ព័ត៌មានជាតិ
តើមានវិធីសាស្ត្រយ៉ាងណា ឲ្យក្មេងៗរៀនតាមអនឡាញបានល្អប្រសើរ?
វាពិតជាមានការលំបាកណាស់ ក្នុងការបង្រៀនក្មេងៗតាមអនឡាញ នៅតាមផ្ទះឲ្យបានល្អប្រសើរ ដូចនៅក្នុងសាលារៀនផ្ទាល់ ដែលមានគ្រូ មិត្តភក្ដិ និងកន្លែងលេងកម្សាន្តសម្រាប់បំបាត់ការអផ្សុក។
កញ្ញា សឿ សុខលី ជាគ្រូបង្រៀននៅសាលាប៊ែលធីអន្តរជាតិ បានប្រាប់ថា ការបង្រៀនតាមអនឡាញនៅតាមផ្ទះមានលក្ខណៈខុសគ្នា នឹងការរៀននៅក្នុងថ្នាក់ផ្ទាល់ហើយការផ្ទេរចំណេះដឹងដល់សិស្ស ក៏មានលក្ខណៈខុសគ្នាដែរ គឺគ្រូអាចផ្ទេរចំណេះដឹងពី៥០ទៅ៧០ភាគប៉ុណ្ណោះ សម្រាប់ការរៀនតាមអនឡាញ តែបើរៀនក្នុងថ្នាក់អាចផ្ទេរពី៩០ដល់១០០ភាគរយ។ កញ្ញាបានពន្យល់ថា ការរៀនតាមអនឡាញទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ឪពុកម្តាយអ្នកអាណាព្យាបាលសិស្សម្នាក់ ព្រោះពួកគាត់ជាបុគ្គលដ៏សំខាន់ ក្នុងការរៀបចំចាត់ចែងនូវសម្ភារសិក្សា ពេលវេលាសិក្សា ការដាស់តឿនឲ្យកូនរៀននិងការបង្រៀនបន្ថែម នៅពេលដែលកូនមិនសូវយល់ នៅត្រង់ចំណុចណាមួយ ព្រោះគ្រូមិនអាចពន្យល់ឲ្យបានអស់សេចក្តីដូចក្នុងថ្នាក់ផ្ទាល់បានទេ។

កញ្ញាបានបន្តទៀតថា បង្រៀនតាមអនឡាញនេះ វាមានគម្លាតពីគ្នាពិបាកក្នុងការពន្យល់ ហើយគួបផ្សំសិស្សខ្លះ មានការអៀនច្រើនមិនហ៊ានសួរទៀតនោះ ធ្វើឲ្យគេមិនចេះ។ ដូចនេះ ទាមទារឲ្យអាណាព្យាបាលបង្រៀនបន្ថែម នៅតាមផ្ទះទើបអាចឲ្យសិស្សទទួលបានចំណេះដឹងបានសមរម្យ។ កញ្ញាបានបន្ថែមទៀតថា ចំណែកគ្រូវិញ ក៏ត្រូវមានភារកិច្ចមួយសំខាន់ ក្នុងការបង្រៀនតាមអនឡាញនេះផងដែរ ពោលគឺគ្រូត្រូវចេះមានវិធិសាស្ត្របង្រៀនប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ ដោយមានឧបករណ៍និងសម្ភារផ្សេងៗនិងវីដេអូសម្រាប់បង្រៀនឲ្យក្មេងៗឆាប់យល់និងឆាប់ចាប់បាន និងត្រូវចេះលេងសើច ដើម្បីកុំឲ្យក្មេងធុញទ្រាន់។ជាងនេះទៀត ត្រូវតាមដានការសិក្សារបស់ក្មេងៗជាប្រចាំ តាមរយៈការដាក់លំហាត់ឬកិច្ចការផ្ទះសម្រាប់វាស់ស្ទង់កម្រិតចំណេះដឹងដល់ក្មេងៗ។
ចំណែកអ្នកគ្រូ សុ ដានី បង្រៀននៅសាលាឯកជនមួយនៅរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្រៀនក្មេងៗពិតជាលំបាកខ្លាំងណាស់ ទាមទារនូវភាពអត់ធ្មត់ជាទីបំផុត ព្រោះក្មេងត្រូវការលេងនិងសប្បាយច្រើន។ បើកាលណា គ្រូមិនចេះពីវិធីបង្រៀនទេធ្វើឲ្យមានភាពរញ៉េរញ៉ៃជាមិនខានឡើយ។ អ្នកគ្រូ ដែលមានបទពិសោធន៍បង្រៀនក្មេងៗជាច្រើនឆ្នាំរូបនេះ បានលើកឡើងថា ក្រៅពីកត្តាឪពុកម្តាយ គ្រូ ហើយកត្តាសិស្សខ្លួនឯងក៏សំខាន់ណាស់ដែរ ព្រោះថា បើសិស្សខ្លួនឯងមិនព្យាយាមរៀនទេ ទោះបីជារៀននៅផ្ទះឬនៅសាលាផ្ទាល់ក៏មិនចេះដែរ។

លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជាអ្នកជំនាញអប់រំមួយរូប បានឲ្យដឹងថា«ការរៀន ដើម្បីឲ្យចេះទោះបីតាមអនឡាញរៀន ក្នុងថ្នាក់ក្រៅថ្នាក់ ក៏ដោយទៅតាមកម្រិតថ្នាក់ៗរបស់វា គឺរៀនចេះដូចគ្នា។ ប៉ុន្តែបើចិត្តមិនចង់រៀន រៀនដែរស្ទើរៗទោះបីរៀនតាមណាក៏ដោយ ក៏នៅតែអត់ចេះដូចគ្នាទេ»។ លោកបានបន្តថា ការរៀនត្រូវផ្អែកលើកត្តាចំនួន៣ រួមមាន វិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទា។ លោកបានពន្យល់ថា វិជ្ជាសម្បទា គឺគ្រូផ្តល់មេរៀនដល់សិស្សតែបើគ្រាន់តែអានឬមើល គឺមិនចេះទេ គឺសិស្សត្រូវចេះមានការចងចាំ ការយល់ ការអនុវត្តផ្ទាល់ ការណូតទុក ការវិភាគលើកិច្ចអនុវត្ត ដែលធ្វើត្រូវឬខុស ការវាយតម្លៃនៃការធ្វើអនុវត្តនិងការបង្កើតគំនិតច្នៃប្រឌិតដោយខ្លួនឯង។

រីឯកចរិយាសម្បទាវិញ សិស្សត្រូវតែមានការតាំងចិត្តបើយើងមិនតាំងចិត្តរៀនទេ ទោះបីរៀនក្នុងសម័យកូវីដតាមអនឡាញ រៀនក្នុងថ្នាក់ក្តី ក្រៅថ្នាក់ក្តីឬអនឡាញក្តី នៅតែរៀនមិនចេះដដែល។ដូច្នេះ ត្រូវតែខិតខំរៀនសូត្រ ត្រូវហ៊ានសួរពេលឆ្ងល់ត្រង់ចំណុចណាមួយ។ លោកបានបន្ថែមថា ចុងក្រោយបំណិនសម្បទា ដែលសិស្សត្រូវខិតខំអនុវត្តទៅតាមទ្រឹស្តី និងការប្តេជ្ញាចិត្ត ក្នុងការធ្វើលំហាត់ឬកិច្ចការផ្សេងៗដែលគ្រូដាក់ឲ្យ។ លោកថា«បើសិស្សអាចប្រកាន់ខ្ជាប់នូវប្រកាន់ជំហរទាំងបីនេះបាននោះ ទោះបីរៀនក្នុងស្ថានភាពណាក៏ចេះដែរ តែបើមិនប្រកាន់ទេទោះបីរៀនក្នុងថ្នាក់ ក៏មិនចេះដែរ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា ក្នុងបរិបទកូវីដ-១៩ គោលបំណងធំ២ សម្រាប់ការសិក្សា គឺឲ្យមានការរៀនសូត្រជាបន្តនិងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជម្ងឺកូវីដ-១៩។ លោកបានបន្តថា ក្រសួងសូមស្នើសិស្សានុសិស្សទាំងអស់បន្តខិតខំប្រឹងប្រែងបន្តធ្វើស្វ័យសិក្សាតាមការចាំបាច់ ថែរក្សាសុខភាព និងគាំទ្រគ្នាទៅវិញទៅមក ខណៈពេលដែលកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងកូវីដ-១៩នៅឡើយ៕

អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្រសួង ៣ ចាប់ផ្តើមពិភាក្សាគ្នាលើការប្រមូលពន្ធលើសេវាឌីជីថល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៧ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


