Connect with us

ព័ត៌មានជាតិ

​ក្រុមហ៊ុនតូយ៉ូតា​​​លើក​សំណើរដ្ឋាភិបាល​កម្ពុជា ​បន្ថយ​ពន្ធ​នាំ​ចូល​រថយន្ត​ Hybrid​

បានផុស

នៅ

អគ្គនាយកក្រុមហ៊ុន​តូយ៉ូតា​ប្រចាំប្រទេស​កម្ពុជា បាន​លើក​សំណើដល់​​រដ្ឋាភិបាលកម្ពុជា​បន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ងាកមកប្រើប្រាស់រថយន្តប្រភេទ Hybrid ឱ្យបានច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក​​ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន លោក Ryoji Fujita អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានស្នើ​ឱ្យក្រសួងពិនិត្យលទ្ធភាពសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការបន្ធូរបន្ថយពន្ធនាំចូលរថយន្តប្រភេទ Hybrid សំដៅរួមចំណែកក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជាងាកមកប្រើប្រាស់រថយន្តប្រភេទ Hybrid ឱ្យបានច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយការបំភាយឧស្ម័ន​ពុល​​ទៅក្នុងបរិយាកាស ព្រមទាំងរួមចំណែកក្នុងជួយ​ឱ្យកម្ពុជាសម្រេច​គោលដៅ​អព្យាក្រឹត្យកាបូន (Carbon Neutrality) នៅឆ្នាំ២០៥០ ផងដែរ។

ជាការឆ្លើយតបលោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការបន្ធូរបន្ថយពន្ធនាំចូលជាពិសេសករណីរថយន្តប្រភេទ Hybrid ដែលក្រុមហ៊ុនបានលើកឡើងអាចធ្វើទៅបាន លុះត្រាតែមានការស្នើសុំពិភាក្សាជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក​រដ្ឋមន្ត្រីក៏​បានបង្ហាញ​ពីការខិតខំប្រឹងប្រែង ជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជា ដើម្បីចូលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានី-ខេត្ត ក៏ដូចជាជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់​យានយន្តអគ្គិសនីពីសំណាក់សាធារណជនទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ដើម្បីជំរុញការដំឡើង ស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនបន្ថែមទៀតទូទាំងផ្ទៃប្រទេស។

ថ្មីៗ​នេះ ក្រុមហ៊ុន តូយ៉ូតា ក៏​បានប្រកាស​បង្កើត​រោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា ដែលជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់វិស័យ​យានយន្តនៅកម្ពុជាឱ្យមានការរីកចម្រើនមួយកម្រិតទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម