ព័ត៌មានជាតិ
ក្រសួងការងារនឹងរៀបចំ “ពិព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២២” នៅចុងខែនេះ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំ”ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅថ្ងៃទី២៨-២៩ ខែតុលាឆ្នាំ២០២២ នេះ ដែលនឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗបន្ថែមជាង ២ម៉ឺនកន្លែង។

ថ្លែងក្នុងសនិ្នសីទសារព័ត៌មានអំពី “ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២២” នៅព្រឹកថ្ងៃទី១៨ តុលា នៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន លោក ហៃ ហ៊ុនឡេង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ
ដែលរៀបចំនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២២នេះ គឺជាព្រឹត្តិការណ៍ការងារដ៏ធំប្រចាំឆ្នាំ នឹងប្រមូលផ្តុំនិយោជកធំៗគ្រប់វិស័យប្រមាណ១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង ដើម្បីប្រកាសជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។
លោកបានបន្តថា ក្នុងនោះវិស័យនាំមុខគេរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច,ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ, សេវាកម្ម ព្រមទាំងវិស័យឧស្សាហកម្ម
និងកម្មន្តសាល។ លោកបានបន្តទៀតថា ក្នុងព្រឹត្តិការណ៍នេះរំពឹងថា មានអ្នកស្វែងរកការងារដែលមានសក្ដានុពលចូលរួមដាក់ពាក្យរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងពិព័រណ៍តែម្តងចំនួនប្រមាណ ៣ម៉ឺននាក់ផងដែរ។ បន្ថែមលើនេះ ក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ នឹងមានរៀបចំសិក្ខាសាលាលើកកម្ពស់ផលិតភាពក្រោមប្រធានបទស្តីពី
«ការលើកកម្ពស់កម្លាំងពលកម្មជំនាញ ឌីជីថលនីយកម្ម និងផលិតភាព» ផងដែរ។
លោកបានបន្ថែមថា ពិព័រណ៍ការងារថ្នាក់ជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ធំ និងមានលក្ខណៈប្រមូលផ្តុំដែលត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តងបន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃ សំដៅពង្រីកការផ្សព្វផ្សាយបង្កើនការយល់ដឹង
និងការត្រៀមខ្លួនចូលទីផ្សារការងារឱ្យកាន់តែទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ។ ជាពិសេសព្រឹត្តិការណ៍ ឆ្នាំ២០២២
នេះត្រូវបានរៀបចំឡើងដោយជុំគ្នាផ្ទាល់ជាថ្មីឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ-១៩បានធូរស្រាល។
លោកមានក្តីរំពឹងមុតមាំថា ពិព័រណ៍ការងារនិងផលិតភាពជាតិនេះអាចចូលរួមចំណែកដោះស្រាយភាពគ្មានការងារធ្វើ និងការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការតាមរយៈវិធានការប្រមូលផ្តុំ និងផ្សព្វផ្សាយព័ត៌មានជ្រើសរើសកម្លាំងពលកម្មជាសាធារណៈយ៉ាងទូលំទូលាយសំដៅបំពេញកង្វះខាតនៃការបញ្ជ្រាបឱកាសការងារល្អៗ និងព័ត៌មានទីផ្សារការងារ
ដល់កម្លាំងពលកម្មដែលមានជំនាញ សមត្ថភាព និងបទពិសោធន៍ដែលនិយោជកត្រូវការជ្រើសរើស ។ រៀបចំឲ្យអ្នកស្វែងរកការងារជួបផ្ទាល់ជាមួយនិយោជកដើម្បីផ្តល់ឱកាសដល់យុវជនបានដាក់ពាក្យ, បង្កើនជម្រើសការងារដែលចង់បំពេញ,ស្វែងយល់ពីអនាគតនិយោជក, ព្រមទាំងត្រៀមខ្លួនចូលការងារបានកាន់តែល្អប្រសើរ និងប្រកួតប្រជែងទាន់ពេលវេលា ដោយអាចដាក់ពាក្យភ្លាម សម្ភាសការងារភ្លាមៗ ។

ជាមួយគ្នានេះ ផ្ដល់ការប្រឹក្សាយោបល់អាជីពការងារ និងជំនាញដែលទីផ្សារកំពុងត្រូវការ ដោយជួបផ្ទាល់រវាងនិយោជក គ្រឹះស្ថានសិក្សា និងកម្លាំងពលកម្មគ្រប់ប្រភេទ នៅនឹងកន្លែងពិព័រណ៍តែម្ដង។ បង្កើនការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹង
និងបណ្តុះផ្នត់គំនិតអំពីការបង្កើនផលិតភាព ដល់និយោជក និងកម្មករនិយោជិតតាមរយៈសិក្ខាសាលាស្តីពី «ការលើកកម្ពស់កម្លាំងពលកម្មជំនាញ, ឌីជីថលនីយកម្ម និងផលិតភាព» ដែលចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ក្នុងការគ្រប់គ្រងការងារ និងខ្សែច្រវ៉ាក់ផលិតកម្ម ដោយវាគ្មិនជាតិ និងអន្តរជាតិល្បីៗនិងបង្កើនទំនាក់ទំនង និងភាពជាដៃគូក្នុងចំណោមនិយោជក និងស្ថាប័នពាក់ព័ន្ធសំដៅលើកកម្ពស់ដំណើរការទីផ្សារការងារ និងសកម្មភាពធុរកិច្ចឱ្យមានតុល្យភាព និងនិរន្តរភាពកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


