ព័ត៌មានជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ស្នើដល់មេធាវីគ្រប់រូបបន្តចូលរួមផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានស្នើដល់មេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាព។

ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលើកទី២៧ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៤ កាលពីរសៀលថ្ងៃទី១៦តុលា លោក កើត រិទ្ធ បានមានប្រសាសន៍ថា «មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គមក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព»។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន
និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះក៏នឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ។

ជាមួយគ្នានេះដែរលោករដ្ឋមន្ត្រីបានណែនាំថា ក្នុងពេលប្រកបវិជ្ជាជីវៈមេធាវីគ្រប់រូបសូមគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយសសេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។ ចំណែកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមបន្តយកចិត្តទុកដាក់លើការពង្រឹង និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់មេធាវីតាមរយៈការធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សារបស់សិស្សមេធាវីក៏ដូចជាការបង្កើតកម្មវិធីបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ទាំងនៅកម្រិតថ្នាក់ជាតិ និងអន្តរជាតិសំដៅធ្វើឱ្យមេធាវីមានសមត្ថភាព ចំណេះដឹងគ្រប់គ្រាន់ និងរឹងមាំ ទាំងលើច្បាប់ជាតិទាំងលើច្បាប់អន្តរជាតិ ហើយសូមមេធាវីទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹង
និងបង្កើនសមត្ថភាពផ្ទាល់ខ្លួនទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យាតាមរយៈការចូលរួមឱ្យបានផុលផុសក្នុងកម្មវិធីបណ្តុះបណ្តាលនានាដែលរៀបចំឡើងដោយគណៈមេធាវី។
លើសពីនេះទៀតមេធាវីគ្រប់រូបសូមប្រកាន់យកនូវស្មារតីសន្តិភាពនិយមតាមរយៈការព្យាយាមដើរតួនាទីជាអ្នកផ្សះផ្សា
ឬសម្រុះសម្រួលបញ្ចប់វិវាទនៅក្រៅប្រព័ន្ធតុលាការ ជាពិសេសករណីវិវាទគ្រួសារវិវាទដីធ្លី វិវាទផ្នែករដ្ឋប្បវេណី និងវិវាទពាណិជ្ជកម្ម។ ព្រោះថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានចាត់ទុកជាការងារអាទិភាពដ៏សំខាន់មួយក្នុងការងារកែទម្រង់វិស័យយុត្តិធម៌ហើយសម្រាប់វិវាទដែលអាចសម្រុះសម្រួលគ្នាបាន ដើម្បីធានានូវស្ថានភាពឈ្នះ-
ឈ្នះទាំងអស់គ្នាដែលជាការរួមចំណែកជួយលើកកម្ពស់ភាពសុខដុមរមនាក្នុងសហគមន៍ និងសន្តិភាពរបស់ប្រទេស។

លោករដ្ឋមន្ត្រីមានសេចក្តីសង្ឃឹម និងជំនឿជាក់ថា គណៈមេធាវីក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា ក្នុងអាណត្តិថ្មីនេះនឹងបន្តខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតដើម្បីជាឧត្តមប្រយោជន៍សម្រាប់វិជ្ជាជីវៈមេធាវី និងមេធាវីជាពិសេសការរួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវីដែលជាចក្ខុវិស័យ និងជាគោលការណ៍ការងាររបស់ឯកឧត្តម លី ច័ន្ទតុលា ហើយភាពរឹងមំា សេចក្តីថ្លៃថ្នូរ និងសមត្ថភាពវិជ្ជាជីវៈមេធាវីក៏ជាកត្តារួមចំណែកដ៏សំខាន់ក្នុងកិច្ចដំណើរការនៃការលើកកម្ពស់ដល់វិស័យយុតិ្តធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


