Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២២ កម្ពុជាបញ្ជូននិស្សិតអាហារូបករណ៍ ទៅសិក្សានៅបរទេសជាង ៧៦០ នាក់

បានផុស

នៅ

នៅក្នុងឆ្នាំ ២០២២ នេះ កម្ពុជានឹងបញ្ជួននិស្សិតអាហារូបករណ៍ទៅសិក្សានៅបរទេសប្រមាណជាង ៧៦០ នាក់នៅតាមបណ្តាប្រទេសចំនួន ១០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ៦ ខែកក្កដានេះថា ក្នុងចំណោមនិស្សិតទៅសិក្សានៅតាមបណ្តាប្រទេសចំនួន ១០ ក្នុងនោះរួមមានប្រទេសចិន មានចំនួន ២៣០ នាក់ សិក្សាថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ។ នៅជប៉ុន មានចំនួន ៥៥ នាក់ សិក្សាទៅលើមុខជំនាញស្រាវជ្រាវ ថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា មធ្យមសិក្សា និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នៅហុងគ្រី ចំនួន ៣០ នាក់ សិក្សាថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា។ នៅគូបា ៤ នាក់ សិក្សាថ្នាក់បរិញ្ញាបត្រ។ រុស្សី ២០ នាក់ សិក្សាបរិញ្ញាបត្រ។ នៅវៀតណាម សិក្សាបរិញ្ញាបត្រចំនួន ១០០ នាក់។ នៅឡាវ សិក្សាបរិញ្ញាបត្រចំនួន ១៥ នាក់ ថៃ សិក្សាបណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រចំនួន ៣០០ នាក់ និងនៅមីយ៉ាន់ម៉ា សិក្សាបរិញ្ញាបត្រចំនួន ១០ នាក់ ព្រមអង្គការសហប្រជាជាតិ សិក្សាជំនាញវិជ្ជាជីវៈមិនកំណត់ចំនួន។

លោក រស់ សុវាចា បានបន្តថា បើគិតចាប់ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ កម្ពុជាបានបញ្ជួននិស្សិតអាហារូបករណ៍ទៅសិក្សានៅតាមបណ្តាប្រទេសផ្សេងៗចំនួន ៣២ សរុបចំនួន ១៩ ៥៤៦ នាក់ ក្នុងនោះស្រីចំនួន ៤ ២២៨ នាក់។

លោក រស់ សុវាចា បានបង្ហាញពីនីតិវិធីក្នុងការទទួលបានអាហារូបករណ៍ថា ក្រសួងអប់រំ យុវជន និងកីឡា ផ្សព្វផ្សាយជាសាធារណ: និងលើកទឹកចិត្តសិស្ស-និស្សិតស្តីពី ឱកាសអាហារូបករណ៍ជាតិ តំបន់ និងអន្តរជាតិតាមយន្តការដែលមានស្រាប់របស់ក្រសួង សហការជាមួយក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សាពាក់ពន្ធ័ ជាពិសេសគ្រឹះស្ថានឧត្តមសិក្សាក្នុងប្រទេសកម្ពុជា និងប្រទេសជាមិត្ត។ ក្រៅពីនេះមានផ្សព្វផ្សាយជូនសិស្សានុសិស្សទាំងអស់នៅទូទាំងរាជធានី-ខេត្តទាំង២៥ តាមយន្តការផ្សេងៗដូចជា បណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងអប់រំ និងមន្ទីរ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងគ្រឹះស្ថានសិក្សាជាដើម។

លោក រស់ សុវាចា បានឱ្យដឹងទៀតថា ជាទូទៅ រៀងរាល់ឆ្នាំបន្ទាប់ពីប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាយកដ្ឋានឧត្តមសិក្សា របស់ក្រសួងអប់រំ យុវជននិងកីឡា មានភារកិច្ចរៀបចំដំណើរការជ្រើសរើស និងការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍រដ្ឋ ឱ្យចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជននៅទូទាំងប្រទេស។ អាហារូបករណ៍ទាំងនោះត្រូវបានបែងចែកលើគោលការណ៍អាទិភាពដូចខាងក្រោម៖ សិស្សពូកែទូទៅ សិស្សនារី សិស្សក្រីក្រ សិស្សមកពីតំបន់ជួបការលំបាក សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា រូបវិទ្យា និងភាសាខ្មែរ និងសិស្សមានពិការភាព។

លោក រស់ សុវាចា បានបញ្ជាក់ថា ក្រៅពីអាហារូបករណ៍ខាងលើនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏ផ្តល់ឱកាសអាហារូបករណ៍នៅកម្រិតសិក្សាផ្សេងៗដូចជាកម្រិតបឋមសិក្សា កម្រិតមធ្យមសិក្សាទៅតាមរូបភាពផ្សេងៗ និងលទ្ធភាពជាក់ស្តែង។ បន្ថែមពីនេះ ក្រសួងអប់រំ ផ្តល់នូវឱកាសបន្លាស់ប្តូរនិស្សិតរវាងកម្ពុជា និងបណ្តាប្រទេសជាមិត្តបានប្រព្រឹត្តទៅតាមកិច្ចសហប្រតិបត្តិការវិជ្ជមានរវាងកម្ពុជា និងប្រទេសជាមិត្តទាំងអស់។

លោក រស់ សុវាចា បានឱ្យដឹងទៀតថា ក្នុងចំណោមកម្មវិធីពង្រឹងសមត្ថភាពសិស្ស-និស្សិតផ្សេងៗ ក្រសួងអប់រំ បាន និងកំពុងបន្តផ្តល់ឱកាសផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍សិក្សា ស្រាវជ្រាវ និងអាហារូបករណ៍កម្រិតជាតិ តំបន់ និងអន្តរជាតិ។ ក្នុងន័យនេះ សិស្ស-និស្សិតអាចពង្រឹងជំនាញសតវត្សទី២១ និងជំនាញឯកទេសរបស់ខ្លួនដើម្បីក្លាយជាមូលធនមនុស្សចូលរួមអភិវឌ្ឍសង្គម វប្បធម៌ សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងចក្ខុវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។

លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា ក្រសួងអប់រំ ស្វាគមន៍ និងថ្លែងអំណរគុណចំពោះកិច្ចសហការណ៍វិជ្ជមានពីគ្រប់ភាគីពាក់ព័ន្ធក្នុងការផ្តល់ឱកាសអាហារូបករណ៍ដើម្បីចូលរួមចំណែកការងារកំណែទម្រង់អប់រំ យុវជន និងកីឡាព្រោះឱកាសអាហារូបករណ៍ឆ្លើយតបទៅនឹងការអប់រំពលរដ្ឋសកល ដែលមានបំណងចូលរួមពង្រឹងសមត្ថភាពសិស្ស-និស្សិតគ្រប់កម្រិតឱ្យក្លាយជាពលរដ្ឋសាកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃ ឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។

លោក រស់ សុវាចា បានបន្តឱ្យដឹងទៀតថាជាងនេះទៀតឱកាសអាហារូបករណ៍ទាំងអស់ដែលសិស្ស-និស្សិតកម្ពុជាទទួលបាន មានតួនាទីសំខាន់មួយក្នុងការចូលរូមលើកកម្ពស់គុណភាពមូលធនមនុស្សដែលចូលរូមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យនាពេលបច្ចុប្បន្ននិងអនាគត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម