Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន លើកយោ​បល់ឲ្យជំរុញការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ ២០២២ បានលើកយោ​បល់ដល់រដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណាជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ ២០២២ ដែលផ្សព្វ​ផ្សាយនៅថ្ងៃទី ១៥ ខែកញ្ញានេះ បានលើកឡើងថា នៅក្នុងក្របខណ្ឌអាស៊ាន ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២នេះ កម្ពុជា នឹងបន្តចូលរួមចំណែកបង្កើតគំនិតផ្ដួចផ្ដើមថ្មីៗ និងជំរុញការចូលរួមបន្ថែមលើរាល់សកម្ម​ភាព និងគម្រោងអន្តរកាលថាមពលក្នុងតំបន់ ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកជាយោបល់ជូនរដ្ឋមន្ត្រីថាមពលអាស៊ាន ពិចារណា និងផ្ដល់ការគាំទ្រដូចជា ជំរុញការអនុវត្តការតភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន និងបំពង់ឧស្ម័នកាត់តាមបណ្ដាប្រទេសអាស៊ាន ដោយត្រូវពន្លឿនបន្ថែមការងារសំខាន់ៗ ដែលនៅសេសសល់ ទាំងការងារបច្ចេកទេស និងការរៀបចំបទប្បញ្ញត្តិផ្សេងៗ ដើម្បីឆ្ពោះទៅរកការធ្វើសុខដុមនីយកម្មក្របខណ្ឌបញ្ញត្តិកម្ម និងស្ដង់ដារបច្ចេកទេស និងសម្រេចឲ្យបាននូវការតភ្ជាប់ថាមពលអគ្គិសនី ក្នុងតំបន់។

សម្ដេចតេជោ ហ៊ុន សែន ក៏លើកយោបល់ឲ្យជំរុញការអនុវត្តគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិថាមពលស្អាត កិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឲ្យបានជាអតិបរមា តាមដែលអាចធ្វើទៅបាន ដើម្បីចូលរួមចំណែកដល់ការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ និងឈានទៅរកអព្យាក្រឹត្យភាពកាបូន។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកយោបល់ឲ្យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីបង្កើនពាណិជ្ជកម្មថាមពល អគ្គិសនី បង្កើនភាពចម្រុះនៃប្រភពថាមពល និងភាពបំពេញឲ្យគ្នាទៅវិញទៅមក ផ្លាស់ប្ដូរពិសោធន៍ ចែករំលែកបច្ចេកវិទ្យាថ្មី និងបង្កើនប្រភពហិរញ្ញប្បទាន និងចូលរួមយ៉ាងសកម្ម ដើម្បីសម្រេចឲ្យបាននូវផែនការសកម្មភាព នៃកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ឆ្នាំ ២០២១-២០២៥ ដូចដែលបានកំណត់៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម