ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា តែងតែវាយតម្លៃខ្ពស់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអាល្លឺម៉ង់ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជន
ភ្នំពេញ ៖ ល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងពិធីប្រារព្ធទិវាឯកភាពជាតិអាល្លឺម៉ង់ ទី៣២ ដែលបានប្រារព្ធឡើងនៅនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាល្លឺម៉ង រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានចូលរួមអបអរសាទរ លោក Stefan Anton MESSERER ចំពោះការតែងតាំងថ្មី ជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយលោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងនិងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។

តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលចាប់តាំងពីការបង្រួបបង្រួមអាល្លឺម៉ង់ឡើងវិញ អាល្លឺម៉ង់បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងការប្រែប្រួលអាកាសធាតុ និងការថែរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ លើសពីនេះ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាល្លឺម៉ង់បានបន្តរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់តម្លៃដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ស្និទ្ធស្នាលជាមួយប្រទេសអាល្លឺម៉ង់ ដែលបានរីកចម្រើនលើគ្រប់វិស័យ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក គោលដៅរួម និងផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ។

លោកបន្តទៀតថា ចាប់តាំងពីឆ្នាំ ១៩៩៤ រយៈពេល ២៨ ឆ្នាំនេះ អាល្លឺម៉ង់ បានគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាលើវិស័យបោសសម្អាតមីន ការអប់រំ វប្បធម៌ អភិបាលកិច្ចល្អ ការអភិវឌ្ឍន៍ជនបទ ថាមពល ការការពារសង្គម និងវិមជ្ឈការ ដើម្បីចូលរួមចំណែកយ៉ាងច្រើនក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ សម្រាប់វិស័យសេដ្ឋកិច្ច ប្រទេសទាំងពីរនៅតែបន្តទទួលបានទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ និងរីកចម្រើន ខណៈដែលប្រទេសអាល្លឺម៉ង់ គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជាក្នុងចំណោមប្រទេសសមាជិកសហគមន៍អឺរ៉ុប ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីលើសពី ១ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្ត្រី បានចាត់ទុកអាល្លឺម៉ង់ គឺជាដៃគូយូរអង្វែង និងជាម្ចាស់ជំនួយដ៏សំខាន់មួយ ក្នុងនោះប្រទេសអាល្លឺម៉ង់ បានរួមចំណែករាប់លានដុល្លារដល់អង្គការ Halo Trust ក្នុងការងារបោសសម្អាតមីន ជារៀងរាល់ឆ្នាំរយៈពេលជាច្រើនឆ្នាំ ហើយបានសន្យាថានឹងគាំទ្រដល់អង្គការ Halo Trust រហូតដល់ឆ្នាំ ២០២៤។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើឲ្យប្រទេសអាល្លឺម៉ង់បន្តការគាំទ្រដល់ការងារបោសសម្អាតមីន និងដោះស្រាយបញ្ហាសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ និងអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូសកម្មភាពមីនដទៃទៀតរបស់កម្ពុជារួមមាន អូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ន័រវេស ស្វីស ចិន នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ កាណាដា អៀរឡង់ ឥណ្ឌា ហុងគ្រី UNDP និង UNICEF ព្រមទាំងមូលនិធិអង្គការសង្គមស៊ីវិល និងសប្បុរសជន ឲ្យបន្តចូលរួមចែករំលែកនូវទស្សនវិស័យរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដល់ការងារសកម្មភាពមីនមនុស្សធម៌៕

-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៤ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


