ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីឡើយ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់នៅចំពោះមុខតំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយថា កម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីឡើយ។

ការគូសបញ្ជាក់នេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ហ្វុនតេលលេស បានគោរពជម្រាបជូនសម្ដេចតេជោថា លោកបានអញ្ជើញទៅទស្សនកិច្ចនៅខេត្តសៀមរាប និងចំណាយពេល ១៦ម៉ោង ដើម្បីទស្សនាប្រាង្គប្រាសាទដ៏អស្ចារ្យ របស់ព្រះរាជាណាចក្រកម្ពុជា ដែលរំលេចនូវភាពកំពូលមិនត្រឹមតែផ្នែកសិល្បៈទេ តែថែមទាំងផ្នែកស្ថាបត្យកម្មផងដែរហើយប្រាង្គប្រាសាទនៅព្រះរាជាណាចក្រកម្ពុជា គឺជាទ្រព្យសម្បត្តិរបស់មនុស្សលោក។

តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានសម្ដែងនូវការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំជាប្រធានអាស៊ានរបស់កម្ពុជា។ លោក ក៏បានពិភាក្សាជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី អំពីបញ្ហាកិច្ចសហប្រតិបត្តិការ, ការអភិវឌ្ឍរបស់សហភាពអឺរ៉ុបនៅកម្ពុជា, ករណីប្រព័ន្ធអនុគ្រោះពន្ធ EBA, កិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប, និងបញ្ហារុស្ស៊ី-អ៊ុយក្រែន, រួមទាំងបញ្ហាមីយ៉ាន់ម៉ា ផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្ដៅនូវវត្តមាន លោក ចូសិប បូររែល ហ្វុនតេលលេស និងគណៈប្រតិភូសហភាពអឺរ៉ុប នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ដែលបានគាំទ្រកម្ពុជាក្នុងឱកាសជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ ដែលបានបញ្ចប់យ៉ាងជោគជ័យ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ហើយក៏ថ្លែងអំណរគុណសហភាពអឺរ៉ុប ចំពោះការគាំទ្រកម្ពុជាជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ និងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ាន ស្ដីពី បញ្ហាមីយ៉ាន់ម៉ា។

សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-សហភាពអឺរ៉ុបលើកទី ១១ កាលពីខែមីនាឆ្នាំ ២០២២កន្លងទៅនេះ ដែលបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណផងដែរដល់សហភាពអឺរ៉ុប ចំពោះការផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការដល់កម្ពុជា ចាប់តាំង ១៩៩២មក ដោយបានចូលរួមយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសហភាពអឺរ៉ុប ដែលបានផ្ដល់ជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈយន្ដការកូវ៉ាក់ និងហិរញ្ញប្បទានកន្លងមក ដែលបានចូលរួមរួមចំណែកដល់ភាពជោគជ័យរបស់កម្ពុជា ក្នុងយុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចសង្គមកម្ពុជាឡើងវិញ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាគាំទ្រគំនិតផ្ដួចផ្ដើម ឲ្យមានការរៀបចំប្រជុំកំពូលរំលឹកខួបទី ៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅក្នុងខែធ្នូ ឆ្នាំ ២០២២ ខាងមុខ ហើយជឿជាក់ថា លទ្ធផលនៃកិច្ចប្រជុំកំពូលនេះ នឹងរំលេចពីសារៈសំខាន់ ហើយពង្រីកបន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្ដអាស៊ាន-សហភាពអឺរ៉ុប។ ក្នុងនោះដែរ កម្ពុជា គាំទ្រជាគោលការណ៍ចំពោះឯកសារជាទស្សនៈទាន របស់សហភាពអឺរ៉ុប ស្ដីពី សេចក្ដីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំអាស៊ាន-សហភាពអឺរ៉ុប ស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលត្រូវអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប។
ចំពោះករណីប្រព័ន្ធអនុគ្រោះពន្ធ EBA សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីអ្វីដែលបានលើកឡើងកន្លងមកនោះ គឺកម្ពុជាមិនយកអធិបតេយ្យភាពខ្លួន ទៅដូរយកជំនួយ ឬភាពអនុគ្រោះអ្វីនោះទេ។ ចំពោះករណីអ៊ុយក្រែន-រុស្ស៊ី គឺសម្ដេចតេជោ បានស្នើឲ្យមានការពិនិត្យឡើងវិញ អំពីការដាក់ទណ្ឌកម្មលើរុស្ស៊ី ពីព្រោះថា ការដាក់ទណ្ឌកម្មនេះ មិនប៉ះពាល់តែរុស្ស៊ីនោះទេ តែវាធ្វើឲ្យមានការប៉ះពាល់ដល់ធ្ងន់ធ្ងរ ទាំងសេដ្ឋកិច្ច សង្គម ទាំងនៅតំបន់អឺរ៉ុបផង និងទូទាំងពិភពលោកផង៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


