដែរ៕
អត្ថបទ៖ លន់ សេនី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


