ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា អះអាងថា ការបោះបាយបិណ្ឌចំណេញ៣យ៉ាងដល់សង្គមខ្មែរ
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានលើកឡើងថា ទំនៀមទម្លាប់នៃការបោះបាយបិណ្ឌរបស់ប្រជាជនខ្មែរ ផ្តល់ផលចំណេញច្រើនណាស់សម្រាប់ប្រទេសកម្ពុជា។ ក្នុងនោះ មានការចំណេញ៣យ៉ាង ដូចជា ចំណេញលើប្រពៃណីជាតិ ចំណេញផ្នែកសេដ្ឋកិច្ច និងចំណេញខាងនយោបាយ។

លោក សេង សុមុនី បានពន្យល់ថា ចំណេញទី១ ខាងប្រពៃណីជាតិ មានន័យថា ការបោះបាយបិណ្ឌនេះធ្វើឱ្យអ្នកស្លាប់ទៅហើយ និងអ្នកនៅរស់ មានទំនាក់ទំនង ភ្ជាប់និស្ស័យជាមួយគ្នា ទាំងចាស់ ទាំងក្មេង អាចចូលរួមក្នុងពិធីតែមួយជាមួយគ្នាបាន។ ពោល គឺកុំឲ្យបំភ្លេចដល់អ្នកដែលបានចែកឋានទៅ ហើយចំណែកកូនចៅក៏មានឱកាសបានជូនបាយសម្លដល់អ្នកមានគុណនៅផ្ទះផងដែរ។ អ្វីដែលសំខាន់នោះ គឺពិធីបោះបាយបិណ្ឌនេះ ជួយប្រមូលយុវជនទៅកាន់វត្តច្រើន និងឲ្យពួកគេបានស្គាល់ និងថែរក្សាប្រពៃណីជាតិ។

ឯចំណេញទៅលើសេដ្ឋកិច្ចវិញ មានន័យថា រដូវបោះបាយបិណ្ឌ ប្រជាជនត្រូវការអង្ករ ពោត សណ្តែក ល្ង ដើម្បីយកទៅចម្អិនឱ្យឆ្អិន រួចពូតជាដុំតូចៗសម្រាប់បោះនៅវត្ត។ រូបភាពទាំងនេះហើយ ជាចរន្តសេដ្ឋកិច្ចមួយសម្រាប់ប្រជាជនកម្ពុជា ជំរុញឲ្យកសិករគ្រប់រូបខិតខំផលិតភោគផលរបស់ខ្លួន ដើម្បីបំពេញតម្រូវការប្រជាជននារដូវភ្ជុំបិណ្ឌនេះ។ បន្ទាប់ពីប្រមូលផលបាន កសិករអាចយកភោគផលទៅលក់លើទីផ្សារ និងទទួលបានថវិកា ដើម្បីផ្គត់ផ្គង់ជីវភាព ក៏ដូចជាតម្រូវការគ្រួសារបាន។ សម្រាប់បាយបិណ្ឌដែលបោះហើយ មានរបៀបរៀបរយ ទុកដាក់បានត្រឹមត្រូវ ប្រជាជនអាចយកបាយនោះទៅហាលឱ្យស្ងួត ក្លាយជាបាយក្រៀម រួចយកលក់បានទៀតផង។ នេះបើតាមការលើកឡើងរបស់លោក សេង សុមុនី។

ដោយឡែក ចំណេញទី៣ លើការបោះបាយបិណ្ឌខាងផ្នែកនយោបាយនោះ គឺកាលដែលមានពិធីបុណ្យភ្ជុំ ឬប្រពៃណីនេះ អប់រំមនុស្សគ្រប់រូបឲ្យចេះធ្វើបុណ្យឲ្យតម្លៃដល់ព្រះពុទ្ធសាសនា និងប្រព្រឹត្តតាមគន្លងធម៌របស់ព្រះពុទ្ធឲ្យមនុស្សចេះខ្លាចនូវផលបាបផ្សេងៗ និងយកផលទាំងនោះចូលរួមចំណែកដល់សង្គមជាតិ។ ពោល គឺមនុស្សមួយចំនួនខ្លាចផលបាប ប្រព្រឹត្តតែអំពើល្អក្នុងសង្គម។
យ៉ាងណាមិញ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ មានតាំងពីបុរាណកាលមកម្ល៉េះ ក្នុងនោះ វប្បធម៌នៃការបោះបាយបិណ្ឌក៏មកជាមួយផងដែរ ប៉ុន្តែ មិនមានអ្វីកំណត់ច្បាស់លាស់ថា ការបោះបាយបិណ្ឌមានតាំងពីឆ្នាំណាមកនោះទេ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា សណ្តាប់ធ្នាប់នៃការបោះបាយបិណ្ឌហាក់មានការរៀបចំបានល្អប្រសើរជាងប៉ុន្មានឆ្នាំមុន ព្រមទាំងរក្សាអនាម័យវត្តបានល្អផងដែរ។
លោក សេង សុមុនី ក៏បាននិយាយដែរថា បច្ចុប្បន្ននេះ ក្រសួងក៏បានធ្វើការណែនាំដល់វត្តនីមួយៗ ឲ្យមានការរៀបចំ ទុកដាក់របៀបបោះបាយបិណ្ឌឲ្យបានល្អ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងអនាម័យក្នុងវត្តនីមួយៗ។ ជាលទ្ធផលឃើញថា វត្តនីមួយៗបានគ្រប់គ្រង និងណែនាំពី វិន័យបោះបាយបិណ្ឌប្រកបដោយប្រសិទ្ធភាពពិតប្រាកដមែន។

ជាមួយគ្នានេះ លោក ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងសីលធម៌សង្គមនៃរាជ្យបណ្ឌិត្យសភាកម្ពុជា ក៏បានលើកឡើងដែរថា ការបោះបាយបិណ្ឌនេះ គឺខ្ជះខ្ជាយតិចតួចបំផុតសម្រាប់ការបម្រើក្នុងវិស័យព្រះពុទ្ធសាសនានេះ។ ទាំងនេះ មិនស្មើនឹងការខ្ជះខ្ជាយរបស់មនុស្សមួយចំនួនដែលចំណាយទៅលើស្រាផឹកស្រវឹងឥតប្រយោជន៍ឡើយ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


