ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមពីការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកកម្ពុជា-កូរ៉េខាងត្បូង
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង គោក បានបង្ហាញក្ដីសង្ឃឹមអំពីការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកងទ័ពជើងគោកកម្ពុជា ជាមួយកងទ័ពជើងគោកកូរ៉េខាងត្បូង។

ការបង្ហាញក្តីសង្ឃឹមពីការពង្រឹង និងពង្រីកទំនាក់ទំនងនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយលោកបណ្ឌិត ផាក ហ៊ឹងខ្យង់ (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងអមដោយអនុព័ន្ធយោធា នៃសាធារណរដ្ឋកូរ៉េទាំងចាស់ និងថ្មី កាលពីរសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០ ២២។

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន នៃទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ និងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការបន្តថែរក្សានិរន្តរភាពនៃទំនាក់ទំនងដ៏ល្អនេះ ជាពិសេសកិច្ចសហប្រតិបត្តិការផ្នែកយោធា ដូចដែលកងទ័ពជើងគោក នៃប្រទេសទាំងពីរបានខិតខំអនុវត្តកិច្ចការជាច្រើន និងសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាកន្លងមកនេះ។

លោកក៏បានបង្ហាញក្តីសង្ឃឹមផងដែរថា ជាមួយនឹងការគាំទ្ររបស់ស្ថានទូត និងការិយាល័យអនុព័ន្ធយោធាកូរ៉េនៅកម្ពុជា ទំនាក់ទំនងកម្រិតកងទ័ពជើងគោក នឹងត្រូវបានពង្រឹង និងពង្រីកកាន់តែប្រសើរឡើងថែមទៀត ជាពិសេសការបង្កើនទំនាក់ទំនងផ្ទាល់រវាងអង្គភាព និងអង្គភាព ថ្នាក់យុទ្ធវិធី។

ជាការឆ្លើយតប លោក Park Heung-Kyeong បានរំឭកអំពីកិច្ចខិតខំប្រឹងប្រែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងការភ្ជាប់ចំណងការទូតផ្លូវការឡើងវិញ រវាងប្រទេសទាំងពីរនៅក្នុងឆ្នាំ ១៩៩៧ បន្ទាប់ពីត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហម។ ផ្តើមចេញមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងរយៈពេល ២៥ឆ្នាំមកនេះ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាអាទិ៍៖ វិស័យពាណិជ្ជកម្ម, វិនិយោគ, អប់រំ, យោធា, ការបោសម្អាតមីន និងសុខាភិបាលជាដើម។

ចំពោះកិច្ចសហប្រតិបត្តិការយោធាវិញ លោកឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីសារៈសំខាន់ នៃការរៀបចំឲ្យមានយន្តការសន្ទនាជាទៀងទាត់ សំដៅធ្វើយ៉ាងណាធានាឲ្យបាននូវនិរន្តរភាព នៃកិច្ចទំនាក់ទំនង។
ក្នុងឱកាសនោះផងដែរ លោក Park Heung-Kyeong ក៏បានសម្តែងនូវការកោតសរសើរ ចំពោះភាពជោគជ័យរបស់កម្ពុជា ក្នុងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ២ ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ លើការប្រឈមដោះស្រាយបញ្ហាតំបន់ និងសាកល ដែលកំពុងកើតមាន ប្រកបដោយភាពត្រឹមត្រូវ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ