ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននឹងជួយបង្កើនផលិតភាពការងារក្នុងរោងចក្រកាន់តែប្រសើរ
លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គមបានមានប្រសាសន៍ថារបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនបានរួមចំណែកយ៉ាងសំខាន់បំផុត
ក្នុងការបង្កើនផលិតភាពការងារក្នុងរោងចក្រនិងសហគ្រាសឱ្យកាន់តែប្រសើរថែមទៀត។

ថ្លែងក្នុងពិធីផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារទៅដល់ថ្នាក់ដឹកនាំសហជីពកាលពីរសៀលថ្ងៃទី១៤កក្កដា លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «របបសន្ដិសុខសង្គមផ្នែកប្រាក់សោធននឹងកម្មកនិយោជិតមានការសប្បាយចិត្តព្រោះដឹងថា ពេលចាស់ទៅនឹងទទួលបានប្រាក់សោធនសម្រាប់ចិញ្ចឹមជីវិតនិងទទួលបានការថែទាំសុខភាពទៀត។អីចឹងទេវានឹងជួយការបង្កើនស្មារតីទទួលខុសត្រូវខ្ពស់ខិតខំបំពេញការងារប្រកបដោយស្ថិរភាព និងភាពយូរអង្វែងរបស់កម្មករនិយោជិតឈានដល់ការបង្កើតផលិតភាពជូនសហគ្រាស គ្រឹះស្ថានរបស់ខ្លួន»។

លោករដ្ឋមន្ត្រីបានបន្តថា របបសន្ដិសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ គឺឱ្យកម្មករនិយោជិតទាំងអស់ក្នុងវិស័យឯកជនទទួលបានប្រាក់ចូលនិវត្តន៍នៅពេលចាស់ធ្វើការលែងកើត ដូចទៅនឹងមន្រ្តីរាជការដែរ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការបង្កើតឱ្យមានរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធននេះឡើង គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើជីវភាពរស់នៅក្នុងន័យកាត់បន្ថយភាពក្រីក្រ និងធានានូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនកម្មករនិយោជិត។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាការចុះឈ្មោះចូលជាសមាជិក ប.ស.ស.ផ្នែកប្រាក់សោធន មិនមែនជាការស័្មគ្រចិត្តនោះទេ
ប៉ុន្ដែវាជាកាតព្វកិច្ចរបស់ភាគីនិយោជក និងភាគីកម្មករនិយោជិតដែលត្រូវអនុវត្តស្របទៅតាមច្បាប់ស្ដីពីរបបសន្ដិសុខសង្គមដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្ដីបានសំណូមពរបងប្អូនសហជីពទាំងអស់ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចម្ងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យបានដល់បងប្អូនកម្មករនិយោជិតដែលជាអ្នកនៅជាមួយ និងជួបផ្ទាល់បងប្អូនសហជីពទាំងអស់គ្នា ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់
ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយសាទរជៀសវាងការទទួលនូវការញុះញង់ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

គួរបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះត្រូវបានក្រសួងការងារប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១ខែកក្កដាឆ្នាំ២០២២។ប៉ុន្តែក្រសួងទុករយៈពេល៩០ថ្ងៃគឺចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញាឆ្នាំ២០២២នេះតទៅដើម្បីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន
ឧស្សាហកម្មរោងចក្រ សហគ្រាសគ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុងស្រុកខណ្ឌដើម្បីឱ្យភាគីពាក់ព័ន្ធបានយល់ដឹងពីកាតព្វកិច្ចនិងផលប្រយោជន៍ដែលទទួលបានពីប្រាក់សោធននេះ។

លោករដ្ឋមន្ត្រីរពឹងថាការផ្សព្វផ្សាយស្តីពីរបបផ្នែកសោធននេះធ្វើយ៉ាងណាបញ្ជ្រាបដល់កម្មករនិយោជិតឱ្យបានយ៉ាងហោចណាស់៨០ភាគរយដើម្បីឈានទៅអនុវត្តជាផ្លូវការនៅខែតុលាឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


