Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តកណ្ដាល ចេញ​សេចក្ដី​បំភ្លឺ ពាក់ព័ន្ធ​ករណី​បុគ្គល សាំង សា​រ៉ុ​ម ស្នើសុំ​អន្តរាគមន៍​ជួយ​ពន្លឿន ការដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ ប្រធាន​មន្ទីរ​សាធារណការ​

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​ខេត្តកណ្ដាល បាន​ចេញ​របាយការណ៍​បំភ្លឺ ពាក់ព័ន្ធ ករណី​បុគ្គល សាំង សា​រ៉ុ​ម ដែល​បាន​ស្នើសុំ​អន្តរាគមន៍ ទៅកាន់​ផេ​ក​ផ្លូវការ​របស់​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យជួយ​ព​ន្លឿ​ន​ការដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​លិខិត លេខ​២១៨​រ​.​ប​.​ក រដ្ឋបាល​ខេត្តកណ្ដាល សូម​គោរព​ជម្រាបជូន សម្តេច​ក្រឡាហោម មេត្តា​ជ្រាប ដ៏​ខ្ពង់ខ្ពស់​ថា ចំពោះ “​ករណី​ឈ្មោះ សាំង សា​រ៉ុ​ម ស្នើសុំ​អន្តរាគមន៍​ជួយ​ព​ន្លឿ​ន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល ដែល​បាន​រំលោភបំពាន​យក​ដី​របស់គាត់ ដោយ​ដាក់លូ​ធំៗ លើដី​ឡូ​តិ៍​ដែលមាន​ទំហំ ២០​ម៉ែត្រ​X២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ​” នោះ រដ្ឋបាលខេត្ត សូម​ធ្វើការ​បំភ្លឺ ដូចខាងក្រោម​៖

-​ដី​ដែល​ឈ្មោះ សាំង សា​រ៉ុ​ម អះអាងថា ជា​ដី​កម្មសិទ្ធិ​របស់ខ្លួន​នោះ គឺ​ស្ថិតនៅលើ​ទីតាំង​ទំនប់​ប្រឡាយ​៦៥ (​ព្រែក​ដើម​ឈូស​) ចំ​ពីមុខ​ទ្វារ​ទឹក ជា​ដី​សាធារណៈ​របស់​រដ្ឋ ដែល​បម្រុង​ទុក​ធ្វើ​ផ្លូវ ស្ពាន និង​សាងសង់​ស្ថានីយ​បូមទឹក ដើម្បី​ត្រៀម​រំដោះ​ទឹកជំនន់ ចេញពី​ស្ទឹង​ព្រែក​ត្នោត និង​ព្រែក​ហូរ ដែល​អាច​ជន់​លិច នៅក្នុង​សង្កាត់​ព្រែក​ហូរ តំបន់​ផ្លូវជាតិ​លេខ​២ និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវ ជាតិ​លេខ​២ ចូល​អាកាសយានដ្ឋាន​អន្តរជាតិ តេ​ជោ​ក្រុង​តាខ្មៅ ស្ថិតក្នុង​ក្រុង​តាខ្មៅ ។​

– ក្នុង​កំណត់ហេតុ ចុះ​ទី​២៧ ខែ​ថុ​នា ឆ្នាំ​២០១៩ របស់​ក្រុមការងារ​គណៈកម្មការ​អន្តរក្រសួង សហការ​ជាមួយ​ក្រុមការងារ អនុ​គណៈកម្មការ​ខេត្តកណ្តាល ដែល​បាន​ចុះ​ពិនិត្យ​ផលប៉ះពាល ជាក់ស្ដែង ដីធ្លី ដំណាំ​ហូប​ផ្លែ និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត នៃ​គំរោង​ស្តារ​ប្រឡាយ​ទឹកស្អុយ ចំនួន​៤​ខ្សែ និង​គម្រោង​សាងសង់​ស្ពានបេតុង ព្រែក​ដើម​លាប ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​ព្រែក​ហូរ​កើតៗ សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដែល​ក្នុង​កំណត់ហេតុ​នោះ បាន​បញ្ជាក់ថា ” ប៉ុន្តែ​ម្ចាស់​កម្ម​សិទ្ធ សុំ​រស់នៅ​ទីតាំង​ចាស់ មូលហេតុ​គាត់​នៅសល់​ដី​អាច​រស់​នៅបាន ក្រៅពី​តម្រូវការ​អ្នកបច្ចេកទេស ក្នុង​ចន្លោះ​៣០​ម៉ែត្រ ហើយ​ម្យ៉ាងទៀត គាត់​នឹង​សន្យា​តាម ច្បាប់​កំណត់ គឺ​គាត់​អាច​រស់នៅ បាន​បណ្តោះអាសន្ន បាន​លុះត្រា​ណា​តែ ក្រុម​អ្នកបច្ចេកទេស ធ្វើការ​សាងសង់​រួចហើយ ក្នុង​តម្រូវការ​ក្នុង​គម្រោង​បច្ចុប្បន្ន ហើយ​ប្រសិន​ថ្ងៃ​ណាមួយ មាន​គម្រោង​ផ្សេងទៀត ក្រៅពី​គម្រោង​បច្ចុប្បន្ន ប៉ះពាល់​នៅលើ​ដី​នៅសល់​របស់ខ្ញុំ​កំពុង​រស់នៅ ខ្ញុំ​នឹង​ទទួលខុសត្រូវ​តាមច្បាប់​កំណត់ ហើយ​មិន​ទាមទារ ដី​ដែល​រដ្ឋ​ឧបត្ថម្ភ​ក្នុង​គំរោ​ង​នេះដែរ​”។

ទន្ទឹម​នេះ តាមរយៈ ប័ណ្ណ​ប្រគល់​-​ទទួល​ប្រាក់ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៩ ឈ្មោះ សាំង សា​រ៉ុ​ម បានទទួល​ប្រាក់ឧបត្ថម្ភ​ផលប៉ះពាល់ សម្រាប់​ការរុះរើ និង​តាំង​ទីលំនៅ​ឡើងវិញ ចំនួន ៣.១៨៧.៧៥ ដុល្លារ​អាមេរិក​រួចហើយ​។

-​ការសាងសង់​ស្ថានីយ​បូមទឹក ព្រែក​ដើម​សាប ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល នៅក្នុង​ឆ្នាំ​២០២២ នេះ ស្របតាម​លិខិត​លេខ ៤៥៣ សជណ​.​ដប ចុះ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

– ដី​ឈ្មោះ សាំង សា​រ៉ុ​ម (​ចំណុច​និយាម​កា X=493790.83, Y=1265298.59) ស្ថិតក្នុង​ចំណោម ដី​ប្រជា​ពល​ដ្ឋ​ផ្សេងទៀត សរុប​ចំនួន​១៩០​ខ្នង​ផ្ទះ ជា​សំណង់​មិន​រៀបរយ ដោយបាន​សាងសង់ រំលោភ​លើ​ទំនប់​ប្រឡាយ​៦៥ ដែរ​ជា​ប្រឡាយ​សាធារណៈ របស់​រដ្ឋ​។​

​សេចក្តីសន្និដ្ឋាន ៖

​ជារួម ឈ្មោះ សាំង សា​រ៉ុ​ម រស់នៅ​លើដី​ប្រឡាយ​សាធារណៈ​របស់​រដ្ឋ បានទទួល​សំណង​ប្រាក់ឧបត្ថម្ភ ផលប៉ះពាល់​សម្រាប់​ការរុះរើ និង​តាំង​ទីលំនៅ​ឡើងវិញ​រួចហើយ ហើយ​គាត់​បាន​ស្នើសុំ​រស់នៅ​បន្តទៀត ដោយ សន្យាថា​នឹងមិន​ទាមទារ​ដី ក្នុងករណី​រដ្ឋ មាន​តម្រូវការ​គំរោង​ផ្សេងទៀត​។ ការសាងសង់​ស្ថានីយ​បូមទឹក ព្រែក​ដើម​លាប ជា​តម្រូវការ​ចាំបាច់រ​បស់រ​ដ្ឋ ស្របតាម​លិខិត​លេខ ៤៥៣ សជណ​.​ដប ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម