ប្រជាពលរដ្ឋប្រមាណ១០គ្រួសារបានកាន់បង្កាន់ដៃប្លង់ដីដែលវាស់វែងរួចប្រហែល៣០ក្បាលដីមកមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ដើម្បីសុំយកប្លង់ដែលវាស់វែងហើយជិត៥ឆ្នាំកន្លងមកដែលនៅមិនទាន់ទទួលបាន។
ប្រជាពលរដ្ឋរស់នៅចំណុចអូរពងមាន់ក្នុងភូមិ រាជានុកូល សង្កាត់ស្ទឹងត្រែងក្រុង ខេត្តស្ទឹងត្រែងប្រមាណជាង១០គ្រួសារបាននិយាយថាប្រជាពលរដ្ឋក្នុងភូមិនេះបានទទួលប្លង់ដីស្ទើរទាំងអស់ទៅហើយដោយឡែកនូវពួកគាត់មិនទាន់ទទួលបាននៅឡើយពួកគាត់សំដែងការមិនពេញចិត្តចំពោះមន្ត្រីសូរិយោដីខេត្តដោយសារវាស់វែងដីធ្លី ជាប្រព័ន្ធតាំងពីអំឡុងឆ្នាំ ២០១៩ មកម្លេះ តែមន្ត្រីសុរិយោដីមិនទាន់ប្រគល់ប្លង់ឱ្យ។
ប្រជាពលរដ្ឋបាននិយាយថា កាលពីថ្ងៃទី ១ វិច្ឆិកាពួកគាត់បានមកដល់មន្ទីរសុរិយោដីខេត្តស្ទឹងត្រែងនេះ ដោយសារពួកគាត់ចង់បានប្លង់កម្មសិទ្ធយកទៅប្រើប្រាស់ដូចជាដាក់តម្កល់យកប្រាក់ពីធានាគារ ដើម្បីពង្រីកមុខរបរចិញ្ចឹមជីវិតឱ្យបានទាន់រដូវកាលដាំដុះ និងចង់ដឹងពីភាពជាក់លាក់ក្នុងការប្រើប្រាស់ដីធ្លីផងដែរព្រោះការវាស់វែងដីទាំងនេះជាង៤ឆ្នាំមកហើយ មន្ទីរសុរិយោដីមិនព្រមចេញនិងផ្តល់ប្លង់ឱ្យសោះ។
ពួកគាត់លើកឡើងថា ការបង្កកមិនឱ្យប្លង់ដីនេះបានធ្វើឱ្យពួកគាត់អស់ទំនុកចិត្ត និងបាត់បង់ជំនឿទៅលើមន្ត្រីរមន្ទីរសុរិយោដីខេត្ត ព្រោះពេលមកជួបម្តងៗបានត្រឹមទទួលពាក្យថា «មេមិននៅចាំមេមកវិញ តែប៉ុណ្ណោះ»។
នៅពេលប្រជាពលរដ្ឋសួរដេញដោលច្រើន មន្ត្រីសុរិយោដីឆ្លើយថា ឯកសារមិនគ្រប់ទៅវិញ។ តែក្នុងនាមជាពលរដ្ឋល្ងិតល្ងង់ សង្ឃឹមនិងជឿជាក់លើមន្ត្រីស្ថាប័ន ដែលបម្រើសេវ៉ាសាធារណ។
ពួកគាត់បន្ថែមថា រឿងធ្វើប្លង់ដីនេះគាត់បានចំណាយប្រាក់គ្រប់ចំនួន ទៅលើក្បាលដីនិមួយៗ តែភាពជាក់លាក់មិនទាន់ទទួលបានមកវីញទេ លុយក៏បានបង់រួចអស់ហើយដែរ។
ដោយឡែកប្រជាពលរដ្ឋដែលគាត់វាស់វែងអំឡុងពេលជាមួយគ្នា តែគាត់យកប្លង់បានគឺដោយសារគាត់បានចាយលុយ ពីរដង ព្រោះថាពេលចុះវាស់ប្លង់គេតម្រូវឲ្យបង់ប្រាក់ម្តងរួចមកហើយ ហើយពេលមកយកប្លង់ត្រូវបង់ម្តងទៀត។
ទាក់ទងនឹងករណីខាងលើនេះអ្នកយកព័ត៌មានយើងបានទូរសព្ទទៅលោក មិញ ស៊ីចាយ ប្រធានមន្ទីរសុរយោដីខេត្តចូលជាច្រើនដងតែពុំមានអ្នកទទួល។
សូមបញ្ជាក់ថា៖ ក្នុងបង្កាន់ដៃដីនិមួយៗតែងតែមានឈ្មោះលេខ ក្បាលដី និងឈ្មោះមន្ត្រីដែលចុះវាស់វែង ភាគច្រើនមានឈ្មោះ ណា ដេឡា និងធុយ ពុទ្ធារ៉ា គ្រប់កន្ទុយបណ្ណ។ តែចង់ទំនាក់ទំនងទៅពួកគាត់ក៍មិនបានដែរហើយសួទៅមន្ត្រីនៅមន្ទីរក៏ពុំមានអ្នកណាដឹងដែរ បើធ្វើបែបនេះឱ្យពួកគាត់មិនដឹងទៅណា។
ចុងក្រោយប្រជាពលរដ្ឋយើងបានត្រឹមតែត្រឡប់ទៅផ្ទះវិញទាំងដៃទទេ និងមិនអស់ចិត្តព្រោះទទួលបានត្រឹមតែពាក្យសន្យារបស់កូនមន្ត្រីម្នាក់ថាមេមិននៅចាំបុណ្យអុំទូកហើយសិន៕
អត្ថបទ៖ ងិនលីម