Connect with us

ព័ត៌មានជាតិ

លោក ព្រុំ សុខា ​បម្រើការ​ងារ​ក្រសួង​មហាផ្ទៃ ២៥ ឆ្នាំ​ មុន​​ក្លាយ​ជារដ្ឋមន្រ្តី

បានផុស

នៅ

លោក ព្រុំ សុខា ស្ថិត​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ថ្មី ៤ រូប ក្រោយ​រដ្ឋាភិបាល​សម្រេច​​រុះរើ​​រដ្ឋមន្រ្តី​មួយ​ចំនួន ដើម្បី​ជំរុញ​ប្រសិទ្ធភាព​​ការងារ។

មុន​ទៅ​ដឹកនាំនៅ​ក្រសួង​មុខងារ​សាធារណៈ លោក​ ព្រុំ សុខា ធ្លាប់​កាន់​តួនាទី​ជារដ្ឋលេខាធិការ​នៅ​ក្រសួង​មហាផ្ទៃ​ជាង ២៥ ឆ្នាំ និង​ជាក្រុមការងារ​របស់​កាន់អំណាច​ ចូលរួម​ដោះស្រាយ​វិបត្តិ​ជាប់​គាំង​ផ្នែក​នយោបាយ​ជាមួយក្រុម​គណបក្ស​​ប្រឆាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ឥស្សរជន​រូប​នេះមានប្រវត្តិ​បែប​ណា?

ក្រុម​គ្រួសារ

លោក ព្រុំ សុខា កើត​នៅ​ថ្ងៃទី២ ខែ​​ធ្នូ ឆ្នាំ១៩៥៤ នៅក្នុង​​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង ដែលមាន​ឪពុកជា​គ្រូ​បង្រៀន​ក្នុង​ភូមិ។ លោក​បាន​រៀបការ និង​មាន​កូន​ប្រុស ២ នាក់ កូន​ស្រី ១ នាក់។

ការ​សិក្សា

អំឡុង​អាយុ ១៦ ឆ្នាំ ពេល​លោក​កំពុង​រៀន​នៅវិទ្យាល័យ ​រដ្ឋប្រហារ ឆ្នាំ១៩៧០ នាំ​ឲ្យផ្ទុះ​ឡើង​សង្គ្រាម​ស៊ីវិល​​បង្ខំ​ឱ្យក្រុមគ្រួសាររបស់​លោក ត្រូវ​ជម្លៀស​​មក​​រស់នៅ​ទីក្រុង​ភ្នំពេញ។ ថ្វីបើ​ប្រឈម​នឹង​ការ​លំបាកក្នុងជីវភាព​ ឪពុក​របស់​លោក​បាន​ព្យាយាម​តស៊ូ​​ឱ្យ​កូន​ទទួល​បាន​ការអប់រំ​រហូតដល់​សាកលវិទ្យាល័យ។

នៅឆ្នាំ ១៩៧៣ លោកបាន​បញ្ចប់​ដោយ​ជោគជ័យ​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ និង​បាន​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ដោយ​សិក្សា​មុខ​វិជ្ជា​ ច្បាប់ សេដ្ឋកិច្ច និង​ពាណិជ្ជសាស្ត្រ។ ជាអកុសលនៅខែ មេសា ឆ្នាំ ១៩៧៥ ការសិក្សា​របស់​លោក​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំងស្រុង នៅ​ពេល​ខ្មែរក្រហម​ចូល​គ្រប់​គ្រង​ប្រទេស។

ក្នុង​របប​ប៉ុល​ពត

​​ក្នុង​​របប​ខ្មែរ​ក្រហម លោក ព្រុំ សុខា និង​ក្រុម​គ្រួសារ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ធ្វើ​ជា​កសិករ​ដូច​ទាសករ តែ​សំណាង​ល្អ​បាន​គេច​រួច​ផុត​ដោយ​ប្រផុតប្រផើយ​ពី​កណ្ដាប់​ដៃ​ដែក​របស់​ពួក​ផ្តាច់ការ ហើយ​អាច​រស់រាន​មានជីវិត​ពី​វាល​ពិឃាត។ បន្ទាប់​ពី​របប​ខ្មែរក្រហម​ដួលរលំ​នៅ​ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ លោក​បាន​វិល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ។

ចាប់​អាជីព​ជា​កម្មករ​ក្រោយ​បែក​ឆ្នាំ ១៩៧៩

ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ ១៩៧៩ លោក​បាន​ចាប់ផ្ដើម​អាជីព​ដំបូង​ជា​កម្មករ​សហជីព​រហូត​ដល់​ឆ្នាំ ១៩៨៥។ ពេល​នៅ​ជា​សហជីព លោក​បាន​ធ្វើ​ការងារ​ជាច្រើន​ទាក់ទង​មូលដ្ឋានដូចជា ការ​ចុះ​ទៅ​ជួប​កម្មករ​នៅ​តាម​រោងចក្រ និង​សហគ្រាស​ផ្សេងៗ​នៅភ្នំពេញ និង​នៅ​ចំការ​កៅស៊ូ​ខេត្តកំពង់ចាម។

នៅឆ្នាំ១៩៨៥ លោក​ត្រូវ​បាន​ផ្តល់​តួនាទី​ថ្មីឱ្យធ្វើការ​នៅទី​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ដំបូង​ជា​មន្ត្រី​និង​បន្ទាប់​មក​ជា​ប្រធាន​នាយកដ្ឋាន​គោល​នយោបាយ​ទូទៅ។ មុន​ពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ លោក​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​អនុរដ្ឋមន្ត្រី។

កាន់​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ២៥ ឆ្នាំ

ក្រោយ​ការ​បោះឆ្នោតឆ្នាំ ១៩៩៣ លោក​ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​។ ២៥ ឆ្នាំ ដែល​បម្រើការងារ​នៅ​ក្រសួង​មហាផ្ទៃ លោក​បាន​ចូលរួមក្នុងការ​ធ្វើ​​កំណែ​ទម្រង់​រដ្ឋបាលសាធារណៈ​ដូចជា វិមជ្ឈការ​និង​វិសហ​មជ្ឈការ ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ និង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស។

វិល​ត្រឡប់​ទៅ​ការ​សិក្សា​វិញ

នៅឆ្នាំ២០០១ លោក​បាន​វិល​ទៅ​បន្តការសិក្សាវិញ ហើយ​ទទួលបាន​សញ្ញាប័តអនុ​បណ្ឌិត​ផ្នែក​គ្រប់គ្រង​សាធារណៈ (Master in Public Management) នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី (National University of Singapore)។ កម្មវិធី​នេះ​មាន​កិច្ចសហការ ជាមួយ​សាលា​រដ្ឋាភិបាល​កនណេឌី នៃ​សាកលវិទ្យាល័យ​ហាវីដ (Harvard Kennedy School of Government)។

បន្ទាប់មក លោក​បាន​ត្រលប់​មក​ប្រើប្រាស់​ចំណេះដឹង​ថ្មីផ្នែក​កែទម្រង់​រដ្ឋបាល សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅរដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៅ​រាជធានី និង​គ្រប់​ខេត្ត​ទាំងអស់​នៃ​ប្រទេសកម្ពុជា។ នៅឆ្នាំ២០០៤ លោក បាន​ក្លាយ​ជា​សមាជិក​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​នៅ​បំពេញ​ការងារ​រដ្ឋ​ក្នុងនាម​ជា​មេធាវី​ដែល​មិន​ប្រកបវិជ្ជាជីវៈ។

ចូលរួម​ដោះ​ស្រាយ​វិបត្តិ​នយោបាយ

ស្ទើរតែ​រាល់​វិបត្តិ​កើត​ឡើង ក្រោយ​ការបោះឆ្នោត​ចាប់ពីឆ្នាំ ១៩៩៨ រហូត​ដល់​ឆ្នាំ ២០១៣ លោកត្រូវ​បាន​ចាត់តាំង​ជា​ប្រធាន​ក្រុម​ចរចា​របស់​គណបក្ស​កាន់​អំណាច​ ទទួល​ភារកិច្ច​ចូលរួម​ដោះស្រាយ​​​នយោយបាយ​ជាមួយ​គណបក្សប្រឆាំង។

​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ​

នៅឆ្នាំ២០១៨ លោក ព្រុំ សុខា ទទួល​តួនាទី​ជា​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​មុខងារ​សាធារណៈ មុន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ឲ្យ​កាន់តំណែង​ជា​​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​​​នៅ​ចុង​ខែ​មីនា ឆ្នាំ២០២០។

ចំណូលចិត្ត

ស្ទើរតែ​រៀងរាល់​ចុងសប្តាហ៍ លោក​តែងតែ​វិលត្រឡប់​ទៅ​ផ្ទះ​នៅ​ភូមិ​កំណើត ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នកស្រុក​ដែល​ជា​ផ្នែក​មួយ​នៃ​ការងារ​មូលដ្ឋាន​របស់​លោក ដែល​អាច​ឆ្លុះ​បញ្ចាំង​ថា​តើ​គោលនយោបាយ​របស់រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​មាន​ឥទ្ធិពល​យ៉ាង​ដូចម្តេច​ចំពោះ​អ្នកស្រុក​នៅមូលដ្ឋាន។

គួរ​បញ្ជាក់​ថា លោក ព្រុំ សុខា ស្ថិត​ក្នុង​ចំណោម​រដ្ឋមន្ត្រី​ថ្មី ៤ នាក់ ក្រោយពេល​ដែល​​​រដ្ឋាភិបាល​ប្រកាស​​រុះរើសមាសភាពគណៈរដ្ឋមន្ត្រីពាក់កណ្តាលអាណត្តិ។ លោក ព្រុំ សុខា ទទួល​ការ​​តែងតាំង​ជា​រដ្ឋមន្រ្តី​​ក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន។

មន្រ្តី ៣ រូប​ទៀត​ដែល​ទទួលការ​តែងតាំង​ជា​រដ្ឋមន្រ្តី​ថ្មី​ មាន​លោក កើត រិទ្ធ អតីតរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ក្លាយ​ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា, លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក និង​ លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម