ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សា បន្តពង្រឹងអភិបាលកិច្ចឱ្យមានភាពរឹងមាំ
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សាបន្តធ្វើកំណែទម្រង់ឧត្តមសិក្សា ដោយត្រូវបន្តពង្រឹងអភិបាលកិច្ចនៅតាមគ្រឹះស្ថានឧត្តមសិក្សាឱ្យមានភាពរឹងមាំ។ ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាថ្មី និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យស្វាយរៀង នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានណែនាំដល់គ្រឹះស្ថាននីមួយៗត្រូវមានក្រុមប្រឹក្សាភិបាលដែលមានសមត្ថភាពដឹកនាំច្បាស់លាស់ ឬការប្រែក្លាយជា គ្រឹះស្ថានសាធារណៈរដ្ឋបាល។ លោកថា ការរៀបចំនេះ ត្រូវភ្ជាប់មកជាមួយនូវចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់។ សាកលវិទ្យាល័យត្រូវរៀបចំកម្មវិធីសិក្សា និងឯកសារបង្រៀនឡើងវិញឱ្យមានលក្ខណៈទំនើប ដោយផ្លាស់ប្តូរពីការបង្រៀនតាមបែបទ្រឹស្តីសុទ្ធសាធ មកជាការអប់រំផ្ដោតលើលទ្ធផល (Outcome Based Education) ដើម្បីធានាថា និស្សិតទទួលបាននូវសមត្ថភាពពិតប្រាកដ អាចយកទៅអនុវត្តបានក្នុងទីផ្សារការងារ។ ទន្ទឹមនឹងនេះ ត្រូវលើកកម្ពស់ការរៀនភាសាបរទេស និងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា (STEM) ដើម្បីឱ្យនិស្សិតអាចសិក្សាស្រាវជ្រាវក្នុងកម្រិតសកលបាន។
លោកឧបនាយករដ្ឋមន្ត្រី ថា «គុណភាពអប់រំ ចាប់ផ្តើមពីគុណភាពសាស្ត្រាចារ្យ»។ ដូច្នេះ ត្រូវបន្តពង្រឹង លើកទឹកចិត្ត និងផ្ដល់ឱកាសដល់សាស្ត្រាចារ្យឱ្យបន្តការសិក្សាថ្នាក់បណ្ឌិតឱ្យបានកាន់តែច្រើន និងជំរុញឱ្យមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ។ លោកថា ក្នុងយុគសម័យឌីជីថល ការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) គឺជាឧបករណ៍ដ៏មានសក្ដានុពល ដែលនឹងជួយដល់អ្នកប្រើប្រាស់ ជាពិសេសសាស្រ្តាចារ្យ និងនិស្សិត ឱ្យទទួលបាននូវចំណេះដឹងទូលំទូលាយ និងបង្កើនប្រសិទ្ធភាពនៃការសិក្សា។ ហេតុនេះ គ្រឹះស្ថានសិក្សាត្រូវតែរៀបចំឱ្យមាន បន្ទប់ឌីជីថលដើម្បីផ្ដល់ឱកាសឱ្យនិស្សិតបានអនុវត្តជាក់ស្តែង ឆ្លើយតបទៅនឹងនិន្នាការការងារថ្មីៗ។

លើសពីនេះ លោកក៏បានណែនាំឱ្យសាកលវិទ្យាល័យស្វាយរៀង ក៏ដូចជាគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត រៀបចំជាអង្គសិក្ខាសាលារួមគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធ និងមតិយោបល់លើសមិទ្ធផលនៃកំណែទម្រង់ដែលបានអនុវត្តកន្លងមក។ បន្ថែមលើកិច្ចសហការក្នុងស្រុក គ្រឹះស្ថានសិក្សាត្រូវពង្រីកវិសាលភាពទៅកាន់កម្រិតតំបន់ និងសកលលោក តាមរយៈការចងសម្ព័ន្ធភាពជាមួយសាកលវិទ្យាល័យអន្តរជាតិ ដើម្បីបង្កើតកម្មវិធីផ្លាស់ប្ដូរនិស្សិត ការធ្វើស្រាវជ្រាវរួមគ្នា និងការតម្រឹមកម្មវិធីសិក្សាឱ្យស្របតាមស្តង់ដាអន្តរជាតិ។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ មន្ត្រីរាជការ និងបុគ្គលិកអប់រំនៃសាកលវិទ្យាល័យស្វាយរៀងដែលបានយកអស់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីចូលរួមចំណែកក្នុងការអនុវត្តកំណែទម្រង់វិស័យឧត្តមសិក្សា ជាពិសេសការអនុវត្តកំណែទម្រង់ក្នុងសាកលវិទ្យាល័យស្វាយរៀង បានចូលរួមចំណែកក្នុងការកែលម្អកម្មវិធីសិក្សា លើកកម្ពស់គុណភាពអប់រំនៅសាកលវិទ្យាល័យ ឆ្លើយតបនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការលើកកម្ពស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


