ព័ត៌មានជាតិ
ណាហ្គាវើលដ៍បេះដូងសប្បុរស ដំណើរការកម្មវិធីកសិកម្មសហគមន៍ជាមួយប្រជាកសិករស្រុកអង្គស្នូល
នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២២ នេះណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានដំណើរការកម្មវិធីកសិកម្មសហគមន៍ជាមួយប្រជាកសិករជាច្រើនគ្រួសារ នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ កម្មវិធីដែលបានដំណើរការរួមមាន បច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែ។
កម្មវិធីទីមួយ គឺការផ្តល់សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន។ នៅពេលជន្លេនស៊ីរូបធាតុរលួយ (ដែលយកមកពីផ្ទះបាយ) លាមកគោ ឬចំបើងជាដើម ជន្លេននឹងបញ្ចេញមកវិញនូវលាមក ដែលមានសារធាតុចិញ្ចឹមជាច្រើន។ លាមកជន្លេនទាំងនោះ នឹងក្លាយជាជីធម្មជាតិ និងធ្វើឲ្យដីមានជីជាតិឡើងវិញ សម្រាប់ដំណាំ និងបន្លែ។ វិធីសាស្ត្រនេះ ជួយកាត់បន្ថយសំរាម និងកាត់បន្ថយការដុតវាចោល ដែលប៉ះពាល់ដល់បរិស្ថាន និងសុខភាព។ លើសពីនេះ ប្រជាកសិករចំណាយដើមទុនតិចបំផុតក្នុងការចិញ្ចឹមជន្លេន ហើយពួកគេក៏នឹងអាចលក់ជន្លេន ដើម្បីធ្វើជាចំណីត្រីដែលអាចបង្កើនប្រភពចំណូលបន្ថែមផងដែរ។

កម្មវិធីទីពីរ គឺការបរិច្ចាគគ្រាប់ពូជបន្លែ។ នេះជាកម្មវិធីដែលបានមកពីការចូលរួមរបស់បុគ្គលិកណាហ្គាវើលដ៍ដែលពួកគេបានចូលរួមហាត់ប្រាណ ក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ-១៩កាលពីឆ្នាំមុន។ ចំនួនម៉ោង ឬចម្ងាយនៃការធ្វើលំហាត់ប្រាណរបស់ពួកគេ ដូចជា ការដើរ រត់ ឬជិះកង់ ជាដើម ត្រូវបានគណនាទៅជាចំនួនគ្រាប់ពូជបន្លែសម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងស្រុកអង្គស្នួល។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលដ៍ បានឲ្យដឹងថា “នៅពេលបុគ្គលិកកាន់តែច្រើនចូលរួមហាត់ប្រាណមានន័យថា ពួកគេអាចរកគ្រាប់ពូជបន្លែបានកាន់តែច្រើនសម្រាប់ប្រជាកសិករក្នុងស្រុកអង្គស្នួល។ មានបុគ្គលិករបស់យើងជាច្រើនបានចូលរួមហាត់ប្រាណ និងរក្សារបៀបរស់នៅសកម្ម និងប្រកបដោយសុខភាពល្អ ក្នុងអំឡុងពេលបិទខ្ទប់។ ពួកគេបានខិតខំហាត់ប្រាណ ដើម្បីសុខភាពល្អផង និងជួយដល់សហគមន៍របស់ពួកគេផង”។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីបច្ចេកទេសចិញ្ចឹមជន្លេន និងការបរិច្ចាគគ្រាប់ពូជបន្លែនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ២០ ខែសីហានេះ នៅសាលាស្រុកអង្គស្នួល ក្រោមអធិបតីភាពលោក សាន វ៉ាន់ធុល អភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល។ លោក សាន វ៉ាន់ធុល បានមានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណចំពោះ គំនិតផ្តួចផ្តើមដ៏មានសារសំខាន់នេះរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលផ្តល់ចំណេះដឹង និងប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើង។ ការបរិច្ចាគគ្រាប់ពូជបន្លែ នឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចដាំដុះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ខណៈដែលការចិញ្ចឹមជន្លេន គឺជាវិធីសាស្ត្រថ្មីជួយលើកកម្ពស់វិស័យកសិកម្មរបស់យើង”។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុន ដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជា ដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៦៣.០០០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


