Connect with us

ព័ត៌មានជាតិ

តើឥស្សរជនកម្ពុជាចាប់ពីឋានៈណាខ្លះ ទើបមានសិទ្ធិកាន់លិខិតឆ្លងដែនការទូត?

បានផុស

នៅ

កាលអំឡុងឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ការផ្ដល់ជូន និងការប្រើប្រាស់លិខិតឆ្លងដែនការទូតដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីរបស់កម្ពុជា។ ជាការឆ្លើយតប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចចេញអនុក្រឹត្យមួយ ស្ដីពីការផ្ដល់លិខិតឆ្លងដែនការទូតជូនឥស្សរជនជាន់ខ្ពស់ មន្ត្រីការទូត និងមន្ត្រីរាជការកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតឆ្លងដែនការទូតនេះ ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្ដល់ជូនដល់ឥស្សរជនជាន់ខ្ពស់ មន្ត្រីរាជការ និងមន្ត្រីការទូតកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ និងមុខតំណែង​ ដូចខាងក្រោម៖  

១/ សម្រាប់ថ្វាយព្រះមហាវីរក្សត្រ ព្រះវររាជមាតា ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី ឬសម្ដេចព្រះអគ្គមហេសី ព្រះរាជ បុត្រា បុត្រី រួមទាំង ព្រះរាជវង្សានុវង្ស។ ក្នុងនោះ ឧត្តមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ នាយកខុទ្ទកាល័យព្រះមហាក្សត្រ ប្រធានពិធីការព្រះមហាក្សត្រ និងឥស្សរជនដែលមានងារជាសម្ដេច ក៏ត្រូវបានផ្ដល់ជូនលិខិតឆ្លងដែនការទូត។ 

២/ សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិ រួមមាន ប្រធាន អនុប្រធាន និងសមាជិកនៃព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រធាន និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ។ ក្នុងនោះ នាយកខុទ្ទកាល័យប្រធានព្រឹទ្ធសភា នាយកខុទ្ទកាល័យប្រធានរដ្ឋសភា ប្រធានពិធីការប្រធានព្រឹទ្ធសភា ប្រធានពិធីការប្រធានរដ្ឋសភា និងអគ្គលេខាធិការព្រឹទ្ធសភា អគ្គលេខាធិការរដ្ឋសភា រួមទាំងអតីតប្រធានព្រឹទ្ធសភា អតីតប្រធានរដ្ឋសភា ក៏ផ្ដល់ឲ្យដែរ។

៣/ សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័ននីតិប្រតិបត្តិ នឹងផ្ដល់ជូននូវលិខិតឆ្លងដែនការទូតដល់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានអាជ្ញាធរជាតិ ប្រធានគណៈកម្មាធិការជាតិ និងប្រធានស្ថា ប័នថ្នាក់ជាតិ ដែលតែងតាំងដោយព្រះរាជក្រឹត្យ។ បន្ថែមពីនេះ មានប្រធាន អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ប្រធាន អនុប្រធានក្រុមអ្នកសង្កេតការណ៍សេដ្ឋកិច្ច សង្គម និងវប្បធម៌ និងទេសាភិបាល ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា។ មិនតែប៉ុណ្ណោះ នាយកខុទ្ទកាល័យនាយករដ្ឋមន្ត្រី ប្រធានពិធីនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី ដែលតែងតាំងដោយព្រះរាជក្រឹត្យ អគ្គលេខាធិការក្រសួង ព្រមទាំងអតីតនាយករដ្ឋមន្ត្រី អតីតឧបនាយករដ្ឋមន្ត្រី និងអតីតរដ្ឋមន្ត្រីក្រសួងការបរទេស ក៏មានសិទ្ធិកាន់លិខិតឆ្លងដែនការទូតនេះដែរ។

៤/ សម្រាប់ថ្នាក់ដឹកនាំនៃស្ថាប័នតុលាការ ត្រូវផ្ដល់លិខិតឆ្លងដែនការទូតឲ្យចាប់ពីថ្នាក់ប្រធាន អនុប្រធានតុលាការកំពូល អគ្គព្រះរាជអាជ្ញា អគ្គព្រះរាជអាជ្ញារងអមតុលាការកំពូល ប្រធាន និងអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។

៥/ សម្រាប់កងកម្លាំងប្រដាប់អាវុធនៃក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺចាប់ពីមុខតំណែងជាអគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នាយរងសេនាធិការចម្រុះ មេបញ្ជាការកងទ័ពជើងគោក មេបញ្ជាការកងទ័ពជើងទឹកមេបញ្ជាការកងទ័ពជើងអាកាស មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអគ្គលេខាធិការ និងអគ្គនាយកនៅចំណុះក្រសួងការពារជាតិ។ ដោយឡែក នគរបាលជាតិ គឺចាប់ពីតំណែងជាអគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ។

៦/ ក្រៅពីនេះ មានឥស្សរជនមួយចំនួនទៀត ក៏ត្រូវបានអនុញ្ញាតសិទ្ធិកាន់លិខិតឆ្លងដែនការទូតផងដែរ សម្រាប់បំពេញបេសកកម្មការងារនៅបរទេស ដូចជា៖

  • ប្រធាន និងអនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
  • សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
  • ទីប្រឹក្សាថ្នាក់ដឹកនាំ / ឥស្សរជន និងមន្ត្រីកាន់តំណែងនានា ដែលមានឋានៈស្មើរដ្ឋមន្ត្រីឡើងទៅ ប៉ុន្តែលិខិតឆ្លងដែនការទូត ​មិនត្រូវបានផ្ដល់ជូនទីប្រឹក្សា ឬឥស្សរជន ដែលមិនមានសញ្ជាតិខ្មែរពីកំណើតឡើយ លើកលែងតែក្នុងករណីដែលរាជរដ្ឋាភិបាលយល់ថា ចាំបាច់បំផុត។
  • មន្ត្រីរាជការក្របខណ្ឌ ដែលមានតំណែងអគ្គនាយក អគ្គាធិការ ដែលតែងតាំងដោយព្រះរាជក្រឹត្យនៃបណ្ដាក្រសួងនានា និងប្រធាននាយកដ្ឋាននៃក្រសួងការបរទេស (ស្របតាមការអនុវត្តអន្តរជាតិ)
  • អភិបាលរាជធានីខេត្តទាំង ២៥
  • មន្ត្រីការទូតចាប់ពីអនុព័ន្ធឡើងទៅ ដែលបានទៅបំពេញការងារនៅស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស
  •  ប្រគេនសម្តេចព្រះអគ្គមហាសង្ឃរាជទាំងពីរគណៈ និងមន្ត្រីសង្ឃដែលមានងារជាសម្តេច ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម