ព័ត៌មានជាតិ
មកដឹងប្រវត្តិសង្ខេប និងតួនាទីខ្លះៗ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច គឺជាស្ថាប័នមួយមានតួនាទីធ្វើជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាល ហើយនាពេលបច្ចុប្បន្ននេះ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ជារដ្ឋមន្ត្រីដឹកនាំក្រសួងមួយនេះ។ តាមពិតទៅវិស័យនេះបានកកើតឡើង តាំងពីសម័យសង្គមរាស្រ្ដនិយមមកម្លោះ ពោលតាំងពីឆ្នាំ ១៩៥៣ គ្រាន់តែមានការផ្លាស់ប្ដូរឈ្មោះខុសៗគ្នា ទៅតាមបរិបទ នៃដំណើរការវិវត្តន៍សភាពការណ៍របស់ប្រទេស។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្រសួងនេះមានទិសដៅតួនាទីភារកិច្ចដូចគ្នា គឺត្រួតពិនិត្យ បោសសំអាតអំពើពុករលួយ ឬអធិការកិច្ចលើគ្រប់វិស័យ។


លោក ណុប ចាន់ណារិន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងអំពីប្រវត្តិសង្ខេប និងតួនាទីខ្លះៗ របស់ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច” នាព្រឹកថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។

លោក ណុប ចាន់ណារិន បានឲ្យដឹងថា កាលពីសម័យសង្គមរាស្រ្ដនិយម នៅចន្លោះឆ្នាំ ១៩៥៩-១៩៦០ វិស័យនេះមានឈ្មោះថា «គណៈកម្មាធិការជាតិ នៃការបោសសំអាតទូទៅ និងក្រសួងយុត្តិធម៌ និងបោសសំអាតទូទៅ»។ ជាបន្តបន្ទាប់រហូតដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ១៩៧០ ក៏ដូរឈ្មោះមកជាក្រសួងយុត្តិធម៌ និងទំនាក់ទំនងរដ្ឋសភា និងនៅឆ្នាំ ១៩៧៥ ក៏មានឈ្មោះមួយទៀត គឺក្រសួងអប់រំ និងទំនាក់ទំនងជាមួយរដ្ឋសភា។
ក្រោយមកទៀត នៅចន្លោះឆ្នាំ ១៩៧៥-១៩៧៩ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត មិនមានវិស័យនេះនោះទេ ហើយក៏មិនមានឯកសារទុកជាភស្ដុតាងសម្រាប់ស្រាវជ្រាវនោះដែរ។ ដោយឡែក នៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ស្ថាប័នមួយនេះ ក៏ត្រូវបានបង្កើតឡើង ដែលកាលពីឆ្នាំ ១៩៨១ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា គឺ«ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ» ដែលជាស្ថាប័នគ្រប់គ្រាន់ត្រួតពិនិត្យ និងអធិការកិច្ច ត្រូវបានបង្កើតឡើងដើម្បីត្រួតពិនិត្យ ការអនុវត្តច្បាប់ និងដោះស្រាយបាតុភាពអសកម្មនានា ជាពិសេសដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ប្រជាជន។
ក្រោយមកទៀត នៅឆ្នាំ ១៩៨៧ ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ ត្រូវបានប្ដូរឈ្មោះជា «ក្រសួងត្រួតពិនិត្យ» វិញ។ នៅពេលនោះ គ្មានស្ថាប័នទទួលបន្ទុកវិស័យទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទេ។ ក្រសួងត្រួតពិនិត្យ ស្ថិតនៅចំណុះឲ្យក្រុមប្រឹក្សារដ្ឋមន្ត្រី (ដែលបច្ចុប្បន្នហៅថា រាជរដ្ឋាភិបាល ឬគណៈរដ្ឋមន្ត្រី) និងមានបណ្ដាញរបស់ខ្លួននៅតាមក្រសួង ខេត្ត ក្រុង ខណ្ឌ ស្រុក ដែលមានឈ្មោះថា គណៈកម្មាធិការត្រួតពិនិត្យ ក្រសួង ខេត្ត ក្រុង ខណ្ឌ ស្រុក ដើម្បីធ្វើការងារត្រួតពិនិត្យ និងដោះស្រាយបណ្ដឹងតវ៉ា និងបណ្ដឹងបរិហាររបស់ពលរដ្ឋ ដែលស្ថិតក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន។
ក្រោយពីការបោះឆ្នោតសកលឆ្នាំ ១៩៩៣មក គឺរាជរដ្ឋាភិបាលចម្រុះ ក្នុងនីតិកាលទី ១ នៃរដ្ឋសភា (១៩៩៣-១៩៩៨) ស្ថាប័នទទួលបន្ទុកទំនាក់ទំនងរដ្ឋសភា និងស្ថាប័នទទួលបន្ទុកអធិការកិច្ច ត្រូវបានបង្កើតដាច់ដោយឡែកពីគ្នា៖១-«រដ្ឋសភាលេខាធិការដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា» ជាស្ថាប័នមួយ តែពេលនោះមិនទាន់មានស្ថាប័នព្រឹទ្ធសភាទេ។ ២-«អគ្គលេខាធិការដ្ឋានអធិការកិច្ច» ជាស្ថាប័នផ្សេងមួយទៀត។ ស្ថាប័នទាំងពីរ ស្ថិតក្រោមចំណុះទីស្ដីការគណៈរដ្ឋមន្ត្រីដូចគ្នា។ ក្រោយមកនៅឆ្នាំ ១៩៩៩ ស្ថាប័នទាំងពីរខាងលើ ត្រូវបានច្របាច់បញ្ចូលគ្នាទៅជា «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» ដែលកំពុងដំណើរការរហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


