ព័ត៌មានជាតិ
ប្រជាពលរដ្ឋ ៥ ខណ្ឌ នឹងទទួលពិន័យ បើទុកដាក់ និងបញ្ចេញសំរាមមិនត្រឹមត្រូវ និងតាមម៉ោង
លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ បើទុកដាក់សំរាមមិនបានល្អ និងបញ្ចេញសំរាមមិនត្រូវតាមម៉ោងពេលនឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ច។ លោកអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីភ្នំពេញ ជាទីរាជធានីស្អាត បរិស្ថានល្អ ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាតជោគជ័យទេសចរណ៍”។

ការបញ្ជាក់បែបនេះ ធ្វើឡើង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ខណៈលោក ហួត ហៃ អញ្ជើញជាអធិបតីតំណាងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីអបអរសាទរ “ទិវាទេសចរណ៍ពិភពលោក” ឆ្នាំ២០២២ ប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” (RETHINKING TOURISM) អមជាមួយ “ទិវាពិភពលោកស្អាត (World Clean up 2022)” ដែលបានរៀបចំឡើងដោយអង្គការសំអាតទន្លេ សមុទ្រ នៅមុខវត្តឧណ្ណាឡោម ខណ្ឌដូនពេញ។

លោក ហួត ហៃ បានលើកឡើងថា ពលរដ្ឋរស់នៅក្នុងខណ្ឌចំនួន៥ កណ្ដាលរាជធានី ត្រូវទុកដាក់សំរាមឱ្យបានល្អ និងបញ្ចេញសំរាមមកក្រៅផ្ទះចាប់ពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ៩យប់ បើមិនត្រូវតាមម៉ោងពេលនេះទេ នឹងទទួលការផាកពិន័យ ពីអាជ្ញាធរមានសមត្ថកិច្ចមិនខាន។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់សហការជាមួយអាជ្ញាធរ ក្នុងការទុកដាក់សំរាម បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ រាជធានីរបស់យើងមិនអាចស្អាត។

លោក ហួត ហៃ បានបន្តទៀតថា៖ “រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួមទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន លុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ពង្រឹងការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញ-ចូលតែមួយ។ល។”

លោក មានប្រសាសន៍បន្តថា៖ “ទាំងនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីឆន្ទៈ និងជំហរដ៏មោះមុតរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុក ដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សុខុមាលភាពទីក្រុង និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើន ស្នាក់នៅរយៈពេលវែង ប្រកបដោយភាពរីករាយ និងសុខដុមរមនា ស្របតាមពាក្យស្លោក “ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍”។ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២២នេះ គឺប្រារព្ធឡើង ក្រោមប្រធានបទ ការគិតគូរឡើងវិញពីទេសចរណ៍ (RETHINKING TOURISM) គឺបង្ហាញពីនិន្នាការពិភពលោកក្នុងការរួមគ្នា ក្នុងការស្ដារវិស័យទេសចរណ៍ឡើងវិញក្រោយពីវិស័យទេសចរណ៍នៅលើពិភពលោកទាំងមូល បានរងវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារ ជំងឺកូវីដ-១៩ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។ វិបត្តិទាំងអស់នេះ គឺបានធ្វើឱ្យវិស័យទេសចរណ៍កម្រិតជាតិ និងតំបន់ ធ្លាក់ចុះយ៉ាងខ្លាំង។ តាមរយៈបញ្ហាដែលកើតមាននេះអង្គការទេសចរណ៍ ពិភពលោក បានដកស្រង់បទពិសោធន៍ ដើម្បីទុកជាមេរៀនសម្រាប់បង្ការដល់បញ្ហាប្រឈមនានាដែលអាចកើតមាននាពេលអនាគត និងរៀបចំជាផែនការស្ដារវិស័យទេសចរណ៍ឡើងវិញផងដែរ”។

លោកបានលើកឡើងថា ការបើកទទួលភ្ញៀវទេសចរក្រោយវិបត្តិកូវីដ-១៩ នេះ គឺដោយមាន ការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយ គតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ ជំងឺកូវីដ-១៩ ជាមួយនឹងការអនុវត្តដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ-១៩ ជាអតិបរមា។ ជាក់ស្ដែងរាជធានីភ្នំពេញ ក្នុងរយៈពេល ៩ខែដើមឆ្នាំ២០២២នេះ គឺទទួលបានកំណើនទេសចរអន្តរជាតិចំនួនជាង ៥០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ នេះគឺបានសបញ្ជាក់យ៉ាងច្បាស់អំពីលទ្ធផលនៃការដាក់ចេញវិធានការអន្តរាគមន៍ និងវិធានការនានាជាបន្តបន្ទាប់ដែល រាជរដ្ឋាភិបាលបានដាក់ចេញដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ។

បន្ថែមពីលើការ ជោគជ័យក្នុងការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩ នេះ រដ្ឋបាលរាជធា នីភ្នំពេញ បច្ចុប្បន្នបានបន្តយកចិត្តទុកដាក់ និងធ្វើកំណែទម្រង់លើការគ្រប់គ្រងសំណល់រឹងក្នុងរាជធានី ភ្នំពេញឱ្យបានកាន់តែប្រសើរជាងមុន ដោយបាន ជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ដើម្បីផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម នៅរាជធានីភ្នំពេញ ដែលបច្ចុប្បន្ន ក្រុមហ៊ុនទាំង ៣នេះ បានអនុវត្តតួនាទីភារកិច្ចបានយ៉ាងល្អ ធ្វើឱ្យរាជធានីភ្នំពេញស្រស់ស្អាតជាងមុន សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ទាំងអស់៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


