ព័ត៌មានជាតិ
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា គ្រោងពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី ៤ សីហា
ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលរួចហើយនូវសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ហើយនឹងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យ ពិភាក្សា នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ខាងមុខ។ នេះបើតាមការឲ្យដឹងពីលោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ដែលបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី ២ ខែសីហានេះ។

លោក ម៉ម ប៊ុននាង បានឲ្យដឹងបន្តថា បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពិនិត្យពិភាក្សារួចហើយ នឹងកំណត់ថ្ងៃប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់។ លោកថា «ទាល់តែអចិន្ត្រៃយ៍ ពិភាក្សានៅក្នុងគណៈអចិន្ត្រៃយ៍ ព្រឹកថ្ងៃទី ៤ ហើយ បានកំណត់របៀបវារៈប្រជុំពេញអង្គ»។
ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន ដែលបានស្នើឲ្យព្រឹទ្ធសភាបដិសេធ នូវសំណើធ្វើវិសោធនកម្មមាត្រាមួយចំនួននៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមនោះ ត្រូវបានអ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង លើកឡើងថា គ្រាន់តែជាការ កេងចំណេញផ្នែកនយោបាយប៉ុណ្ណោះ ហើយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់របបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នោះឡើយ។
លោក ម៉ម ប៊ុននាង បានបន្ថែមថា «អ្វីដែលគាត់លើក អាហ្នឹងជាយោបល់របស់គាត់ទេ យោបល់របស់គាត់ យើងមិន ហាមឃាត់ទេ របបប្រជាធិបតេយ្យ សេរី ពហុបក្ស យើងមានគណបក្សច្រើន ចឹងគឺឲ្យគាត់ចេញជាយោបល់អី អាហ្នឹង គឺជាសិទ្ធិរបស់គាត់ចេញទៅ ប៉ុន្តែខ្លឹមសារច្បាប់ និងទម្រង់ច្បាប់ វាស្របទៅតាមរដ្ឋធម្មនុញ្ញ ដែលបានចែងក្នុងការកំណត់ក្នុងរដ្ឋធម្មនុញ្ញ ចឹងយើងធ្វើអីអត់មានប្រាសចាក ឬក៏ប៉ះពាល់ច្បាប់គោល ច្បាប់របស់ជាតិយើងទេ»។
គួររំលឹកថា សមាជិករដ្ឋសភាចំនួន ១០៥លើ ១០៦សំឡេង កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ បានអនុម័តទាំង ស្រុង ទៅលើសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ ថ្មី និងមាត្រា ៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
បន្ទាប់ពីរដ្ឋសភា បានអនុម័តរួចហើយ មានគណបក្សនយោបាយ ក្រសួង-ស្ថាប័ន អាជ្ញាធររាជធានី-ខេត្ត វិស័យឯកជន អង្គការ សមាគម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានចេញសេចក្ដីថ្លែងការណ៍ និងញត្តិគាំទ្រជាបន្តបន្ទាប់ ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


