ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ ២០២២
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ ២០២២ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះការបិទបញ្ចប់វគ្គ និងសូមសម្តែងនូវការកោតសរសើរ ចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈនៃ “វគ្គហ្វឹកហ្វឺនពិសេសបំប៉នជំនាញការពារព្រំដែនគោកឆ្នាំ ២០២២” ដែលពិតជាបានឆ្លើយតបតាមសេចក្តីត្រូវការ ក្នុងពង្រឹង និងពង្រីកសមត្ថភាពជំនាញជូនដល់យោធិន ស្របតាមផែនការហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ និងផែនការហ្វឹកហ្វឺនប្រចាំឆ្នាំរបស់កងទ័ពជើងគោក។

មួយវិញទៀត សមិទ្ធផលក្នុងថ្ងៃនេះ ក៏បានបំពេញតម្រូវការលើការខ្វះខាតធនធានមនុស្សរបស់បណ្តាយោធភូមិភាគ និងស្ថាប័នជំនាញ ខណៈដែលការបំប៉នលើជំនាញទាំងនេះ ត្រូវបានអាក់ខានអស់រយៈពេល ២ឆ្នាំកន្លងមកហើយ ដោយសារបញ្ហាជំងឺកូវីដ-១៩។ ផ្អែកលើលទ្ធផលជាក់ស្តែងក្នុងថ្ងៃនេះ ឯកឧត្ដមអគ្គមេបញ្ជាការរង បានថ្លែងអំណរគុណចំពោះការិយាល័យការពារព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក, គណៈគ្រប់គ្រងវគ្គ និងយោធាចារ្យ ព្រមទាំងសាលាពលទី ៣ យោធភូមិភាគីទី ៣ ដែលបានសហការ និងសម្របសម្រួលរៀបចំដំណើរការវគ្គហ្វឹកហ្វឺននេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ក៏បានចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ រហូតទទួលបានជោគជ័យបញ្ចប់វគ្គក្នុងពេលនេះ។ ជោគជ័យនេះ គឺកើតចេញពីឆន្ទៈចង់សិក្សារៀនសូត្រ និងការតស៊ូជម្នះការលំបាកគ្រប់បែបយ៉ាង ដោយនេះហើយ គឺជាមោទនភាពសម្រាប់សិក្ខាកាមបញ្ចប់វគ្គគ្រប់ៗរូប ដែលនឹងប្រើប្រាស់ជំនាញ ចំណេះដឹង និងបទពិសោធន៍ទទួលបានពីវគ្គហ្វឹកហ្វឺននេះ សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ច នៅតាមបណ្តាកងឯកភាពឲ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការងារហ្វឹកហ្វឺន គឺជាជ្រុងអាទិភាពមួយនៃការកែទម្រង់កងយោធពលខេមរភូមិន្ទ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់ចេញនូវផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈកងទ័ព ដើម្បីធានាការពារប្រកបដោយប្រសិទ្ធភាពនូវឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ។

កងយោធពលខេមរភូមិន្ទជាបណ្តើរៗ បានធ្វើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបណ្តុះបណ្តាលយោធិនអាជីព និងការបង្កើនគុណភាពហ្វឹកហ្វឺនបំប៉នជំនាញឯកទេស ស្របទៅតាមស្ថានភាព និងតម្រូវការនៃសំណូមពរភារកិច្ច ចំពោះមុខរបស់អង្គភាពនីមួយៗ ក៏ដូចជាទិសដៅទស្សនវិស័យនៃដំណើរការកែទម្រង់ទាំងមូល។

ជាចុងក្រោយ ឯកឧត្ដម បានបង្ហាញការគាំទ្រឲ្យកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីនៅតាមបណ្តោយព្រំដែន បន្តសហការគ្នាឲ្យបានកាន់តែល្អប្រសើរ ក្នុងការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ និងសូមផ្ដាំផ្ញើដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងតាមបណ្តោយព្រំដែន ត្រូវយកចិត្តទុកដាក់លើការការពារសុខភាព ខណៈដែលតំបន់មួយចំនួន មានធាតុឤកាសត្រជាក់នៅក្នុងរដូវកាលខែកត្តិកនេះ៕




-
ចរាចរណ៍៤ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៥ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
ព័ត៌មានជាតិ១២ ម៉ោង ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
កីឡា៥ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក