ព័ត៌មានជាតិ
តោះ! មកដឹងពីប្រវត្តិការសិក្សា និងបទពិសោធការងាររបស់លោកស្រី ជ្រឹង បុទុមរង្សី មុនក្លាយជាទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង
លោកស្រី ជ្រឹង បុទុមរង្សី ជាឥស្សរជនស្ត្រីដែលត្រូវបានតែងតាំងមុខដំណែងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ជំនួសលោក ឡុង ឌីម៉ង់ ដែលបានចប់អាណត្តិការងារ។ ទន្ទឹមគ្នានេះ បើក្រឡេកមកមើលប្រវត្តិនៃការសិក្សា និងបទពិសោធការងារ មុននឹងក្លាយជាឯកអគ្គរាជទូតនេះ គឺលោកស្រី ធ្លាប់បម្រើការងារជាច្រើនឆ្នាំនៅក្នុងវិស័យឯកជន និងក្រោយមកបម្រើការងារជាមន្ត្រីក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
តើលោកស្រីឯកអគ្គរាជទូតវ័យ ៣៩ឆ្នាំរូបនេះ មានប្រវត្តិការសិក្សា និងធ្លាប់កាន់កិច្ចការងារអ្វីខ្លះ? នៅថ្ងៃនេះ «កម្ពុជាថ្មី» នឹងលម្អិតប្រវត្តិសិក្សា និងការងាររបស់លោកស្រី ដូចខាងក្រោម ៖

លោកស្រី ជ្រឹង បុទុមរង្សី កើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៣ នៅខេត្តកំពង់ធំ។ លោកស្រីបានបញ្ចប់ការសិក្សាកម្រិត វិទ្យាល័យនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី គឺវិទ្យាល័យ SIR JOSEPH BANKS កាលពីឆ្នាំ២០០១។ សម្រាប់កម្រិតឧត្តមសិក្សា លោកស្រីបញ្ចប់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ Western Sydney ប្រទេសអូស្រ្តាលី និងនៅឆ្នាំ២០០៨ ទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកលវិទ្យាល័យ Westminster ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

បើនិយាយអំពីបទពិសោធការងារវិញ លោកស្រី ជ្រឹង បុទុមរង្សី ធ្លាប់ធ្វើជាទីប្រឹក្សារបស់កម្មវិធីអង្គការសហប្រជាជាតិស្តី ពីជំងឺអេដស៍ នៅឆ្នាំ២០០៦-២០០៧ និងនៅឆ្នាំ២០០៩ លោកស្រីបំពេញការងារនៅក្រុមហ៊ុនឯកជនមួយ ក្នុងតួនាទីជាប្រធានផ្នែកទីផ្សារ និងអ្នកគ្រប់គ្រងទូទៅ។ រហូតដល់ឆ្នាំ២០១២ លោកស្រី បានចាប់ផ្ដើមចូលរួមបំពេញការងារជាមួយរាជរដ្ឋាភិបាល តាមរយៈតួនាទីជាអ្នកសម្របសម្រួលប្រចាំនៅខេត្តកំពតសម្រាប់បេសកកម្មនៃការអនុវត្តសកម្មភាពវាស់វែងដីជូនពលរដ្ឋ ក្រោមគោលនយោបាយចាស់សកម្មភាពថ្មីលើវិស័យដីធ្លី ដែលដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លីដល់ប្រជាពលរដ្ឋរស់នៅជនបទ និងទីដាច់ស្រយាល។

ក្រោយបញ្ចប់បេសកកម្មការងារនេះ គឺនៅឆ្នាំ២០១៣ លោកស្រីត្រូវបានតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ លុះរហូតដល់ឆ្នាំ២០១៨ លោកស្រី ត្រូវបានផ្ទេរក្របខណ្ឌមកបម្រើការងារនៅក្រសួងការបរទេស ដែលកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងនៅចុងឆ្នាំ ២០២០ ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំង និងតម្លើងឋានៈលោកស្រី ជារដ្ឋលេខាធិការក្រសួងការបរទេស មុនពេលលោកស្រី ក្លាយជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំនៅកូរ៉េខាងត្បូង តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងបានចាប់ផ្ដើមបំពេញការងារនៅទឹកដីកូរ៉េនេះនៅថ្ងៃទី១០ ខែកញ្ញា។ ជាមួយគ្នានេះ ក្នុងតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង លោកស្រី ជ្រឹង បុទុមរង្សី ក៏ទទួលបានពានរង្វាន់ «អគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២២» ពីស្ថាប័ន Korea Consumer Global Council ផងដែរ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ គឺបន្ទាប់ពីលោកស្រីបានបំពេញការងារមិនទាន់បានមួយឆ្នាំផងនោះ៕

ដោយ ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


