Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រី្តក្រសួងវប្បធម៌ស្នើសាលាបារាំងចុងបូព៌ាប្រទេស ជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី

បានផុស

នៅ

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឱ្យសាលាបារាំងចុងបូព៌ាប្រទេសជួយលើការងារស្រាវជ្រាវបេតិកភណ្ឌរូបី និងអរូបី ក៏ដូចជាការរៀបចំពង្រីកសារមនី្ទរជាតិ ។

ការស្នើសុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤តុលា នៅក្នុងជំបួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) នាយកសាលាបារាំង​ចុងបូព៌ាប្រទេស ទើបទទួលភារកិច្ចថ្មីនៅទីស្តីការក្រសួង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីរដ្ឋមន្រី្តបានមានប្រសាសន៍ថា « វាជាការងារបន្ថែមដែលក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈកំពុងធ្វើការអំពាវ​នាវរកជំនួយផ្នែកបច្ចេកទេសពីសាលាបារាំងចុងបូព៌ា ប្រទេសក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ជួសជុល និងថែទាំប្រាសាទក្នុងតំបន់អង្គរ និង​កិច្ចការផ្នែកវប្បធម៌ផ្សេងៗទៀត ក្រៅពីការងារបេតិកភណ្ឌរូបី និងការងារស្រាវជ្រាវផ្នែក​បេតិកភណ្ឌអរូបី ដូចជា នរវិទ្យា ជំនឿទំនៀបទម្លាប់ របាំ ជាពិសេសការងាររៀបចំពង្រីកសារមនី្ទរ។ ថាតើសាលាបារាំងចុងបូព៌ា ប្រទេសអាចផ្តល់ជាអ្នកជំនាញបច្ចេកទេសក្នុងការរៀបចំសារមនី្ទរ​ឲ្យ​ក្លាយជាលក្ខណៈស្តង់ដារមួយ? »។

ជាការឆ្លើយតបលោកសាស្រ្តាចារ្យ Nicolas Fiévé (នីកូឡាស់ ផែវេ) បានបង្ហាញពីផែនការ ការងារ​ទៅថ្ងៃ​អនាគត រួមទាំងផែនការការងារជួសជុលប្រាសាទ ​និងការស្រាវជ្រាវទាក់ទង នឹងប្រវតិ្ត​សាស្រ្តបុរាណវិទ្យា​ និងតំបន់ផ្សេងៗ ក៏ដូចជាតំបន់អង្គររួមទាំង​ការងារដែលសាលាបារាំង​ចុង​បូព៌ាប្រទេសបានធ្វើការជាមួយក្រសួងវប្បធម៌នា​ពេលកន្លងមក និងកំពុងធ្វើទាក់ទង​នឹង​សារមនី្ទរជាតិ។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យក៏មានបំណងបន្តធ្វើកិច្ចសហប្រតិបតិ្តការនាពេលអនាគតលើការ​បណ្តុះ​បណ្តាល​ធនធាន​​មនុស្សជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ​ក្នុងក្របខណ្ឌរួមដែលធ្លាប់បានធ្វើការបណ្តុះបណ្តាលរួចមកហើយ ​អំពីកម្រិតអនុបណ្ឌិតនៅមហាវិទ្យាល័យ​បុរាណវិទ្យា។

លោកសាស្ត្រាចារ្យបានបន្តថានេះជាផែនការដែលទើបមកទទួលអណតិ្តថ្មីរបស់លោកសាស្រ្ត និងជាដំណើរលើក​ដំបូង​មកកាន់កម្ពុជា ដើម្បីស្វែងរកកិច្ចសហប្រតិបតិ្តការរវាងក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម