ព័ត៌មានជាតិ
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ៖ អ្នកបើកបរយានយន្ដ ពេលរកឃើញសារធាតុញៀន នឹងត្រូវដកប័ណ្ណបើកបរ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានឲ្យដឹងថា នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី នឹងមានការចែងថា អ្នកបើកបរយានយន្ដទាំងអស់ មិនត្រូវស្ថិតក្នុងស្ថានភាពប្រើប្រាស់គ្រឿងញៀននោះឡើយ ហើយពេលរកឃើញអ្នកបើកបរណាម្នាក់មានសារធាតុញៀន នឹងត្រូវដកប័ណ្ណបើកបរ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក ថ្មី កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២នេះថា មូលហេតុ ដែលរាជរដ្ឋាភិបាលមិនធ្វើវិសោធនកម្មលើច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន ពីព្រោះត្រូវវិសោធនកម្មច្រើនមាត្រាពេក រហូតដល់ជាង ៦០ភាគរយ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាល សម្រេចរៀបចំសេចក្ដីព្រាងច្បាប់ថ្មី តែម្ដង។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក (ថ្មី) នេះ នឹងត្រូវចែងថា អ្នកបើកបរយានយន្ដទាំងអស់ មិនត្រូវស្ថិតក្រោមស្ថានភាពស្រវឹង មិនត្រូវស្ថិតក្នុងស្ថានភាពប្រើប្រាស់គ្រឿង ញៀននោះឡើយ។ លើសពីនេះទៀត អ្នកបើកបរយានយន្ដ នឹងត្រូវតម្រូវឲ្យធ្វើតេស្ដរកសារធាតុញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្ដនេះ នឹងត្រូវកំណត់ក្នុងប្រកាសអន្តរក្រសួង។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងយ៉ាងដូច្នេះថា «លក្ខខណ្ឌ នៃការធ្វើតេស្ដគ្រឿងញៀន សម្រាប់អ្នកបើកបរ យានយន្ដជាកាតព្វកិច្ច ចង់និយាយថា ជាកាតព្វកិច្ចនោះ នឹងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ហើយនឹងមានការជជែកពិភាក្សាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន»។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នៅដែលពេលច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មី ចូលជាធរមាន និងចេញប្រកាសអន្តរក្រសួងរួចហើយនោះ មិនមែនតម្រូវឲ្យអ្នកបើកបរយានយន្ដគ្រប់រូប ត្រូវតែទៅធ្វើតេស្ដរកសារធាតុញៀនទាំងអស់គ្នានោះទេ ដោយអាចចាប់ផ្ដើមធ្វើទៅលើមជ្ឈដ្ឋានណាមួយ ដែលចាំបាច់ជាងគេមុន។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឧទាហរណ៍ថា ដំបូងយើងចាប់ផ្ដើមពីគេហៅថា នែ៎មជ្ឈដ្ឋាន ណាដែលតម្រូវចាំបាច់ ឧទាហរណ៍ថា អ្នកបើកបរយានយន្ដធ្ងន់ យានយន្ដដែលដឹកជញ្ជូនធ្ងន់ ឬអ្នកបើកបរយានយន្ដដែលដឹកភ្ញៀវច្រើន ទេសចរណ៍អីជាដើម-ល- ដែលមានហានិភ័យខ្ពស់ យើងត្រូវនែ៎តម្រូវឲ្យគាត់ធ្វើតេស្ដមុន ឯសម្រាប់ទូទៅអាហ្នឹងជាជំហានបន្តបន្ទាប់ ដែលយើងគិតតាមស្ថានភាពជាក់ស្ដែង»។
សម្ដេចឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា នៅពេលអាជ្ញាធរមានសមត្ថកិច្ច រកឃើញអ្នកបើកបរណាម្នាក់មានសារធាតុញៀន គឺអ្នកបើកបររូបនោះនឹងត្រូវដកប័ណ្ណបើកបរ។ ប៉ុន្តែនៅពេលធ្វើតេស្ដលើកក្រោយៗទៀត លែងមានសារធាតុ ញៀននឹងអនុញ្ញាតឲ្យបើកបរឡើងវិញ។
នៅក្នុងកិច្ចប្រជុំកាលពីព្រឹកមិញនេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសម្ដេចសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តី នាពេលឆាប់ៗ។ សម្ដេច ក៏សង្ឃឹមថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ស្ថាប័នសភា នៅត្រីមាសទី ១ ឆ្នាំ ២០២៣ផងដែរ៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


