ព័ត៌មានជាតិ
មិនបាច់ប្រើប៉ាស្ព័រ កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃ រស់នៅខេត្តជាប់ព្រំដែន មកលេងសៀមរាប-អង្គរ
ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) គណៈកម្មការអន្តរក្រសួង បានលើកឡើងពីយោបល់ដើម្បីទាក់ទាញពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា ឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។
ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមវត្តមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធាន គ.អ.ច.ទ. បានឱ្យដឹងក្រោយកិច្ចប្រជុំថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកថោង ខុន បានលើកឡើងអំពីយោបល់មួយក្នុងការស្នើទៅកាន់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី ២ (បន្ទាប់ពីខេត្តទី ១ ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែន)។ ឧទាហរណ៍ ពលរដ្ឋថៃដែលរស់នៅខេត្តស្រះកែវ ពេលចូលមកខេត្តបន្ទាយមានជ័យ ហើយអាចចូលមកខេត្តសៀមរាប, អ្នកនៅខេត្តសុរិន្ទ្រពេលចូលមកខេត្តឧត្តរមានជ័យ អាចចូលមកខេត្តសៀមរាបទៀតបាន។
លោក ហោ សារុន បានបញ្ជាក់ថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។
បើតាមលោករដ្ឋលេខាធិការ ប្រសិនបើការអនុវត្តយ៉ាងដូច្នេះ កម្ពុជានឹងទទួលបានផលចំណេញបន្ថែម ពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនាដោយផ្ទាល់របស់ភ្ញៀវទេសចរ ដែលជាប្រជាពលរដ្ឋថៃរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា។

ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖
-ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។
-ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
-ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ។
-ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។
-ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។
-ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន។
-ខេត្តត្រាត (Trat) ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។
បច្ចុប្បន្នកម្ពុជា-ថៃ កំពុងអនុវត្តការអនុញ្ញាតឱ្យមានការចេញ/ចូល រវាងប្រជាជនដែលរស់នៅជាប់ព្រំដែនទាំងសងខាង។ ប្រជាជនដែលកាន់បណ្ណព្រំដែន អាចឆ្លងកាត់ព្រំដែនបានដោយមិនចាំបាច់ មានលិខិតឆ្លងដែនឡើយ។ ដើម្បីទទួលបានបណ្ណព្រំដែននេះ ប្រជាពលរដ្ឋគ្រាន់តែមានអត្តសញ្ញាណបណ្ណ គឺអាចស្នើសុំបណ្ណព្រំដែននេះបាន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


